ជាតិ
សង្គមជាតិ
បក្សភ្លើងទៀន មើលឃើញថា «ប្រាក់ខែ២១៥ដុល្លារ» អាចជួយជីវភាពកម្មករបានមួយកម្រិតទៀត
14, Sep 2022 , 11:00 am        
រូបភាព
រូបពីហ្វេសប៊ុក ឡេង សម្បត្តិ
រូបពីហ្វេសប៊ុក ឡេង សម្បត្តិ
ស្របពេលតំណាងកម្មករ និងតំណាងនិយោក កំពុងស្ថិងក្នុងការចរចាគ្នា អំពីការកំណត់តួលេខថ្មីនៃប្រាក់ខែរបស់កម្មករ គណបក្សភ្លើងទៀន បានបង្ហាញបំណងរបស់ខ្លួន ចង់ឲ្យកម្មករ ទទួលបានប្រាក់ខែ២១៥ដុល្លារយ៉ាងតិច ក្នុង១ខែ សម្រាប់ឆ្នាំ២០២៣។ គណបក្សនេះ វាយតម្លៃថា ការដំឡើងប្រាក់ខែដល់២០០ដុល្លារជាងនេះ នឹងអាចជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់កម្មករឲ្យបានប្រសើរមួយកម្រិតបន្ថែមទៀត។ 



សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានសរសេរដូច្នេះថា៖«គណបក្សភ្លើងទៀន យល់ឃើញថា ការដំឡើងប្រាក់ខែដល់២១៥ដុល្លារក្នុង១ខែ គឺអាចជួយដល់កម្មករ-កម្មការិនីខ្មែរបានមួយចំណែក បើទោះបីជាការដំឡើងកម្រិតនេះ មិនទាន់សមល្មមចំពោះការប្រឈមនឹងជីវភាពរស់នៅរបស់កម្មករ-កម្មការិនី ក្នុងស្ថានភាពដែលទំនិញ មានម្ហូបអាហារ តម្លៃទិញ មធ្យោបាយធ្វើដំណើរ និង កន្លែងស្នាក់នៅ មានតម្លៃខ្ពស់ជាងប្រទេសជិតខាងនោះ»។ 
 
ជាមួយគ្នានេះ គណបក្សភ្លើងទៀន ស្នើឲ្យរដ្ឋាភិបាល សម្រួលជាមួយម្ចាស់រោងចក្រ-សហគ្រាស ក្នុងការនាំចូលវត្ថុធាតុដើម និងជំរុញដល់ការផលិតវត្ថុធាតុដើមក្នុងស្រុក ដើម្បីអាចផ្តល់លទ្ធភាពដំឡើងប្រាក់ខែលើសពី៣០០ដុល្លារដល់កម្មករ-កម្មការិនី ចាប់ពីឆ្នាំ២០២៤ទៅ។ 
 
ភាគីគីទាំង៣ គឺភាគីមេសហជីព ដែលតំណាងកម្មករ ភាគីនិយោជក (ថៅកែ) និងភាគីរដ្ឋាភិបាល បានចរចាគ្នាអស់៣លើករួចមកហើយ អំពីការកំណត់តួលេខថ្មីនៃប្រាក់ខែរបស់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ។ កិច្ចចរចានេះ ត្រូវការ៥ជុំឯណោះ ទើបភាគីទាំង៣ ឈានដល់បោះឆ្នោត ដើម្បីសម្រេចចុងក្រោយអំពីចំនួនប្រាក់ខែសម្រាប់កម្មករក្នុងឆ្នាំ២០២៣។ កិច្ចចរចាលើកទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ហើយកិច្ចចរចាលើកទី៥ ដែលជាចុងបញ្ចប់ ត្រូវក្រសួងការងារ ជូនដំណឹងថា នឹងប្រព្រឹត្តនៅថ្ងៃ២១ ខែកញ្ញា។ 
 
ក្នុងកិច្ចចរចាលើកទី៣ មេសហជីព បានបន្ថយតួលេខរបស់ខ្លួនចុះបន្តិចថែមទៀត ដោយបន្ថយពីតួលេខ២១៥ដុល្លារ មកនៅតួលេខ២១៣ដុល្លារវិញ ខណៈតំណាងនិយោជក យល់ព្រមដំឡើងប្រាក់ខែជូនកម្មករតែ២ដុល្លារប៉ុណ្ណោះ គឺពី១៩៤ដុល្លារ ទៅ១៩៦ដុល្លារ។ ប្រាក់ខែរបស់កម្មករសម្រាប់ឆ្នាំ២០២២នេះ គឺ១៩៤ដុល្លារ៕ 
 
 

Tag:
 គណបក្សភ្លើងទៀន
  ប្រាក់ខែកម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com