កីឡាជាតិ
ជាតិ
លោក គឹម ភក្តី គ្រូបង្វឹកក្លិបបឹងកេត ទទួលមរណភាពក្នុងអាយុ៤១ឆ្នាំ
10, Sep 2022 , 11:32 am        
រូបភាព
ដោយ: រួបរួម
លោក គឹម ភក្តី គ្រូបង្វឹកក្លិបបឹងកេត បានទទួលមរណភាពក្នុងអាយុ៤១ឆ្នាំ នាព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ដោយសារជំងឺអស់រយៈពេលជាច្រើនខែ។ លោក បែ មករា អគ្គលេខាធិការក្លិប បានអះអាងពីដំណឹងមរណភាពនេះ ខណៈក្លិបរៀបចំចេញសេចក្តីជូនដំណឹងផ្លូវការ។

 
លោក គឹម ភក្តី ត្រូវបានចាត់ទុកជាយុវជនម្នាក់ដ៏ផុសផុលក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងជាគ្រូបង្វឹកនៃក្លិបកងទ័ពជើងទឹក ដែលមានឈ្មោះផ្លូវការថា ភូជង្គនាគ បន្ទាប់មកប្តូរទៅជា ឆ្លាមសមុទ្រ។
 
លោកក៏ធ្លាប់មានតួនាទីជាជំនួយការលោក Yusuke Iki ក្នុងការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលនៅសាលាបាល់ទាត់ជាតិនៃមជ្ឈមណ្ឌលកីឡាបាល់ទាត់បាទីផងដែរ។
 
ក្រោយមក លោកបានក្លាយជានាយកបច្ចេកទេសក្លិបបឹងកេត។ កាលពីដើមឆ្នាំ២០២០ លោក គឹម ភក្តី បានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លិប ក្រោយក្លិបចែកផ្លូវពីគ្រូបង្វឹកថៃ Apisit Im Amphai។ ជារដូវកាលមាសសម្រាប់ក្លិបបឹងកេត ដោយលោក បានជួយឲ្យក្លិបឈ្នះជើងឯកកំពូល ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ ក្នុងនោះមានការទទួលបានជ័យជម្នះ៨ប្រកួតជាប់គ្នា។
 
នៅឆ្នាំ២០២០នោះដែរ លោក គឹម ភក្តី ក៏បានក្លាយជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផងដែរ បន្ថែមលើជ័យលាភីគ្រូបង្វឹកឆ្នើមប្រចាំខែកក្កដា និងសីហា។
 
បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យនេះ ក្លិបបឹងកេត បានចេញសេចក្តីតែងតាំងលោកជាគ្រូបង្គោល កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កាលណោះ លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេតបានប្រាប់ពីមូលហេតុនៃការតែងតាំងលោក គឹម ភក្តី ជាគ្រូបង្វឹកផ្លូវការថា ដោយសារគ្រូបង្វឹករូបនេះមានសមត្ថភាពខ្ពស់ក្នុងការរៀបចំក្រុម និងមានចក្ខុវិស័យស្របជាមួយក្លិប ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធាន។ 
 
លោកបានរៀបរាប់បន្ថែមថា៖«យើងពិតជាមានមោទកភាពចំពោះអ្វី ដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០ និងជាលើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប មិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើងបានបញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ»។ 
 
 
«ខ្ញុំពិតជាទទួលយកមិនបានទេបងក្រោយពីទទួលបានដំណឹងដល់សោកសៅនេះ លឿនពេកហើយ បងបានសន្យាថានឹងត្រឡប់មកទីលានធ្វើការរួមគ្នាវិញក្រោយខ្ញុំជាពីរបួស ហេតុអ្វីបងភ្លេចសន្យ។ ខ្ញុំបានចាត់ទុកគាត់ជាធនធានបាល់ទាត់កម្ពុជាមួយរូប»។ នេះជាសំណេររបស់កីឡាករឆ្នើម ចាន់ វឌ្ឍនាកា នៅលើគណនីហ្វេសប៊ុករបស់ខ្លួន។
 
អ្នកស្រី ពុធ ធីតា ម្ចាស់ក្លិបបឹងកេត បានលើកឡើងថា៖ លើសពីការងារពួកយើងហាក់បីដូចជាគ្រួសារតែមួយទៅហើយតស៊ូ ប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់មួយនេះ ជាមួយគ្នាលោកគ្រូតែងតែផ្តល់ឱកាសដល់កីឡាករវ័យក្មេង នឹងកីឡាករគ្រប់រូប ដើម្បីអភិវឌ្ឍន៍ សុខចិត្តទទួលលទ្ធផលមិនល្អក្នុងការប្រកួតខ្លះ ទោះបីទទួលសម្ពាធយ៉ាងណាលោកគ្រូមិនដែលថ្ងូរនឹងរាថយទេ ស៊ូស្រក់ទឹកភ្នែកនឹងដើរទៅមុខ»។
 
សូមបញ្ជាក់ថា ខណៈដែលលោក គឹម ភក្តី ស្ថិតក្នុងការព្យាបាលជំងឺនារយៈពេលជាច្រើនខែចុងក្រោយនេះ លោក ហៅ សុជាតិ បានទទួលដឹកនាំក្លិបបឹងកេត ក្នុងក្របខណ្ឌកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com