ពីនេះ ពីនោះ
ថតរូបជាមួយអ្នកធំ!
15, Sep 2022 , 11:00 am        
រូបភាព
ថ្ងៃនេះ សុធីរ និងសំណាង ឆ្លៀតមកជួបគ្នា នៅក្នុងហាងកាហ្វេមួយកន្លែង ដូចសព្វមួយដង ក្រោយសម្លាញ់ទាំងពីរ ទំនេរពីការងារ និងការរកស៊ីរៀងៗខ្លួន បន្តិច។ មិនខុសពីមុនទេ រាល់ពេលជួបគ្នាម្ដងៗ សម្លាញ់ទាំងពីរ តែងតែលើកយកបញ្ហាសីលធម៌សង្គម និងភាពអសកម្មនានា យកមកជជែកគ្នា។



សំណាង៖ អញ ជ្រេញៗៗ ណាស់វើយ!
 
សុធីរ៖ ចុះវាថីហ្អែង អាសំណាង? ហ្អែង កើតស្អីហ្អាស?
 
សំណាង៖ អញ មិនកើតអីទេ! តែអញ វាជ្រេញនឹងអ្នកខ្លះ ចូលចិត្តថតរូបជាមួយអ្នកធំ អ្នកមានបុណ្យសក្តិ និងអំណាចជាដើម យកបង្ហោះបង្អួតគេ នៅក្នុងបណ្ដាញសង្គមហ្នឹងណា!
 
សុធីរ៖ អូហ៍! គ្រាន់តែរឿងប៉ុណ្ណឹងទេ ហ្អេ! ហ្អែង ច្រណែនគេមែន?
 
សំណាង៖ អញ អត់ច្រណែនគេទេ! តែអញបើកហ្វេសប៊ុកពេលណា ក៏ឃើញមិត្តភក្តិបង្ហោះរូបថតទាំងនោះ ទាំងអ្នកខ្លះ រត់ Pass App ទេ តែបានថតរូបជាមួយអ្នកធំ អ្នកមានអំណាចក៏បង្ហោះ។ ហើយពេលមានមន្ត្រី ឬអ្នកធំណា ឡើងឋានៈ និងតួនាទីថែមទៀតនោះ ស្រាប់តែឃើញអ្នកខ្លះបង្ហោះរូបខ្លួនឯង ភ្ជាប់រូបជាមួយអ្នកធំនោះដែរ។ អញវាឆ្ងល់ថា ធ្វើបែបនេះ តើវាបានប្រយោជន៍អី?
 
សុធីរ៖ វាពិតជាមានប្រយោជន៍មែនណា សម្លាញ់!
 
សំណាង៖ ប្រយោជន៍យ៉ាងម៉េចវិញ អាសុធីរ?
 
សុធីរ៖ អូខេ ! ចាំអញ សាកព្យាយាមបកស្រាយពន្យល់ប្រាប់ហ្អែងខ្លះៗ។ គ្រាដែលមនុស្សមួយចំនួន ចូលចិត្តបង្ហោះរូបខ្លួន ជាមួយអ្នកធំ មានបុណ្យសក្តិ និងអំណាចនេះ វាបង្ហាញរូបភាពពីរយ៉ាង ទី១ ពួកគេបង្ហាញពីទំនាក់ទំនងនៃការរាប់អានគ្នា និងការស្គាល់គ្នា ក្នុងកម្រិតណាមួយ និងទី២ គឺពួកគេកំពុងទាញប្រយោជន៍ពីគ្នា ដោយផ្ទាល់ និងដោយប្រយោល។
 
សំណាង៖ អញដូចមិនសូវយល់សោះ ជួយបកស្រាយលម្អិតបន្ថែមមក សម្លាញ់?
 
