អន្តរជាតិ
ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah ក្លាយជាស្តេចដែលសោយរាជ្យយូរជាងគេលើលោក
09, Sep 2022 , 9:20 am        
រូបភាព
ព្រះមហាក្សិយ៍ អេលីហ្សាបែតទី២ ស្វាគមន៍ស្តេចស៊ុលតង់ព្រុយណេ នាព្រះរាជដំណើរទស្សនកិច្ច​ព្រះអង្គនៅអង់គ្លេស កាលពីឆ្នាំ២០១៥។ រូបថត AFP
ព្រះមហាក្សិយ៍ អេលីហ្សាបែតទី២ ស្វាគមន៍ស្តេចស៊ុលតង់ព្រុយណេ នាព្រះរាជដំណើរទស្សនកិច្ច​ព្រះអង្គនៅអង់គ្លេស កាលពីឆ្នាំ២០១៥។ រូបថត AFP
ដោយ: រួបរួម
បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ អេលីហ្សាបែតទី២ (Elizabeth II) នៃចក្រភពអង់គ្លេស និងប្រជាជាតិកុម្ម៉ង់វែល (Commonwealth realms) ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah បានក្លាយជាស្តេចដែលនៅមានព្រះជន្មហើយសោយរាជយូរជាងគេលើពិភពលោក។

 
ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី២ បានជាប់ព្រះនាមជាស្តេចដែលសោយរាជ្យយូរជាងគេលើលោក ដោយមានរយៈពេល៧០ឆ្នាំ និង២១៤ថ្ងៃ។ ព្រះអង្គបានស្ថិតនៅលំដាប់លេខ១ ក្រោយការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយព្រះអង្គបានគ្រងរាជបល្ល័ង្ក អស់រយៈពេល៧០ថ្ងៃ និង៤ខែ។
 
ការយាងសោយទិង្គតក្នុងព្រះជន្ម៩៦ព្រះវស្សារបស់មហាក្សត្រិយ៍អង់គ្លេស កាលពីថ្ងៃទី៨ ខែកញ្ញា នាំឲ្យស្តេចស៊ុលតង់ព្រុយណេ ឡើងឈរលំដាប់ទី១វិញ ក្នុងព្រះនាមជាព្រះមហាក្សត្រដែលកំពុងមានព្រះជន្ម និងសោយរាជយូរជាងគេ។
 
ពេលនេះ ស្តេចព្រុយណេ បានក្លាយជាស្តេចដែលនៅមានព្រះជន្ម ហើយសោយរាជ្យយូរជាងគេនៅលើពិភពលោក។ បច្ចុប្បន្ន ព្រះជន្ម៧៦ព្រះវស្សា ស្តេចស៊ុលតង់ Hassanal Bolkiah មានរយៈពេលឡើងសោយរាជដល់ជិត៥៥ឆ្នាំហើយ ដោយគិតពីថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៦៧មក។
 
ស្តេចបន្តបន្ទាប់ដែលនៅមានព្រះជន្ម និងកំពុងគ្រងរាជ្យយូរជាងគេរួមមាន ម្ចាស់ក្សត្រិយ៍ដាណឺម៉ាក Margrethe II (ជាង៥០ឆ្នាំ) ស្តេចស៊ុយអែត Carl Gusfaf XVI (ជិត៤៩ឆ្នាំ) ស្តេចអ៊ីស្វាទីនី MsWati III (ជាង៣៧ឆ្នាំ), ស្តេចលិចតិញស្តាញ Hans-Adam II (ជាង៣៣ឆ្នាំ)។
 
 
ស្តេចដែលសោយរាជ្យយូរជាងគេលើពិភពលោក គឺស្តេច Sobhuza II នៃប្រទេសស្វាស៊ីឡង់ (អ៊ីស្វាទីនី) ដែលបានគ្រងរាជ្យអស់រយៈពេលជាង៨២ឆ្នាំ ពីឆ្នាំ១៨៩៩ ដល់ឆ្នាំ១៩៨២ ប៉ុន្តែជាទូទៅព្រះអង្គមិនត្រូវទទួលស្គាល់ជាអន្តរជាតិឡើយ ដោយព្រះមហាក្សត្រដែលមានការទទួលស្គាល់ជាសកលនោះ គឺស្តេចបារាំង ល្វីទី១៤ (Louis XIV)  ដែលបានសោយរាជ្យអស់រយៈពេល៧២ឆ្នាំ និង១១០ថ្ងៃ ពីឆ្នាំ១៦៤៣ ដល់ឆ្នាំ១៧១៥៕
 

© រក្សាសិទ្ធិដោយ thmeythmey.com