កីឡាអន្តរជាតិ
អន្តរជាតិ
FIFA និង AFC រួមគ្នារកដំណោះស្រាយ ជួយប្រទេសស៊ីរី ធ្វើម្ចាស់ផ្ទះការប្រកួតវិញ
15, Sep 2022 , 4:06 pm        
រូបភាព
ក្រុមជម្រើសជាតិបាល់ទាត់ស៊ីរី រូបពី Inside Football
ក្រុមជម្រើសជាតិបាល់ទាត់ស៊ីរី រូបពី Inside Football
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (​FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) រួមគ្នារកដំណោះស្រាយ ដើម្បីជួយប្រទេសស៊ីរីអាចទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួតកីឡាបាល់ទាត់ឡើងវិញ។ ដោយសារបញ្ហាសង្គ្រាម ស៊ីរីត្រូវបានផ្អាកមិនឱ្យមានការប្រកួតក្នុងប្រទេស ទោះត្រឹមប្រកួតមិត្តភាព។



ស៊ីរី ត្រូវបានហាមឃាត់មិនឲ្យធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ ចាប់តាំងពីផ្ទុះសង្គ្រាមនៅឆ្នាំ២០១១។ យ៉ាងណាក៏ដោយការប្រកួតនៅក្រៅដីជាអន្តរជាតិ ក្រុមជម្រើសជាតិស៊ីរីនៅតែមានសកម្មភាពធម្មតា។
 
ជុំវិញបញ្ហានេះ FIFA កំពុងស្វែងរកដំណោះស្រាយ ដើម្បីអាចឲ្យប្រទេសនេះ ​ធ្វើជាម្ចាស់ផ្ទះ និងធានាបានូវសុវត្ថភាពរបស់អ្នកចូលរួមប្រកួត។ សហព័ន្ធបាល់ទាត់អន្ដរជាតិនេះ កំពុងស្វែងរកការប្រកួតអន្តរជាតិណាមួយ សម្រាប់ធ្វើក្នុងទីក្រុង Damascus នៃប្រទេសស៊ីរី ដែលជាមធ្យោបាយចាប់ផ្តើមការអភិវឌ្ឍ សាជាថ្មីលើវិស័យបាល់ទាត់ក្នុងប្រទេសញ៉ាំញីដោយសារសង្គ្រាមមួយនេះ។
 
ក្នុងកិច្ចប្រជុំរវាង លោក Gianni Infantino ប្រធាន FIFA និង Salah Edeen Ramadan ប្រធានសហព័ន្ធកីឡាបាល់ទាត់ស៊ីរី (SAFA) នៅទីក្រុង Doha ស្ថាប័ន FIFA រួមជាមួយ AFC នឹងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងអង្គការសហប្រជាជាតិ (UN) សម្រាប់វិធានការអនុញ្ញាតឲ្យមានការប្រកួតឡើងវិញនៅទឹកដីស៊ីរី។ 
គិតចាប់តាំងពីឆ្នាំ ២០១៦មក SAFA បានទទួលលុយ ២,៧លានដុល្លារ ពីគម្រោមអភិវឌ្ឍន៍កីឡាបាល់ទាត់ពី FIFA ប៉ុន្ដែ មកទល់ពេលនេះ មិនទាន់មានសមិទ្ធផលអ្វីធំដុំ ជុំវិញគម្រោងអភិវឌ្ឍនៅឡើយទេ។
 
គួរបញ្ជាក់ផងដែរ​ថា ប្រទេសស៊ីរី ទទួលរងភ្លើងសង្គ្រាមដោយសារបដិវត្តនិទាឃរដូវអារប់ ចាប់ពីឆ្នាំ២០១១ ដែលធ្វើឲ្យរាជរដ្ឋាភិបាលរបស់ប្រទេសស៊ីរី មិនសប្បាយចិត្ត៕
 

Tag:
 បាល់ទាត់
  FIFA
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com