ជាតិ
អ្នកគ្រូ ពុំ ស្រីភា យក​បេះដូងនៃក្តីស្រឡាញ់ អាណិតអាសូរ និងអត់ធ្មត់ទៅបង្រៀន​កុមារអូទីស្សឹម
11, Sep 2022 , 6:59 pm        
រូបភាព
អ្នកគ្រូ ពុំ ស្រីភា គ្រូបង្រៀនកុមារអូទីស្សឹមនៃអង្គការសាលារៀនទន្សោយនៅសាលារៀនបឋមសិក្សាទួលគោក
អ្នកគ្រូ ពុំ ស្រីភា គ្រូបង្រៀនកុមារអូទីស្សឹមនៃអង្គការសាលារៀនទន្សោយនៅសាលារៀនបឋមសិក្សាទួលគោក
ឆាឆៅ ឆាប់ខឹង ឆាប់បាត់ ចូលចិត្ត​ស្ងៀមស្ងាត់ មិន​សូវមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន និងអាកប្បកិរិយា​ប្លែកៗជាច្រើន។ ទាំងនេះ គឺជាស្ថានភាព​របស់កុមារអូទីស្សឹម ដែលអ្នកគ្រូ ពុំ ស្រីភា ជួបប្រទះជាប្រចាំ។ ជាការងារមួយ​​ដ៏លំបាក ​គ្រូបង្រៀនវ័យ​២៥ឆ្នាំ​រូបនេះ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​បេសកកម្ម​របស់ខ្លួន ដើម្បី​ឲ្យ​កុមារ​អូទីស្សឹមទទួល​បានចំណេះដឹង​ដូចកុមារទូទៅ។

 
សំឡេងទះដៃ និងចម្រៀងកុមារលាន់​ឮរំពង​ចេញពី​បន្ទប់រៀន​មួយនៃ​អគារសិក្សា​របស់​អង្គការ​សាលារៀនទន្សាយ​ ដែល​ស្ថិតក្នុង​បរិវេណ​សាលា​បឋម​សិក្សាទួល​គោក រាជធានីភ្នំពេញ។ កុមារ​ជាង​១០នាក់ នាំគ្នា​ធ្វើ​កាយ​វិការ និង​ស្រែកច្រៀង តាម​ការណែនាំ​របស់​អ្នកគ្រូ ពុំ ស្រីភា ដែល​ហៅពួកគេ​ថា «កូនៗ» ពេញមាត់។


 អ្នកគ្រូ ពុំ ស្រីភា កំពុងបង្រៀនដល់កុមារអូទីស្សឹម

ស្ថិតក្នុងឯកសណ្ឋានអាវដៃខ្លី និងសំពត់បត់វែងពណ៌ខ្មៅ ស្រីភា រួមជាមួយ​អ្នកគ្រូម្នាក់ទៀត ច្រៀង​ផង រាំផង អមដោយ​កាយ​វិការ​នៃសញ្ញាសម្គាល់នានា នៅចំពោះមុខ​សិស្សដែលជាកុមារ​អូទីស្សឹម និង​ខ្សោយ​សតិបញ្ញា។
 
សិស្សខ្លះធ្វើ​តាម ខ្លះធ្វើតាមមិនបានល្អ រីឯខ្លះ​ទៀតមិន​ធ្វើតាម។ ទាំងនេះជាទិដ្ឋភាព​ដែល​អ្នកគ្រូវ័យ​២៥​ឆ្នាំ​រូបនេះ តែងតែជួប​នារយៈពេល​ជាង​២​ឆ្នាំចុងក្រោយ ទោះពិបាក តែ​សប្បាយ​ចិត្ត។

អាជីព​គ្រូបង្រៀន ជាក្តីស្រមៃរបស់ ស្រីភា តាំងពីតូច ហើយ​អ្នក​ខេត្តកំពង់ធំ រូប​នេះ បាន​ចាប់ផ្តើម​ដើរ​តាម​ក្តី​ស្រមៃ​របស់ខ្លួន នាពេលជានិស្សិត​ឆ្នាំទី៣នៅរាជធានីភ្នំពេញ។ ដំបូងឡើយ នាង ដើរបង្រៀន​កុមារ​ធម្មតា​តាមផ្ទះ ហើយ​ឈាន​ដល់​ដើម​ឆ្នាំ២០២០ កញ្ញា ក៏សម្រេច​ចិត្តចូល​បង្រៀន​កុមារអូទីស្សឹម។
 
