ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល៖ មន្ទីរពេទ្យរដ្ឋនៅគ្រប់២៥រាជធានី-ខេត្ត មានគុណភាព៨០ភាគរយ
15, Sep 2022 , 1:59 pm        
រូបភាព
អគារមន្ទីរពេទ្យមេគង្គកំពង់ចាម (រូបពីក្រសួងព័ត៌មាន)
អគារមន្ទីរពេទ្យមេគង្គកំពង់ចាម (រូបពីក្រសួងព័ត៌មាន)
ក្រសួងសុខាភិបាល បានបង្ហាញពីការស្ទុះឡើងជាលំដាប់នូវគុណភាពនៃមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គុណភាពនៃមន្ទីរពេទ្យរដ្ឋ មានគុណភាពត្រឹម៤០ភាគរយប៉ុណ្ណោះ កាលពីឆ្នាំ២០១៧ តែបានហក់ឡើងដល់៨០ភាគរយ ពេលឈានចូលឆ្នាំ២០២១។



របាយការណ៍របស់ក្រសួងសុខាភិបាល បានសរសេរដូច្នេះថា៖«ក្រសួងសុខាភិបាល បានដាក់ឲ្យដំណើរការប្រព័ន្ធពិនិត្យតាមដាន និងលើកកម្ពស់គុណភាព នៅឆ្នាំ២០១៧ ដោយវាយតម្លៃមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ជាប្រចាំ នៅរៀងរាល់ត្រីមាស។ លទ្ធផល បង្ហាញថា ពិន្ទុគុណភាពជាមធ្យម ទាំងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក មានប្រមាណ៤០ភាគរយ នៅឆ្នាំ២០១៧ ហើយកើនឡើងដល់៨០ភាគរយ នៅឆ្នាំ២០២១»។ 
 
របាយការណ៍ខាងលើ ត្រូវបានចែកចាយដោយមន្រ្តីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ 
 
របាយការណ៍ បានឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២២ មូលដ្ឋានសុខាភិបាលសាធរណៈនៅទូទាំងប្រទេស បានកើនឡើងជាបន្តបន្ទាប់ ដោយមានមណ្ឌលសុខភាព១២៨៣កន្លែង ប៉ុស្តិ៍សុខភាព១១៧កន្លែង និងមន្ទីរពេទ្យបង្អែក១២៩កន្លែង នៅតាមរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានសាងសង់មណ្ឌលសុខភាពថ្មី១០៣កន្លែងទៀត។ 
 
ក្រសួងសុខាភិបាល បានរំលេចពីគុណសម្បត្តិរបស់រដ្ឋាភិបាលក្នុងរបាយការណ៍ថា រដ្ឋាភិបាល បន្តកែលម្អគុណភាពសេវាសុខាភិបាល និងអនុវត្តយន្តការគាំពារសុខាភិបាល ដូចជា ការលើកលែងការបង់ថ្លៃសម្រាប់សេវាសុខភាព កម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាជនក្រីក្រ-ប្រជាជនងាយរងគ្រោះ និងកម្មវិធីមូលនិធិសម្រាប់កម្មករ ជាដើម។ 
 
ក្រសួងសុខាភិបាល បន្តថា រដ្ឋាភិបាល បានបង្កើនការវិនិយោគទៅលើប្រព័ន្ធព័ត៌មានសុខាភិបាល ដោយរាប់បញ្ចូលទាំងបច្ចេកវិទ្យា និងទូរគមនាគមន៍ ដែលជាតម្រូវការ១ សម្រាប់ប្រព័ន្ធសុខាភិបាលទាំងមូល។ ក្រសួងសុខាភិបាល បន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ដូចជា ចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី បានរួមចំណែកជួយអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាល បញ្ជាក់ថា វិស័យសុខាភិបាល គឺជាជ្រុង១នៃយុទ្ធសាស្រ្តចតុកោណ៕  
 

Tag:
 វិស័យសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com