កីឡាអន្តរជាតិ
អន្តរជាតិ
Marquez ម្ចាស់ជើងឯក MotoGP ៦សម័យ នឹងវិលចូលទីលានប្រណាំងវិញ ក្រោយជាពីរបួស
14, Sep 2022 , 11:29 pm        
រូបភាព
 ម្ចាស់ជើងឯកការប្រណាំង MotoGP World Championship ៦សម័យ Marc Marquez នឹងវិលត្រលប់ទៅកាន់ការប្រណាំងម៉ូតូធំលំដាប់ពិភពលោកវិញនាចុងសប្តាហ៍នេះ ក្នុងទីលានប្រណាំង ​Aragon Grand Prix ប្រទេសអេស្ប៉ាញ។ Marquez អវត្តមានជាច្រើនប្រកួត ដោយសាររបួសបាក់ឆ្អឹងដៃ។ នេះបើតាមក្រុម Honda Racing ថ្ងៃទី១៣ ខែកញ្ញា។



កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអវត្តមានការប្រកួត ៦ទីលានរួចមកហើយ ក្រោយពេលរូបគេត្រូវព្យាបាលរបួសត្រង់ដៃស្តាំក្រោយជួបគ្រោះថ្នាក់អំឡុងពេលប្រណាំងក្នុងខែមិថុនា ឆ្នាំ២០២០ម្លេះ។ ​កាលថ្ងៃទី១១ ខែកញ្ញា កីឡាករវ័យ ២៩ឆ្នាំ បានធ្វើតេស្តសាកល្បងនៅទីលាន Misano ហើយអាចវិលត្រលប់ចូលការប្រណាំងវិញបាន។
 
បញ្ហារបួសដៃស្តាំរបស់ Marquez បានកើតឡើងតាំងពីឆ្នាំ ២០២០ ក្នុងការប្រកួតទីលាន Spanish Grand Prix ដោយពេលនោះរូបគេបានជួបគ្រោះថ្នាក់រអិលដួល រហូតមានបញ្ហបាក់ឆ្អឹងត្រង់ដៃស្តាំ។ ក្រោយពេលរងរបួសមកម្ចាស់ជើងឯក MotoGP ៦សម័យ និង Moto3 ២សម័យរូបនេះមិនបានបង្ហាញខ្លួនរាល់ការប្រណាំងបានពេញលេញឡើយដោយត្រូវតាមដានបញ្ហារបួសតាមពេលកំណត់រហូតមកដល់ឆ្នាំ ២០២២។ រដូវកាលថ្មីនេះ Marquez បង្ហាញខ្លួនសារជាថ្មីនៅប្រទេសអ៊ីតាលីទីលាន Italian Grand Prix កាលខែឧសភា។
 
«ចាប់ពីការព្យាបាលជោគជ័យទាំង ៤ដំណាក់កាល លើដៃស្តាំរបស់ Marquez រួចមក ម្ចាស់ជើងឯក ៨សម័យ បានអនុវត្តតាមការណែនាំបានយ៉ាងល្អ ដើម្បីសម្រួសដល់ការជាសះស្បើយពេញលេញ។ បន្ទាប់ពីមានការត្រួតពិនិត្យនានារួចមក និងការធ្វើតេស្តលើម៉ូតូ ក្រុមទាំងមូលមានក្តីរំភើបរីករាយចំពោះការវិលត្រលប់មកវិញ ហើយជំហ៊ានបន្ទាប់គឺជាការវិលត្រលប់ចូលការប្រកួតប្រជែងវិញ។»។ នេះតាមសេចក្តីប្រកាសរបស់ក្រុម ​Honda Racing។
 
សូមជម្រាបថាការប្រណាំងម៉ូតូ MotoGP នាទីលានប្រណាំង Aragon GP នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ខណៈបច្ចុប្បន្នកីឡាករ Fabio Quartararo មកពីក្រុម Yamaha Racing កំពុងស្ថិតនៅកំពូលតារាងប្រជែងជើងឯក តាមពីក្រោយដោយកីឡាករអ៊ីតាលី Francesco Bagnaia ដែលឈរលំដាប់លេខ ២៕
 

Tag:
 MotoGP
  Marc Marquez
© រក្សាសិទ្ធិដោយ thmeythmey.com