ជាតិ
ក្រសួងនិងសង្គមស៊ីវិលរួមគ្នា លើកកម្ពស់សហគ្រិនស្ត្រីនៅតំបន់អាស៊ាន
09, Sep 2022 , 10:45 am        
រូបភាព
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី។ រូបពី ក្រសួងកិច្ចការនារី
ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងសង្គមស៊ីវិលរួមគ្នា លើកកម្ពស់ដល់សហគ្រិនស្ត្រីនៅក្នុងតំបន់អាស៊ាន ពិសេសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈគោលនយោបាយថែទាំគ្រួសារ និងគាំពារសង្គម។ ការ​លើកម្ពស់នេះ ផ្ដោតលើការពង្រឹងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។

 
ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម បានពិនិត្យឃើញថា បញ្ហាប្រឈមរបស់ស្ត្រីនៅកម្ពុជា និងក្នុងតំបន់អាស៊ានមួយផ្នែកទៀត ប្រមាណ២៥ភាគរយ រកប្រាក់ចំណូលទាបជាងបុរស ចំពោះការងារដូចគ្នា។ ក្នុងចំណោមស្រី្តទាំងនោះ​ មានអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចំណាយពេលច្រើនលើការងារផ្ទះ និងការថែទាំសមាជិកគ្រួសារ ពោលគឺស្ត្រីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ចំណាយពេលច្រើនជាងបុរស៤ដង ដើម្បីធ្វើកិច្ចការទាំងនេះ។ 


លោកស្រី  ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម។ រូបពី ក្រសួងកិច្ចការនារី 
 
ដើម្បីដោះស្រាយបញ្ហាស្ត្រីនៅកម្ពុជា និងថ្នាក់តំបន់នេះ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម បានរៀបចំវេទិកាថ្នាក់ជាតិមួយស្ដីពី៖​ «ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅកម្ពុជានៅអាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារ»។ 
 
ក្នុងកម្មវិធីនេះ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រី្តក្រសួងកិច្ចការនារី បានលើកឡើងថា សហគ្រិននិងអាជីវករស្ត្រី នៅតែជួបឧបសគ្គច្រើនយ៉ាង ក្នុងការទទួលបានការគ្រប់គ្រងលើធនធាន ដើម​ទន់ សមត្ថភាពផលិត និងឱកាសសម្រាប់អភិវឌ្ឍអាជីវកម្ម។ ទន្ទឹមនេះ សហគ្រិននិងអាជីវករស្ត្រី ភាគច្រើននៅតែដំណើរចាប់ផ្ដើមកម្រិតមីក្រូ និងមិនទាន់ចេញជាផ្លូវការពេញលេញ។ 
 
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បញ្ជាក់ថា គម្រោងនៃកម្មវិធី លើកកម្ពស់សហគ្រិនភាពស្ត្រីនៅកម្ពុជានៅតំបន់អាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងគ្រួសារ នឹងដាក់ចូលតុពិភាក្សាគ្នា នៅកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានលើកទី២នេះ នៅខែតុលា ឆ្នាំ២០២២ មុនឈានដល់ការអនុម័ត។
 
 
លោកស្រី កន្ថាផាវី រំពឹងថា៖ «គម្រោងនេះ នឹងបានដាក់ទៅថ្នាក់ដឹកនាំកំពូលបណ្ដាលប្រទេសអាស៊ាន ដើម្បីអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅខែវិច្ឆិកាខាងមុខនេះផងដែរ»។  
 
តាមការស្រាវជ្រាវ រកឃើញថា ស្រ្តីលើពិភពលោកមានបញ្ហាប្រឈមច្រើន លើការងារថែទាំមនុស្សជុំវិញខ្លួន ដោយពុំទទួលបានប្រាក់កម្រៃ។ ការងារទាំងនេះ បើគិតជាប្រាក់ គឺប្រមាណ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ការស្រាវជ្រាវបន្តថា អំឡុងកូវីដ-១៩ ស្រ្តីកម្ពុជាមានបន្ទុកការងារផ្ទះ កើនឡើងប្រមាណ២០ភាគរយ ខណៈបន្ទុកការងារផ្ទះបុរស កើនឡើងត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ នេះបើសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងកិច្ចការនារី អង្គការអុកស្វាម និងសង្គមស៊ីវិលអន្តរជាតិ៣ទៀត។ 
 
 
ជាមួយគ្នានេះ លោកស្រី  ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានពន្យល់ថា គោលនយោបាយគាំពារសង្គម និងគាំពារគ្រួសារនេះ នឹងជួយកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រសង្គម ជាពិសេសបញ្ហាស្រ្តី។ លោកស្រី អះអាងថា៖ «អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តជួយជ្រោមជ្រែង រដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សមភាពយែនឌ័រនៅកម្ពុជា»។ 
 
ចំពោះសហគ្រិនស្ដ្រី ដែលក្រសួងនិងសង្គមស៊ីវិល លើកឡើងខាងលើ គឺសំដៅលើក្រុមអ្នកធ្វើការស្វ័យនិយោជក សហគ្រាសខ្នាតមីក្រូ សហគ្រាសធុនតូច និងមធ្យមគ្រប់គ្រង ដែលសុទ្ធសឹងតែជាស្ត្រី។ ស្ត្រីនៅកម្ពុជា មានប្រមាណ៦០ភាគរយជាសហគ្រិនស្ដ្រី។ នេះបើតាមការបញ្ជាក់របស់ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ​នៃក្រសួងកិច្ចការនារី៕
 
កត់សម្គាល់៖ គោលនយោបាយថែទាំងគ្រួសារ គឹសំដៅលើការឈប់សម្រាកលំហែមាតុភាពនិងបិតុភាព អត្ថប្រយោជន៍របស់កុមារនិងគ្រួសារ ការថែទាំកុមារ និងការថែទាំកុមារនិងសមាជិកគ្រួសារទៅនឹងកន្លែងការងារជាដើម។ ចំណែក គោលនយោបាយគាំពារសង្គម គឺការសុំច្បាប់ឈឹ ការធានារ៉ាប់រងសុខភាព កម្មវិធីប្រាក់សោធនិវត្តន៍ និងការផ្ទេរសាច់ប្រាក់.ល.៕ 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ស្ត្រី
  សហគ្រិនស្ដ្រី
  គាំពារគ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com