ទីកន្លែងកីឡា និងព្រឹត្តិការណ៍កីឡា មិនត្រូវប្រើប្រាស់ជាមធ្យោបាយនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនោះឡើយ។ អ្នកជំនាញផ្នែកអប់រំ កីឡា វប្បធម៌ និងអ្នកវិភាគសេដ្ឋកិច្ច សុទ្ធតែបានមើលឃើញដូចគ្នាពីឥទ្ធិពលអវិជ្ជមាននៃការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងវិស័យកីឡា ដែលបង្កគ្រោះថ្នាក់ដល់កុមារ យុវជន គ្រួសារ និងសង្គមជាតិទាំងមូល។
គ្រឿងស្រវឹងដូចជា ស្រាបៀរ ស្រាថ្នាំ ស្រាក្រហមនាំចូលពីបរទេស និងស្រាដែលផ្សំពីសារធាតុអាល់កុលមួយចំនួន។ ផលិតផលទាំងនោះ ត្រូវបានយកបង្ហាញដល់អតិថិជនតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម និងការជំរុញផ្នែកលក់តាមរយៈការបញ្ចុះតម្លៃ រួមទាំងការប្តូររង្វាន់ផ្សេងៗ។

លោក បណ្ឌិត គី សិរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា
ទីកន្លែងកីឡា និងព្រឹត្តិការណ៍កីឡា ត្រូវបានចាត់ទុកថា ជាកន្លែងប្រមូលផ្តុំដ៏ធំ និងជាឱកាសរបស់អ្នកផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងការទាក់ទាញអតិថិជន។ គ្រឿងស្រវឹងទាំងអស់សុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកផឹក អ្នកខ្លះបាត់បង់សតិ ហើយឈានដល់ការប្រើអំពើហិង្សា បង្កគ្រោះថ្នាក់ចរាចរណ៍ និងវិនាសកម្មផ្សេងៗ។
ពិតណាស់ ការរៀបចំព្រឹត្តិការណ៍កីឡា ត្រូវមានខ្ទង់ចំណាយច្រើន ក៏មិនងាយស្រួលនោះដែរក្នុងការទាក់ទាញដៃគូឧបត្ថម្ភ។ ទាក់ទងនឹងបញ្ហានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមួយចំនួន ទទួលដៃគូពាណិជ្ជកម្មដែលជាក្រុមហ៊ុនស្រាបៀរ ប៉ុន្តែមានការផ្សព្វផ្សាយប៉ុណ្ណោះ ដោយមិនមានវត្តមានដប ឬកំប៉ុងគ្រឿងស្រវឹងទាំងនោះនៅក្នុងព្រឹត្តិការណ៍នោះឡើយ។
លោកបានបញ្ជាក់ថា ក្នុងការផ្សាយនេះ គឺអ្នកកីឡាមិនត្រូវកាន់ស្រាបៀរថត ឬ ផឹកឡើយ ពោលគឺ ផ្សាយតែឈ្មោះស្រាបៀរប៉ុណ្ណោះ ហើយអ្នកកីឡាគ្រប់រូបតែងតែទទួលបាននូវការអប់រំណែនាំទាក់ទងនឹងគ្រោះថ្នាក់នៃគ្រឿងស្រវឹងផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
សម្រាប់សាស្រ្តាចារ្យផ្នែកធុរកិច្ច អ្នកស្រី លឹម វីរិយ៉ា វិញ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានឥទ្ធិពលបញ្ជ្រាបចូលក្នុងផ្នត់គំនិតរបស់មនុស្ស ដោយជំរុញឱ្យមានការចាប់ផ្តើមចង់សាកល្បង រួចហើយផ្សព្វផ្សាយបន្ត។
អ្នកស្រី វីរិយ៉ា ចាត់ទុកគ្រឿងស្រវឹងស្ថិតក្នុងជំពូកគ្រឿងញៀនដែលបំផ្លាញជីវិតមនុស្សផងដែរ ដោយអ្នកស្រីស្នើសុំរដ្ឋាភិបាលគិតគូពិគ្រោះពីបញ្ហា ដើម្បីឈានទៅបង្កើតច្បាប់ណាមួយលើការគ្រប់គ្រងទីផ្សារផលិតផលដែលបំផ្លាញសុខុមាលភាពអ្នកប្រើប្រាស់។
«រដ្ឋាភិបាលមិនត្រូវជំរុញឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងនោះឡើយ»។ នេះជាការទាមទាររបស់អ្នកវិភាគសេដ្ឋកិច្ច បណ្ឌិត គី សិរីវឌ្ឍ។ លោកបានលើកឡើងថា ការផ្សព្វផ្សាយគ្រឿងស្រវឹងពិតជាហុចចំណូលដល់ក្រុមហ៊ុន ប៉ុន្តែផ្តល់ផលប៉ះពាល់ក្នុងសង្គម ជាពិសេសសតិបញ្ញាស្មារតីរបស់យុវជន រួមទាំងប្រសិទ្ធភាពការងាររបស់ពួកគេ។

អ្នកស្រី លឹម វិរីយ៉ា សាស្រ្តាចារ្យផ្នែកធុរកិច្ច
ងាកទៅលោក ឡុង ប៊ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯណោះវិញ បានលើកឡើងថា ក្មេងឆាប់ទទួលបាននូវអ្វីដែលមិនល្អ ដូចជាការនិយាយផ្តេសផ្តាស ពាក្យពេចន៍អាសអាភាស និងទង្វើអសីលធម៌ផ្សេងៗ ប៉ុន្តែការអប់រំវិញត្រូវការរយៈពេលយូរ។ លោកបានឡើងពីសារសំខាន់របស់មនុស្សចាស់ក្នុងការអប់រំ និងត្រួសត្រាយផ្លូវសម្រាប់យុវជន តាមរយៈការបង្ហាញនូវគំរូល្អៗ។
ក្រសួងអប់រំ យុវជន និងកីឡា តែងតែបញ្ជ្រាបសារអប់រំទៅកាន់យុវជន តាមរយៈមេរៀននៅក្នុងសាលា។ ដូចនេះក្នុងនាមយើងជាកោសិការនៃសង្គមជាតិ ត្រូវមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង ក្រុមគ្រួសារ និងរួមគ្នាទប់ស្កាត់ការផ្សាយពីគ្រឿងស្រវឹងគ្រប់រូបភាព៕
លោក ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រសិស្បៈ