សុធីរ៖ ចំណុចទី១ បានន័យថា បើអ្នកថតរូបជាមួយអ្នកធំ ឬអ្នកមានបុណ្យសក្តិ និងអំណាចនោះ ពិតជាស្គាល់គ្នាមែន វាមិនសូវអីទេ វាហាក់ដូចជាទំនងភ្នែកមើលបន្តិចដែរ ព្រោះពួកគេចង់បង្ហាញពីទំនាក់ទំនងនៃការរាប់អានគ្នា និងការស្គាល់គ្នា។ ជាពិសេសនៅពេល អ្នកធំនោះ ទទួលបានតួនាទី ឬគោរមងារអ្វីមួយបន្ថែមទៀត គឺពួកគេតែងតែចេញសារជូនពរ ដោយចង់បង្ហាញពីអារម្មណ៍ត្រេកអរដែរ។
 
ប៉ុន្តែចំណុចទី២វិញ អ្នកខ្លះ ពេលបានជួបមុខអ្នកធំ មានបុណ្យសក្តិ និងអំណាចម្ដងៗ តែងតែសុំគេថតរូបហើយ ទាំងអ្នកធំនោះ ស្គាល់ ឬមិនស្គាល់ខ្លួនក្តី ដើម្បីបង្ហោះលើហ្វេសប៊ុកបង្ហាញឱ្យគេឃើញថា ខ្លួនមានទំនាក់ទំនងជាមួយអ្នកធំនេះ អ្នកធំនោះ ។ ហើយវាក៏ជារូបភាពមួយ ទាញប្រជាប្រិយភាព និងប្រយោជន៍ពីគ្នា។ 
 
ក្នុងន័យនេះ អញអាចលើកឧទាហរណ៍មួយ ឬពីរ ពន្យល់ថា អ្នកខ្លះថតរូបជាមួយធំ ឬអ្នកមានអំណាច បង្ហោះលើហ្វេសប៊ុក ឬដាក់តាំងនៅកន្លែងរកស៊ីនោះ ដើម្បីចង់បង្ហាញថា ពួកគេមានសែអ្នកមានអំណាច ហើយអាចពឹងពាក់អ្នកទាំងនោះបាន ក្រោមរូបភាពណាមួយ ។ ការធ្វើឱ្យបែបនេះ វាធ្វើឱ្យការរកស៊ីរបស់ពួកគេ ប្រព្រឹត្តទៅដោយរលូន មិនសូវមានការគំរាមគំហែង និងការកោសរូសប្រាក់ ពីមន្ត្រីណា ដែលប្រព្រឹត្តអំពើពុករលួយ ដើរទារលុយគេក្រៅផ្លូវការជាដើម ។ ជាពិសេសវាក៏ធ្វើឱ្យអ្នកដទៃទៀត ជឿលើការរកស៊ីរបស់គេ កាន់តែខ្លាំងផងដែរ។
 
ចំណែកអ្នកបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក៏ដូចគ្នា។ អ្នកខ្លះចូលចិត្តភ្ជាប់ខ្លួនជាមួយអ្នកធំ និងអ្នកមានអំណាចនេះ ហើយថតរូបបង្ហោះដើម្បីចង់ឱ្យគេស្គាល់ខ្លួន ថាជាមនុស្សមុខមាត់ មានក្រេឌីតខ្ពស់ ដើរជាមួយអ្នកធំនេះ អ្នកធំនោះ មានសែស្រឡាយអ្នកមានអំណាច ដើម្បីអាចទាញប្រយោជន៍ណាមួយ ដូចជាទទួលបានឱកាសឡើងតំណែង និងតួនាទីអ្វីមួយ រួមទាំងលាភសក្ការៈផ្សេងៗជាដើម។
 
សំណាង៖ តើមានច្រើនទេ មនុស្សបែបហ្នឹង? 
 
សុធីរ៖ សង្គមបច្ចុប្បន្ននេះ មានមនុស្សបែបនេះច្រើនដែរ ដូចហ្អែង បានឃើញនៅតាមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេង រួមទាំងទីតាំងមួយចំនួនទៀតស្រាប់ហើយ។ ប៉ុន្តែទង្វើបែបនេះ មិនមែនជារូបភាពអាក្រក់អ្វីនោះទេ ព្រោះវាជាភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗប៉ុណ្ណោះ ហើយការរាប់អាន និងមានឱកាសចូលកៀកជាមួយអ្នកធំ អ្នកមានអំណាច និងអ្នកពូកែរកស៊ីនេះ វាក៏ជួយឱ្យពួកគេ ទទួលបានបទសោធន៍វិជ្ជមានណាមួយ សម្រាប់ផ្លូវជីវិតពួកគេដែរ។
 

© រក្សាសិទ្ធិដោយ thmeythmey.com