កីឡាអន្តរជាតិ
អន្តរជាតិ
Verstappen កាន់តែកៀកតំណែងជើងឯក F1 ក្រោយបន្តឈ្នះលើកទី១១ នៅអ៊ីតាលី
12, Sep 2022 , 6:59 pm        
រូបភាព
Max Verstappen ដែលបើកឱ្យក្រុម Red Bull យកឈ្នះគូប្រជែង Charles Leclerc របស់ Ferrari ដើម្បីដណ្តើមជ័យជម្នះការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Italian Grand Prix ប្រទេសអ៊ីតាលី។ ជ័យជម្នះជាលើកទី១១ ក្នុងចំណោមការប្រណាំង១៦លើក បានធ្វើឱ្យ Verstappen ដែលជាម្ចាស់ការពារតំណែងជើងឯក ឆ្ពោះទៅកាន់ជើងឯកជាលើកទីពីរជាប់គ្នានៅរដូវកាលឆ្នាំ ២០២២។

 
នាការប្រណាំងនៅទីលានទី ១៦ រដូវកាល ២០២២-២៣ នៅថ្ងៃទី១១ ខែកញ្ញា ម្ចាស់ការពារជើងឯក Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ២០នាទី និង២៧វិនាទី។ Leclerc បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ George Russell របស់ Mercedes បានលេខ៣។
 
ឈ្នះលើកទី១១នៅឆ្នាំនេះ ធ្វើឱ្យអ្នកប្រណាំងសញ្ជាតិហូឡង់មាន ១១៦ ពិន្ទុដាច់គូប្រជែង Leclerc សញ្ជាតិអ៊ីតាលី ដែលឈរលេខ២។ នាំមុខដាច់ដល់ទៅ១១៦ពិន្ទុពីការប្រណាំង១៦លើក មានន័យថា Verstappen មានឱកាសក្លាយជាម្ចាស់ជើងឯក F1 ឆ្នាំ២០២២ និងជាលើកទី២ជាប់គ្នាដោយស្វ័យប្រវត្តិតែម្តង ប្រសិនបើរូបគេឈ្នះការប្រណាំងបន្ទាប់នៅប្រទេសសិង្ហបុរី ក្នុងកម្មវិធី​ Singapore Grand Prix។
 
ការប្រណាំង F1 ឆ្នាំ២០២២ នៅសល់៦ទីលានទៀតប៉ុណ្ណោះនឹងបញ្ចប់។ Verstappen ឈរកំពូលតារាងមាន៣៣៥ពិន្ទុ ដេញពីក្រោយដោយ Leclerc ដែលរកបាន២៩ពិន្ទុ។ Sergio Perez មិត្តរួមក្រុម Red Bull ស្ថិតនៅលេខ៣មាន២១០ពិន្ទុ ខណៈ Russell ឈរលេខ៤មាន ២០៣ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com