«​ព្រោះតែស្រឡាញ់អាជីពជាគ្រូបង្រៀនខ្លាំង រួមទាំងចិត្តអាណិតដល់កុមារពិការភាពទាំងនោះ ខ្ញុំដាក់ចិត្តបង្រៀនពួកគាត់ដោយគ្មានគំនិតបោះបង់ឡើយ។ ខ្ញុំចង់ឱ្យក្មេងទាំងនោះ​ប្រសើរដូចក្មេងធម្មតា តាមរយៈបទពិសោធន៍ការងារដែលមានក្នុងខ្លួនទាំងប៉ុន្មាន»។ នេះជាការតាំង​ចិត្ត​របស់អ្នក​គ្រូវ័យក្មេង។


 អ្នកគ្រូ ពុំ ស្រីភា កំពុងឱប​ និងកាន់ដៃកុមារអូទីស្សឹមម្នាក់

ការដាក់ចិត្តបង្រៀននេះ គឺដោយសារ ស្រីភា មើលឃើញថា កុមារអូទីស្សឹមកម្ពុជាភាគច្រើនរងនូវការរើសអើងពីសាលារៀនឯកជនចំនួន ដោយមិនព្រមផ្តល់សេវាបង្រៀនដល់ពួកគាត់។ លើសពីនេះ កុមារទាំងនោះក៏មិនងាយមានគ្រូស័្មគ្រចិត្តទៅបង្រៀនដែរ ព្រោះតែមានអាកប្បកិរិយាមិនចុះសម្រុងជាមួយមនុស្សនៅជុំវិញខ្លួន។
 
តាមបទពិសោធន៍របស់អ្នកគ្រូសម្បុរស្រអែមស្រស់រូបនេះ ការបង្រៀនកុមារអូទីស្សឹម ទាមទារចាំបាច់នូវការប្រើបេះដូង​ តាមរយៈការផ្តល់ក្តីស្រឡាញ់ ផ្តល់ក្តីអាណិតអាសូរ រួមទាំងមានភាពអត់ធ្មត់ ភាពឆ្លាតវៃ ​និងភាពបត់បែនគ្រប់កាលៈទេសៈជាមួយកុមារទាំងនោះ។ ស្រីភា​ បន្ថែមថា គ្រូបង្រៀនប្រើតែចំណេះដឹង តែបើគ្មានចំណុចទាំងនេះទេ គឺមិនអាចបង្រៀនកុមារអូទីស្សឹមបានឡើយ។ 
 
«យើងផ្តល់ក្តីស្រឡាញ់​ ឱបថើបពួកគាត់ដូចកូនអ៊ីចឹង! ​ បើបង្រៀនពួកគាត់សរសេរអក្សរវិញ ​គឺយើងឱបគាត់ជាប់នឹង​ទ្រូង ហើយកាន់ដៃពួកគាត់ឱ្យសរសេរ​ និងផាត់ពណ៌រូបភាពនានា។ យើងតាមដានចំណេះដឹងពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ! ពីមួយខែទៅមួយខែ និងបង្រៀនគាត់រហូត»។ អ្នក​គ្រូ ស្រីភា បាន​រៀបរាប់យ៉ាង​ដូច្នេះ ប្រាប់​សារព័ត៌មានថ្មីៗ ទាំងទឹក​មុខ​ញញឹម ជាមួយ​នឹងសំឡេង​អួល​ដើមក។
 
តាម​ការសង្កេត​នាអំឡុងពេល​សម្ភាសកាលពី​ថ្ងៃទី៣០ ខែសីហា  ស្រីភា ហាក់មានអារម្មណ៍រំភើប និងមានមោទកភាពចំពោះខ្លួនឯងក្នុង​តួនាទី​បង្ហាត់បង្រៀនកុមារអូទីស្សឹម។ ការងារនេះ បាននាំកិត្តិយសជូនគ្រួសារនៅឯស្រុកកំណើតក្នុងខេត្តកំពង់ធំ ទោះ​នាងទទួល​បានប្រាក់បៀវត្សរ៍ត្រឹម១៥០ដុល្លារក្នុងមួយខែ​ និងមិនទាន់ទទួលបានក្របខណ្ឌពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដោយ។ 
 
