ជាតិ
ពីនេះ ពីនោះ
តើអុ្នកគួរឆ្លើយសំណួរទាំង៥នេះ យ៉ាងដូចម្តេចក្នុងពេលទៅសម្ភាសការងារ?
11, Sep 2022 , 10:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ការសម្ភាស ជាដំណាក់កាល ដែលអ្នកជ្រើសរើសអាចវិភាគពីបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់បេក្ខជន ដើម្បីជ្រើសរើសអ្នកដែលស័ក្តិសមជាងគេធ្វើការ។ ការរៀបរាប់អំពីខ្លួនឯង មូលហេតុដែលចង់ចូលធ្វើការ ហេតុផលដែលលាឈប់ពីកន្លែងចាស់ ចំណុចខ្លាំង និងចំណុចខ្សោយ គឺជាសំណួរសាមញ្ញ ដែលបេក្ខជនភាគច្រើនតែងទទួលបាន។ ដូច្នេះ ដើម្បីឆ្លើយសំណួរទាំងនេះបានល្អ និងទទួលបានលទ្ធផល តើអ្នកគួរត្រៀមខ្លួនយ៉ាងដូចម្តេច?

 
 
ថ្ងៃនេះសារព័ត៌មានThmeyThmey នឹងចែករំលែកនូវចំណេះដឹងមួយចំនួន សម្រាប់អ្នកអានត្រៀមខ្លួនក្នុងពេលសម្ភាសធ្វើការងារ ដែលដកស្រង់ពី សៀវភៅបំណិនជីវិត «ការត្រៀមខ្លួនធ្វើការងារ » របស់អង្គការស៊ីប៉ា។ សំណួរទាំង៥ ខាងក្រោយនេះ ជាអ្វីដែលអ្នកគួរយល់ដឹង​នៅពេលសម្ភាស ៖
 
តើអ្នកអាចរៀបរាប់ប្រាប់អំពីខ្លួនអ្នកបានទេ?
សំណួរនេះ គឺជាសំណួរសំខាន់់ដំបូងគេ ដែលតែងនិយមសួរក្នុងពេលសម្ភាស។ គេចង់ដឹងថា តើអ្នកអាចជួយការងារ និងផ្ដល់ប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុន។ ដូច្នេះ អ្នកគួររៀបរាប់ជំនាញ សមត្ថភាព ភាពខ្លាំង និងបទពិសោធន៍ដែលទាក់ទងទៅនឹងការងារ ដែលកំពុងសម្ភាស។ ពេលអ្នកឆ្លើយសំណួរនេះយ៉ាងយូរ លើសពី២ទៅ៣នាទី។
 
ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?
គន្លឹះនៃការឆ្លើយសំណួរនេះ គឺត្រូវនិយាយសរសើរក្រុមហ៊ុនឱ្យបានច្រើន តែយកល្អអ្នកគួរធ្វើការស្រាវជ្រាវអំពីគោលការណ៍ ឬគោលនយោបាយ បេសកកម្មរបស់ក្រុមហ៊ុនឱ្យបានច្បាស់ជាមុនសិន។ អ្នកអាចឆ្លើយថា «ខ្ញុំសម្រេចចិត្តដាក់ពាក្យ ព្រោះខ្ញុំពេញចិត្តនឹងគោលការណ៍ ឬគោលនយោបាយក្រុមហ៊ុនរបស់លោក ។ តាមរយៈ ការងារនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ខ្ញុំនឹងអាចមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្ញុំ ហើយខ្ញុំនឹងអាចជួយក្រុមហ៊ុនរបស់លោកឱ្យរីកចម្រើនបាន»។
 
ហេតុអ្វីបានជាអ្នកលាឈប់ ឬចាក់ចេញពីកន្លែងការងារចាស់របស់អ្នក?
ករណីនេះអ្នកគួរត្រៀមចម្លើយណា ដែលនិយាយតែចំណុចវិជ្ជមានប៉ុណ្ណេះ ដូចជាអ្នកចង់ផ្លាស់ប្ដូទិសដៅអាជីពការងារថ្មីមួយ អ្នកត្រូវជៀសវាងការនិយាយអាក្រក់ពីការងារចាស់របស់អ្នក។ ទោះបីជាអ្នកចង់ផ្លាស់ប្ដូរការងារ ឬត្រូវគេបញ្ឃប់ ឬគេកាត់បន្ថយបុគ្គលិក អ្នកគួរតែរក្សាចម្លើយវិជ្ជមានដូចជា «ក្រុមហ៊ុនបានផ្លាស់ប្ដូរទិសដៅថ្មី ដែលធ្វើឱ្យផ្នែកដែលខ្ញុំកំពុងបម្រើការងារត្រូវបិទជាដើម»។
 
តើអ្នកមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះ?
ក្នុងនោះដែរ ចំពោះចំណុចខ្លាំង អ្នកអាចរើសយកជំនាញ ចំណេះដឹង ឬរបៀបធ្វើការងារ ដែលអ្នកគិតថា នឹងមានប្រយោជន៍ចំពោះមុខតំណែងថ្មីរបស់អ្នកមកនិយាយ ២ទៅ៣ចំណុច។ ចំណែកចំណុចខ្សោយវិញ អ្នកមិនគួរនិយាយអំពីគុណវិបត្តិអ្នកតែម្យ៉ាងនោះទេ។ អ្នកគួរតែរើសយកចំណុចខ្សោយមួយ ដែលមិនសូវពាក់ព័ន្ធនឹងការងារថ្មី ហើយប្រាប់នូវវិធី ដែលអ្នកអាចដោះស្រាយបញ្ហនោះបាន។

តើអ្នកមានសំណួរ ឬចម្ងល់អ្វីដែរឬទេ?
ត្រង់ចំណុចនេះ អ្នកមិនគួរឆ្លើយថា «ទេ! ខ្ញុំគិតថា លោកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួចទៅហើយ។ ខ្ញុំប្រាកដជាមានសំណួរជាច្រើនដែលត្រូវសួរ បើខ្ញុំបានទទួលការងារនេះ»ឬ « តើក្រុមហ៊ុនលោកមានរង្វាន់លើកទឹកចិត្តដែរឬទេ?»។ ផ្ទុយទៅវិញ អ្នកគួរតែសួរសំណួរ ដែលបង្ហាញថា អ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកអាចសួរថា៖
«ខ្ញុំមានសំណួរខ្លះៗ។ បើតាមការសួររបស់លោកក្នុងពេលសម្ភាស ដូចជាលោកកំពុងតែមានបញ្ហា។ តើលោកអាចប្រាប់បន្ថែមខ្លះៗ អំពីស្ថានភាពបច្ចុប្បន្នដែរឬទេ? តើមានការជួបលំបាកអ្វីខ្លះ ដែលនិយោជិកថ្មីនឹងជួបប្រទះ?»។
បើអ្នកមិនសួរបន្ថែមនោះទេ អ្នកនឹងបាត់បង់ឱកាសក្នុងការប្រមូលព័ត៌មាននានា ដែលជាកត្តាការសម្រេចចិត្តថា តើកន្លែងនោះស័ក្តិសមនឹងអ្នកដែរឬទេ? ព្រោះការងារអាចរីកចម្រើនបាន លុះត្រាតែងអ្នកពេញចិត្តការងារ និងកន្លែងធ្វើការរបស់អ្នកជាមុនសិន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com