ជាតិ
បទសម្ភាសន៍
រដ្ឋមន្រ្តីអប់រំ៖ វិស័យអប់រំកម្ពុជា អាចប្រជែងតំបន់អាស៊ានបាន
12, Nov 2022 , 7:59 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា .
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា .
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពន្យល់ថា វិស័យអប់រំនៅកម្ពុជា មានប្រសិទ្ធភាពអាស្រ័យលើភាគីសំខាន់បួនគឺ សាលារៀនល្អ គ្រូបង្រៀនមានសមត្ថភាព សិស្សខិតខំរៀនសូត្រ និងអាណាព្យាបាលចូលរួមសហការ។ បើតាមរដ្ឋមន្រ្តីអប់រំរូបនេះ គុណភាពអប់រំកម្ពុជាអាចប្រជែងជាមួយបណ្តាប្រទេសអាស៊ានបាន តាមរយៈការពង្រឹងលើគុណភាពអប់រំសាលារៀនជំនាន់ថ្មី សាលារៀនគ្រប់គ្រង និង សាលារៀនទូទៅ ពិសេសសម្រាប់កុមារតូចៗនាបច្ចុប្បន្ននេះ។

 
បើធៀបវិស័យអប់រំកម្ពុជា ទៅនឹងបណ្តានៃប្រទេសនៅក្នុងតំបន់អាស៊ាន ហាក់មិនទាន់មានលទ្ធផលស្រាវជ្រាវជាក់លាក់ណាមួយ បង្ហាញថា កម្ពុជាឈរលើចំណាត់ថ្នាក់ទីប៉ុន្មានឱ្យដាច់ខាតនោះទេ ពោលគឺដោយសារវិសមភាពរវាងការអប់រំនៅទីក្រុង និងទីជនបទមានដូចៗគ្នា សម្រាប់ប្រទេសនីមួយៗ។ នេះបើតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។
 
ដើម្បីកាន់តែលំអិត សូមលោក លោកស្រី អ្នកនាងកញ្ញា ស្តាប់បទសម្ភាសរវាង ឯកឧត្តម ហង់ ជួន ណារ៉ុន  ជាមួយ កញ្ញា​ សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 
 
រដ្ឋមន្រ្តីរូបនេះ បានសង្កត់ធ្ងន់ថា៖«ជារួមយើងមានគោលដៅឱ្យកម្ពុជាមានធនធានមនុស្ស សម្រាប់ទាក់ទាញអ្នកវិនិយោគ សម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សង្គមកម្ពុជា ដែលការអប់រំមានលក្ខណៈ សង្គម នយោបាយ និង សេដ្ឋកិច្ច។ អ៊ីចឹងប្រទេសនីមួយៗបានដាក់ចេញគោលដៅរបស់ខ្លួន ដើម្បីគាំទ្រចក្ខុវិស័យនៃការអភិវឌ្ឍន៍របស់ខ្លួន។ ឯកម្ពុជា ក្រសួងអប់រំខិតខំពង្រឹងគុណភាព តបតាមការដឹកនាំរបស់ថ្នាក់ដឹកនាំ ដែលចង់ឱ្យកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។» 
 
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ណារ៉ុន បានពន្យល់ថា ប្រព័ន្ធអប់រំនៅតាមបណ្តាប្រទេសអាស៊ាន តែងមានបញ្ជ្រាបនូវចំណេះដឹងផ្សេងៗ និងការរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៍ជាតិរៀងៗខ្លួន។ ទន្លឹមនេះ ប្រទេសទាំងនោះក៏បង្ហាញពីលក្ខណៈសាកល តាមរយៈសាលាអន្តរជាតិ និងកម្មវិធីសិក្សាអន្តរជាតិមួយចំនួន ដែលអាចទាក់ទាញអ្នកសិក្សាពីក្រៅប្រទេសផងដែរ។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា 
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីអប់រំ បានពន្យល់ថា គុណភាពអប់រំក្នុងប្រទេសនីមួយៗ មិនអាចផ្តល់ឱ្យសិស្សបានដូចគ្នា ឬ ស្មើគ្នាទេ ដោយអាស្រ័យលើបរិយាកាសរៀនសូត្រ គុណភាពសាលា និងសមត្ថភាពគ្រូបង្រៀននៅទីក្រុង និងទីជនបទ។ បើតាមលោក ណារ៉ុន កម្រិតអប់រំរបស់ប្រទេសកំពុងអភិវឌ្ឍមានភាពស្រដៀងគ្នា
ប៉ុន្តែអ្វីដែលរដ្ឋមន្រ្តីអប់រំកម្ពុជា មើលឃើញភាពលេចធ្លោរបស់យុវជនកម្ពុជានោះ គឺសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អ បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។
 
លោក ហង់ ជួន ណារ៉ុន ថ្លែងប្រាប់សារព័ត៌មានថ្មីៗដោយក្តីសោមនស្សដូច្នេះ៖  « នាពេលបច្ចុប្បន្នយុវជនកម្ពុជាយើងអាចប្រើប្រាស់ភាសាអង់គ្លេសដូចសិង្ហបូរី ម៉ាឡេស៊ីផងដែរ។ ហើយសាលារដ្ឋល្អៗឈានមុខដូចជា វិទ្យាល័យព្រះស៊ីសុវត្តិ វិទ្យាល័យព្រះមុន្នីវង្ស  និងសាលា១០មករានៅសៀមរាបជាដើម ដែលមានសិស្សនិទ្ទេស A ច្រើន តាមរយៈការប្រណាំងប្រជែងផ្សេងៗ។ ហើយថ្មីៗនេះ កិច្ចសន្ទនាអាស៊ានលើកទី១ នៅសៀមរាម យុវជនចូលរួមប្រកួតប្រជែង តស៊ូមតិ ៨ក្រុមក្នុងវគ្គផ្តាច់ព្រ័ត្តដែលមកពីបណ្តាប្រទេសអាស៊ាន ក្នុងនោះមាន២ក្រុមគឺជាកម្ពុជា។ អ៊ីចឹងមានន័យថា យើងក៏អាចប្រណាំងប្រជែងជាមួយគេបានដែរ»។
ច្រើន។ 


លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ
 
កន្លងមកក្រសួងអប់រំ បានបន្តអនុវត្តកំណែទម្រង់សំខាន់មួយចំនួន តាំងពីឆ្នាំ២០១៣មក រួមមាន ទី១ កំណែទម្រង់ការប្រឡងសម្រាប់សិស្សថ្នាក់ទី១២ ,ទី២ ការពិនិត្យឡើងវិញទៅលើកម្មវិធីសិក្សារបស់សិស្សគ្រប់កម្រិត ,ទី៣ ការធ្វើអធិការកិច្ចតាមសាលារៀន ដោយផ្តោតលើគុណភាពអប់រំ សំណង់អគារ កិច្ចការសាលា។ល។ ទី៤ ការធ្វើរង្វាយតម្លៃការសិក្សារបស់សិស្ស ,ទី៥ កំណែទម្រង់ថ្នាក់ឧត្តមសិក្សា ,ទី៦ ការពង្រឹងជំនាញរបស់យុវជន ជាដើម។ នេះបើតាមលោក ហង់ ជួន ណារ៉ុន ដែលឆ្លងកាត់ការដឹកនាំក្នុងវិស័យអប់រំនៅកម្ពុជា ជិតមួយទសវត្សន៍មកនេះ ៕


 លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ក្រោយបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com