ជាតិ
សេដ្ឋកិច្ច
អាស៊ាន
សម្តេច ហ៊ុន សែន៖​ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ គួរផ្តោតលើបញ្ហាវិវត្តនៃសេដ្ឋកិច្ចឌីជីថល
14, Sep 2022 , 6:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានអាស៊ាន​ឆ្នាំ២០២២(រូបទី៧រាប់ពីស្តាំ)កំពុងចាប់ដៃជាមួយ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ និងជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសនានារបស់អាស៊ាន។
សម្តេច ហ៊ុន សែន ប្រធានអាស៊ាន​ឆ្នាំ២០២២(រូបទី៧រាប់ពីស្តាំ)កំពុងចាប់ដៃជាមួយ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ និងជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសនានារបស់អាស៊ាន។
សៀមរាប៖  ក្រោយឆ្នាំ២០២៥ ចក្ខុវិស័យរបស់អាស៊ាន គួរផ្តោតការគិតគូរជាយុទ្ធសាស្ត្រលើបញ្ហាការវិវត្តន៍រីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២ មានប្រសាសន៍បែបនេះក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​លើកទី៥៤ ​និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤កញ្ញា។​

 
បច្ចុប្បន្ន​ កម្ពុជារួមទាំងប្រទេសក្នុងតំបន់អាស៊ាន បានកសាងតំបន់នេះឱ្យទៅជាទីផ្សារតែមួយ និងជាមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគស្របតាមច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម។  អ្វីដែលអាស៊ានសម្រេចបាននេះ គឺដើរតាម​ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និង ឆ្នាំ២០២៥ ដោយបានប្រែក្លាយអាស៊ានទៅជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៣នៅទ្វីបអាស៊ី និង លំដាប់ទី៦នៅសកលលោក។  


សម្តេច ហ៊ុន សែន ប្រធានអាស៊ាន ឆ្នាំ២០២២ កំពុងថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤កញ្ញា។
 
ប៉ុន្តែ ​នារយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដំណើរការនៃការកសាងសហគមន៍សេដ្ឋកិច្ចរបស់អាស៊ាន កំពុងប្រឈមនឹងឧបសគ្គចំនួន ព្រោះតែការផ្លាស់ប្តូរឥតឈមឈរនៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល​ដែលបណ្តាលមកពីការអូសបន្លាយនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន, សង្គ្រាមពាណិជ្ជកម្ម-បច្ចេកវិទ្យា រួមទាំងការការប្រែប្រួលអាកាធាតុ ជាដើម...។​ បញ្ហទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក, បានបង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ជាពិសេសធ្វើឱ្យសម្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងតំបន់ បានថយគួរឱ្យកត់សម្គាល់។ 
 
ជុំវិញនៃបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានផ្តោតអាទិភាពលើការធានាឱ្យបាននូវប្រសិទ្ធភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យ ជាមួយនឹងពន្លឿនការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន ​និងភាពធន់។​ «ក្នុងស្មារតីនេះ​ កម្ពុជាបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៤ នៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន ដែលបានរៀបរាប់ថា ក្នុងនោះមាន ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន,  ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងអាស៊ាន​ជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។​
 
បើតាមសម្តេច ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត​ ដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ អាស៊ាន ក៏ត្រូវផ្តោតលើការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គងតំបន់ និងសកល, ការតភ្ជាប់ និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន​, ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការរក្សាសន្តិសុខស្បៀង។ 


សម្តេច ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៤កញ្ញា។

សម្តេចនាយករដ្ឋមន្ត្រីបន្តលើកឡើងយ៉ាងដូច្នេះ៖ «ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ាន កំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្រ្តលើបញ្ហាថ្មីៗ ដូចជា ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល ក្នុងតំបន់»។​ ក្រៅពីនេះ អាស៊ានត្រូវផ្តោតលើការពង្រឹងភាពធន់ទៅនឹងគ្រោះមហន្តរា​យ និងជំងឺឆ្លងរាតត្បាតនានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច-មធ្យម(SMEs)... ជាដើម។
 
ទន្ទឹមគ្នានេះ អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាព និងការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការទាញផលប្រយោជន៍ជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន និងអាស៊ានបូក១។ ជាពិសេសទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប) ដែលមានចូលធរមានកាលពីថ្ងៃទី១មករា ឆ្នាំ២០២២។​ នេះជាការរៀបរាប់បន្ថែមរបស់សម្តេច។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តមានប្រសាសន៍ដោយជឿជាក់ថា៖ «អាស៊ាន នឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍តែមួយ។ អាស៊ាន ឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបតិ្តការ និងដើម្បីប្រយោជន៍ទៅវិញទៅមក ជាពិសេស ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់យើង»៕
 

Tag:
 សេដ្ឋកិច្ចឌីជីថល
  អាស៊ាន ឆ្នាំ២០២២
  សម្តេច​ ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com