ជាតិ
អ្នកឃ្លាំមើលសង្គមថា ក្រសួងពុំគួរបិទគ្រឹះស្ថានសិក្សាទូទាំងភ្នំពេញ នៅអំឡុងកិច្ចប្រជុំអាស៊ានឡើយ
15, Sep 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍សង្គម ពុំយល់ស្របតាមក្រសួងអប់រំ យុវជន និងកីឡា ដែលសម្រេចបិទគ្រឹះស្ថានរដ្ឋនិងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ នាអំឡុងកិច្ចប្រជុំអាស៊ានឡើយ។  ពួកគេថា ក្រសួងអាចមានជម្រើសច្រើនយ៉ាង ដែលអាចរៀបចំកិច្ចប្រជុំអាស៊ាន ដោយពុំចាំបាច់ផ្អាកដំណើរការរៀនសូត្រ។

 
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសិក្សា តាមគ្រឹះស្ថានសាធារណៈ និងឯកជនគ្រប់កម្រិត រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ដល់ពលរដ្ឋ។ ជាពិសេសសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទៀត។


លោក ឡៅ ម៉ុងហៃ អ្នកតាមដានសង្គម។ (រូបទីពីររាប់ពីឆ្វេង)
 
ទាក់ទិននឹងការបិទគ្រឹះស្ថានសិក្សានេះ លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព យល់ថា ដំណើរក្បួនគណៈប្រតិភូនៃកិច្ចប្រជុំអាស៊ាន ពិតជាសំខាន់ ប៉ុន្តែការផ្អាកគ្រឹះស្ថានសិក្សាទាំងអស់ក្នុងរាជធានីភ្នំពេញ ក៏មិនគួរកើតមានឡើយ ហើយផ្លូវក្បួនគណៈប្រតិភូ ក៏ពុំមែនទូទាំងក្រុងនោះដែរ។ 
 
បើតាមលោក គឹមអេង រាជធានីភ្នំពេញមានផ្លូវច្រើន ដែលអាចប្រើប្រាស់ផ្លូវវាងជំនួសឲ្យផ្លូវក្បួនប្រតិភូ។ ដូច្នេះអាជ្ញាធរ គួររៀបចំឲ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បើកដំណើរការ តាមរយៈការជិះតាមផ្លូវវាងនេះ។ 
 
«បើព្រឹត្តិការណ៍ធំៗ យើងចេះតែផ្អាកការរៀនសូត្រ គឺប៉ះពាល់ធំណាស់! លុះត្រាតែកិច្ចប្រជុំនោះ រៀបចំឡើងក្នុងគ្រឹះស្ថានណាមួយទើបគេអាចបិទគ្រឹះស្ថាននោះ។ ប៉ុន្តែ ករណីកិច្ចប្រជុំអាស៊ាននេះ ខ្ញុំគិតថាពុំគួរកើតមានរឿងបែបនេះទេ ផ្អាកសិក្សា៣ថ្ងៃគ្រប់សាលានៅភ្នំពេញ ខណៈយើងកំពុងខកខាតការសិក្សាច្រើនអំឡុងពេលកូវីដ-១៩នេះផង»។ នេះជាការលើកឡើងរបស់លោក គឹមអេង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ដោយបន្ថែមថា រដ្ឋក៏គួរដោះស្រាយបញ្ហានេះឡើងវិញ ព្រោះមានជម្រើសច្រើន ខណៈដំណើរគណៈប្រតិភូនីមួយៗ សុទ្ធតែត្រូវបានដឹងមុនថា នឹងជិះចេញ-ចូល តាមផ្លូវមួយណា។ 
 

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ រូបពីហ្វេសប៊ុកលោក គឹមអេង

ជុំវិញករណីនេះ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏មិនយល់ស្របនឹងការសម្រេចរបស់ក្រសួងដែរ។ លោកផ្ដល់ជាដំណោះស្រាយទៅក្រសួងវិញ ឲ្យបិទសាលាមួយចំនួន នៅតាមផ្លូវណា ដែលមានក្បួនគណៈប្រតិភូឆ្លងកាត់ប៉ុណ្ណោះ។ ហើយការបិទនេះទៀតសោត ក៏តម្រូវឲ្យសិស្សរៀនតាមប្រព័ន្ធអនឡាញផងដែរ។ 
 
«បិទសាលារៀនដែលនៅជិតឬជាប់កន្លែងផ្លូវនៃកម្មវិធីប្រជុំ។ សាលារៀននៅទីតាំងឆ្ងាយពីកិច្ចប្រជុំ អាចដំណើរការធម្មតា។ សិស្សសាលាដែលនៅជិតឬជាប់កន្លែងប្រជុំអាចរៀនតាមអនឡាញ»។ នេះជាសំណេរ ប៉ា ច័ន្ធរឿន ដែលបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន។ 
 
ក្រោយឃើញសំណេររបស់លោក ប៉ា ច័ន្ទរឿន នេះ លោក ឡៅ ម៉ុងហៃ ដែលជាអ្នកតាមដានហេតុការណ៍សង្គម ក៏បានចូលទៅបញ្ចេញមតិដែរថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពី១០ឆ្នាំមុន មិនមានការផ្អាកគ្រឹះស្ថានសិក្សាឡើយ។ 


លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។ 
 
លោក ឡៅ ម៉ុងហៃ បានសរសេរយ៉ាងដូច្នេះ៖ «ពូកែគ្រប់គ្រងដឹកនាំប្រទេសមានសន្តិភាព គេអាចរៀបចំសកម្មភាពបន្ថែម មិនឲ្យប៉ះពាល់ដល់សកម្មភាពរបស់ប្រជាពលរដ្ឋ។ ១០ឆ្នាំមុន បានរៀបចំសកម្មភាពបន្ថែមបែបនេះ មិនឲ្យប៉ះពាល់ដល់សកម្មភាពរបស់ប្រជាពលរដ្ឋ។ មុនធ្វើបាន ម៉េចឥឡូវធ្វើមិនបាន?»។ 
 
ជុំវិញករណីខាងលើនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ពុំបានបកស្រាយអ្វីឲ្យលើសពីសេចក្ដីប្រកាសព័ត៌មានឡើយ នៅពេលសារព័ត៌មានថ្មីៗ សាកសួរជុំវិញការរិះគន់ខាងលើនេះ។ អ្នកនាំពាក្យរូបនេះ គ្រាន់តែផ្ញើសេចក្ដីប្រកាសព័ត៌មានដដែល ចេញកាលពីថ្ងៃទី១២ កញ្ញា មកឲ្យអ្នកសារព័ត៌មានប៉ុណ្ណោះ។ 
 
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការសម្រេចផ្អាកដំណើរការសិក្សា រយៈពេល៣ថ្ងៃនេះ។
 
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តឡើងពីថ្ងៃទី១០ដល់១៣វិច្ឆិកា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានអាស៊ាន៕
 
 

Tag:
 អប់រំ
  កិច្ចប្រជុំអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com