អារម្មណ៍ជួយ​សិស្ស​ដែលស្ថិតក្នុងស្ថានភាពលំបាក ច្បាស់​ជា​ផ្តើម​ចេញពី​បទពិសោធន៍ជីវិត​ដ៏ជូរចត់ផ្ទាល់ខ្លួន។ ពិតមែនហើយ ស្រីភា កើត​ចេញពីគ្រួសារមួយ​ដែលមានជីវភាពក្រលំបាក ដោយឪពុក​ម្តាយ បានចំណាក​ស្រុកទៅស៊ីឈ្នួល​គេនៅ​ថៃ តាំងពីខ្លួន​រៀន​នៅ​ថ្នាក់​ទី៧មកម្ល៉េះ។
 

 អ្នកគ្រូ ពុំ ស្រីភា ចូលរូមពិធីសម្ពោធ​ប្រើប្រាស់បណ្ណាល័យឌីជីថល និងអគារសិក្សាសម្រាប់កុមារអូទីស្សឹម នៅសាលាមឋមសិក្សាទួលគោក នៅថ្ងៃទី៣០សីហា ឆ្នាំ២០២២។
 
«និយាយទៅ ខ្ញុំសំណាង! សំណាងត្រង់ថា មិនបើខ្ញុំមិនជាប់បាក់ឌុប និងមិនបានអាហារូបករណ៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេនោះ​ ខ្ញុំក៏អត់មានឱកាសបានមករៀននៅភ្នំពេញនោះដែរ ព្រោះគ្រួសារខ្ញុំ ក្រមែនទែន! ពួកគាត់មិនមានលទ្ធភាពឱ្យរៀនទេ​»។ ស្រីភា រៀបរាប់បែបនេះ។
 
នាងបន្ថែមថា៖ « ពេលជាប់បាក់ឌុប​ភ្លាម ខ្ញុំដាក់ចិត្តត្រូវជម្នះគ្រប់យ៉ាងមករៀនឱ្យទាល់តែបាន ទោះបីគ្មានសាច់ញាតិជូនមកភ្នំពេញ ទាំងខ្ញុំមិនស្គាល់សាលារៀន អត់ស្គាល់បន្ទប់ជួល ក៏ខ្ញុំត្រូវតែមកភ្នំពេញ ដើម្បីរៀនបន្តដែរ»។​
 
ការតស៊ូ និងការខិតខំប្រឹង​ប្រែង នាំឲ្យ​ ស្រីភា ទទួលបាន​បរិញ្ញាបត្រ​សង្គម​វិទ្យាពី​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ ហើយអាច​​បន្ត​ការងារ​ជាគ្រូបង្រៀន​រហូតមក​ដល់បច្ចុប្បន្ន។ ក្រៅ​បង្រៀននៅ​អង្គការ​សាលា​រៀន​ទន្សាយក្នុង​បរិវេណ​សាលា​បឋម​សិក្សាទួល​គោក អ្នកគ្រូ ស្រីភា ក៏​ឆ្លៀត​បង្រៀនកុមារ​អូទីស្សឹម​នៅតាម​ផ្ទះ​ផងដែរ។
 
ជុំវិញនៃការបង្រៀននេះ លោក សួង រស្មី  បានកោតសរសើរនូវទឹកចិត្តអ្នកគ្រូភា ដែលស័្មគ្រចិត្តបង្រៀនកូនរបស់លោក ក៏ដូចកុមារអូទីស្សឹម​ដទៃទៀត។ លោកឪពុករូបនេះ ​បានបញ្ជូនកូនរបស់ខ្លួនទៅទទួលការអប់រំនៅអង្គការ​សាលារៀនទន្សាយ រយៈពេល៧ខែមកហើយ ដោយមាន អ្នកស្រី ស្រីភា ជាអ្នកបង្រៀន។ 


