ជាតិ
សម្តេច ហ៊ុន សែន ឲ្យសាលារាជធានីចាត់ចែងរថយន្តដឹកជញ្ជូនពលរដ្ឋទៅតាមបណ្តាខេត្តនាឱកាសភ្ជុំបិណ្ឌ
12, Sep 2022 , 9:56 am        
រូបភាព
កាលពីឆ្នាំ២០១៩ សាលារាជធានីបញ្ចេញរថយន្ត១២០គ្រឿងក្នុងការដឹកជញ្ជូនពលរដ្ឋទៅតាមបណ្តាខេត្ត នារយៈពេល​៤ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ
កាលពីឆ្នាំ២០១៩ សាលារាជធានីបញ្ចេញរថយន្ត១២០គ្រឿងក្នុងការដឹកជញ្ជូនពលរដ្ឋទៅតាមបណ្តាខេត្ត នារយៈពេល​៤ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសំឡេងជាង១០នាទី នៅថ្ងៃទី១២ ខែកញ្ញា នេះ បានណែនាំទៅរដ្ឋបាលរាជធានីភ្នំពេញ រៀបចំមធ្យោបាយដឹកជញ្ជូនពលរដ្ឋទៅកាន់បណ្តាខេត្តនាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

 
សម្តេចបានបញ្ជាក់ថា ការរៀបចំនេះ គឺធ្វើដូចពីមុនការរាលដាលកូវីដ-១៩ ក្នុងគោលបំណងទប់ស្កាត់ការដំឡើងថ្លៃរថយន្តឈ្នួល និងតាក់ស៊ី។ បើតាមសម្តេច នេះជាការសម្រួលដល់ការធ្វើដំណើរសម្រាប់កម្មករ កម្មការិនី និងពលរដ្ឋទាំងអស់ ទៅកាន់មូលដ្ឋានរបស់ខ្លួន។
 
ជាមួយគ្នា សម្តេចនៅតែទទូចកុំឲ្យមានការដំឡើងថ្លៃរថយន្តពីសំណាក់ម្ចាស់រថយន្តឈ្នួល និងតាក់ស៊ី។ សម្តេចក៏បានបញ្ជាក់ទៅអាជ្ញាធរបន្តពង្រឹងការពារសន្តិសុខជូនប្រជាពលរដ្ឋផងដែរ។
 
ទាក់ទងនឹងកូវីដ-១៩ សម្តេច ហ៊ុន សែន បានអះអាងពីយុទ្ធសាស្ត្រវ៉ាក់សាំងដ៏ជោគជ័យរបស់កម្ពុជា ប៉ុន្តែសម្តេចនៅតែអំពាវនាវឲ្យបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
 
សម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះ ប្រមុខរដ្ឋាភិបាលនឹងមិនមានវត្តមាននៅកម្ពុជាឡើយ ដោយថ្ងៃទី២១ ខែកញ្ញា សម្តេចនឹងចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាជាតិ។ បន្ទាប់មក សម្តេចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបាពីថ្ងៃទី២៣ ដល់២៥ ហើយនៅថ្ងៃទី២៥ ដែលចំពិធីបុណ្យភ្ជុំបិណ្ឌនោះ សម្តេចស្ថិតនៅក្នុងក្រុង La Havana នៅឡើយ។ មុនដំណើរមកភ្នំពេញវិញ សម្តេចក៏នឹងធ្វើដំណើរទៅកាន់ក្រុងតូក្យូ ប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសព លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។
 
សម្តេចបញ្ជាក់ថា សម្តេចនឹងបន្តភាពសប្បាយរីករាយជាមួយពលរដ្ឋពីចម្ងាយ ខណៈសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នឹងដើរតួនាទីជានាយករដ្ឋមន្ត្រីស្តីទី៕
 

Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com