ជាតិ
ខេត្ត១៩ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានមនុស្សស្លាប់ ៩នាក់
16, Sep 2022 , 8:59 am        
រូបភាព
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន តែពុំបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តខេត្តឧត្ដរមានជ័យ កាលពីដើមខែកញ្ញាកន្លងទៅ។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន តែពុំបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តខេត្តឧត្ដរមានជ័យ កាលពីដើមខែកញ្ញាកន្លងទៅ។ រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម។
ភ្នំពេញ៖ ចាប់ពីដើមរដូវវស្សាក្នុងឆ្នាំ២០២២ គ្រោះមហន្តរាយ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ខេត្តចំនួន១៩។ ប៉ុន្តែជំនន់ទឹកភ្លៀងនេះ ដែលប៉ះពាល់ខេត្តទាំងនោះ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា មិនបង្កហានិភ័យធ្ងន់ធ្ងរឡើយ ពោលគឺស្ថិតក្នុងកម្រិតស្រាល និងមធ្យម ប៉ុណ្ណោះ។



ជំនន់ទឹកភ្លៀងចាប់ពីដើមខែវស្សាក្នុងឆ្នាំនេះ មានពលរដ្ឋប្រមាណ ២០ ៩៦៤គ្រួសារ ឬ ៨៣ ៨៥៦នាក់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ក្នុងនោះ៣០៧គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ពលរដ្ឋ៩នាក់បានស្លាប់ លិចផ្ទះពលរដ្ឋចំនួន ៣ ២៧៤ខ្នង និងខូចខាត៤ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ នេះបើតាមលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យន្នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។​


 ស្រូវពលរដ្ឋលិចទឹក បណ្ដាលមកពីជំនន់ទឹកភ្លៀងកាលពីដើមខែកញ្ញា ក្នុងសង្កាត់ស្រយ៉ូវ ខេត្តកំពង់ធំ។ រូបភាព ឈុំ ចន្ថា។
 
ចំពោះផលប៉ះពាល់ផ្នែកវិស័យកសិកម្មវិញ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចខាតស្រូវចំនួន ១៩ ៩៦០ហិកតា ខណៈដំណាំរួមផ្សំលិចទឹកមាន ៤ ០៩២ហិកតា ក្នុងនោះខូចខាត ១ ១៤៧ហិកតា។ 
ជុំវិញផលប៉ះពាល់ដូចការរៀបរាប់ខាងលើនេះ​ អ្នកនាំពាក្យរូបនេះ អះអាងប្រាប់សារព័ត៌មាន ThmeyThmey25 តាមតេឡេក្រាម នៅរសៀលថ្ងៃទី១៤ ខែកញ្ញានេះ ដូច្នេះថា៖ «គិតជារួមតាមការវាយតម្លៃពីស្ថានភាពជន់លិចនៅតាមបណ្ដាខេត្ត មកទល់ពេលនេះ គឺពុំទាន់មានសភាពធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែខេត្តកំពង់ធំ ជាខេត្តដែលរងគ្រោះច្រើនជាងគេ ធ្វើឱ្យប៉ះពាល់ទៅលើស្រូវ ដោយសារស្ថានភាពទឹកគឺលិចយូរ ហើយមកដល់ពេលនេះ ស្ថានភាពទឹកនៅតែក្នុងកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ននៅឡើយ»។ 
 
ដ្បិតស្ថានភាពបច្ចុប្បន្នគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សង្កេតឃើញថា មិនមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែស្ថានការណ៍ជំនន់ទឹកភ្លៀងនៅតែជាកង្វល់។ កង្វល់នេះ លោក សុទ្ធ គឹមកុលមុន្នី យោងទៅលើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបង្ហាញថាភ្លៀងនៅតែបន្តធ្លាក់ក្នុងរយៈពេលខែទៀត​ ពីកម្រិតមធ្យមទៅច្រើន នៅទូទាំងប្រទេស។ 
 
ភ្លៀងបន្តធ្លាក់ក្នុងរយៈពេល២ខែទៀតនេះ អ្នកនាំពាក្យរូបនេះ សង្កត់ធ្ងន់ថា អាចបង្កជាផលប៉ះពាល់ និងបង្កការខូចខាត ទាំងសង្គម និងកសិកម្ម កាន់តែច្រើនជាងមុន។ លោកបន្ថែមដូច្នេះ៖ «(ភ្លៀងបន្តធ្លាក់នេះ) នឹងអាចមានផលប៉ះពាល់ និងខូចខាតចំនួនច្រើនជាងមុន ដោយសារប្រភពទឹកមួយចំនួនធំមានទឹកពេញ និងទីវាលមានទឹកដក់ពេញ ដែលអាចមាន កម្រិតហានិភ័យខ្ពស់»។ 
 
ដើម្បីឆ្លើយតបនឹងស្ថានការណ៍ហានិភ័យ ដែលអាចកើតមានឡើង ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនេះ លោក សុទ្ធ គឹមកុលមុន្នី អះអាងថា  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈរួចរាល់ ទាំងកម្លាំង មធ្យោបាយប្រចាំការ និង តាមដានស្ថានភាព ដើម្បីកាត់បន្ថយ និងទប់ស្កាត់ គ្រោះមហន្តរាយនេះ។ 
 
ដោយឡែក លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចេញសេចចក្ដីណែនាំ ទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីតាមដានជាប្រចាំផងដែរ ពីស្ថានភាពជំននទឹកភ្លៀង និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់លើស្ថានការណ៍ជំនន់នេះ និង ប្រុងប្រយ័ត្នខ្ពស់ផងដែរ៕
 
 
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង២០២២
  លោក សុទ្ធ គឹមកុលមុន្នី
© រក្សាសិទ្ធិដោយ thmeythmey.com