 លោក សួង រស្មី ឈរមើលកូនរបស់ខ្លួន(រស្មី គីមប៉រ) កំពុងជាមួយអ្នកគ្រូ ពុំ ស្រីភា  នាថ្ងៃទី៣០សីហា
 
រស្មី គីមប៉រ ជាកូនប្រុសរបស់លោក សួង រស្មី ដែលមានអាយុជាង៧ឆ្នាំ​។ មុននឹងបានចូលរៀនសាលានេះ លោក រស្មី ​បាននាំគីមប៉រ ទៅធ្វើតេស្ត និងសម្ភាស នៅសាលារៀនឯកជនជាច្រើនកន្លែងផងដែរ  ប៉ុន្តែមិនមានសាលារៀនណាមួយព្រមទទួលឡើយ ព្រោះតែកុមាររូបនេះ ​មិនសូវចេះនិយាយស្តី រួមទាំងមានអត្តចរឹកនៅស្ងាត់ស្ងៀមតែឯង។ 
 
ស្ថិតនៅមុខ​ខ្លោងទ្វារនៃបន្ទប់រៀនមួយកន្លែងនៃអង្គការ​សាលារៀនទន្សោយ លោក រស្មី បានថ្លែងមកកាន់សារព័ត៌មានថ្មីៗ ដោយចោលខ្សែភ្នែក​ទៅមើលកូនរបស់ខ្លួនដែលកំពុងរៀនជាអ្នកគ្រូ ពុំ ស្រីភា ថា​៖ «ខ្ញុំសប្បាយ​ចិត្តណាស់ ដែលសាលាព្រមទទួលកូនខ្ញុំឱ្យចូលរៀន ដោយមានគ្រូល្អៗបង្រៀន​»។ 
 
បច្ចុប្បន្ន​ ដ្បិត គីមប៉រ  មិនទាន់ចេះនិយាយច្រើនក្តី ប៉ុន្តែអាកប្បករិយា និងស្មារតីកុមារារូបនេះ គឺនឹងធឹង និងយល់ច្រើនជាងមុន​។ «ជាក់ស្តែង កូនខ្ញុំពេលនេះ ថា ចេះនិយាយក៏បាន! មិនចេះនិយាយក៏បាន! ព្រោះគាត់អត់សូវនិយាយ។ ប៉ុន្តែ បើហៅភាសា A.B.C.D ឬ One Two Three និង ហៅ ក.ខ.គ.ឃ.ង គឺគាត់ចេះទាំងអស់ ដោយមានការបង្រៀនដិតដល់ពីអ្នកគ្រូភា និងផ្សេងៗទៀត»។​
 
លោក រស្មី បាននិយាយបែបនេះ ដោយបន្តសរសើរដល់ អ្នកស្រី ពុំ ស្រីភា ថា ជាគ្រូបង្រៀនមានអត្តចរឹកស្លូតបូត មានភាពអត់ធ្មត់​​ រួមទាំងផ្តល់ក្តីស្រឡាញ់ និងថែទាំកូនរបស់លោក ក៏ដូចកុមារអូទីស្សឹមដទៃទៀត ចេញពីទឹកចិត្តពិតប្រាកដ។ 
 
នៅពេលដែលឪពុកម្តាយរបស់កុមារអូទីស្សឹម និយាយថា កូនៗរបស់ពួកគាត់សព្វថ្ងៃ គឺចេះច្រើន និងមានអារម្មណ៍ល្អច្រើនណាស់ បានធ្វើឱ្យអ្នកគ្រូ ពុំ ស្រីភា​ កាន់តែមានឆន្ទៈចង់បង្រៀនកុមារកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមគ្នានេះ ស្រីភា ក៏មានគំនិតចង់ប​ន្តការសិក្សាបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ក្នុងការបង្ហាត់បង្រៀនកុមារអូទីស្សឹម និងខ្សោយសតិបញ្ញាឱ្យកាន់តែល្អ៕ 
 
 

Tag:
 អប់រំ
  អូទីស្សឹម
  សាលារៀនទន្សោយ
© រក្សាសិទ្ធិដោយ thmeythmey.com