កីឡាជាតិ
ជាតិ
សង់កីឡដ្ឋានខេត្តកំពង់ស្ពឺ៖ លោកជា សុផារ៉ា សរសើរលោកហ៊ុន ម៉ានី ធ្វើលឿន អស់លុយតិច
06, Sep 2022 , 9:59 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់​ សរសើរលោកហ៊ុន ម៉ានី ដែលបានដឹកនាំសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺបានលឿនត្រឹមរយៈពេលតែជាង១ឆ្នាំ។ ឧបនាយករដ្ឋមន្ត្រីរូបនេះ លើកឡើងថាមានលុយតិច ត្រូវធ្វើឱ្យលឿន បើធ្វើយឺតនឹងអស់លុយច្រើន។



ក្រោយប្រើពេលសាងសង់អស់រយៈពេល១ឆ្នាំ ៦ខែ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​ ចាប់ពីថ្ងៃទី​៦ ខែ​កញ្ញា តទៅ​។ កីឡដ្ឋានថ្មីសន្លាង ដែលជាកីឡដ្ឋានផ្លូវការរបស់ក្លិបកីឡាបាល់ទាត់ណាហ្គាវើលដ៍មួយនេះ ស្ថិតក្នុងភូមិ​តាម៉ុល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។


 
កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ត្រូវបានសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្របណ្ឌលខេត្តកំពង់ស្ពឺស្រាប់ និងជាអ្នកកៀរគរប្រាក់ដើម្បីសាងសង់កីឡដ្ឋាននេះដោយផ្ទាល់។ 
 
សាងសង់កីឡដ្ឋាននេះឡើង ដោយសារប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ ចង់លើកមុខមាត់ខេត្តកំពង់ស្ពឺផង និងចូលរួមចំណែកក្នុងការអភិឌ្ឍវិស័យកីឡានៅកម្ពុជាដើម្បីឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម (Sea Games) ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផង។
 
នៅក្នុងពិធីសម្ពោធកីឡដ្ឋានខេត្តកំពង់ស្ពឺដែលប្រើទុនសាងសង់ ៣,៥លានដុល្លារ លើផ្ទៃដីជាង៤ហិកតា ​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី នគរូបនីយកម្ម និង​សំណង់ បានកោតសរសើរលោក ម៉ានី ចំពោះការដឹកនាំប្រកបដោយគុណភាពទាំងពេលវេលា និងការចំណាយ។


 
«រយៈពេលនៃការសាងសង់ ១ឆ្នាំ ៦ខែ ខ្ញុំសូមកោតសរសើរ»។ លោក ជា សុផារ៉ា និយាយទៅកាន់លោក ហ៊ុន ម៉ានីដូច្នេះ មុនបន្ថែមថា បើយើងមានលុយតិចត្រូវធ្វើឱ្យរហ័ស តែបើលុយតិចហើយធ្វើយូរនឹងធ្វើឱ្យការចំណាយកើនឡើយ។
 
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អះអាងថា គំនិតផ្តួចផ្តើមរបស់លោកម៉ានី ទាល់តែមានការស្រឡាញ់ និងជំនឿជឿជាក់ពិតប្រាកដ ទើបសប្បុរសជនដែលចូលរួមថវិការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺនេះដើរតាម និងគាំទ្រ។ បើអត់ជំនឿជឿជាក់លើអ្នកកៀរគរ ថវិការសាងសង់នេះមិនអាចចេះតែបាន និងចេះតែផ្តល់ជូនងាយៗឡើយ៕


 

Tag:
 កីឡដ្ឋានខេត្តកំពង់ស្ពឺ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com