ជាតិ
សេដ្ឋកិច្ច
អាស៊ាន
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​ ជំរុញការអនុវត្តគោលនយោបាយប្រកួតប្រជែង សម្រាប់SMEចូលទីផ្សារ
16, Sep 2022 , 8:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច ឆ្នាំ២០២២។
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច ឆ្នាំ២០២២។
សៀមរាប៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំង១០ប្រទេសនៃតំបន់អាស៊ាន ​ឯកភាពគ្នាជំរុញ​និងលើកទឹកចិត្តការអនុវត្តបង្កើតគោលនយោបាយប្រកួតប្រជែង​ ដើម្បីបើកឱកាសឱ្យសហគ្រាសធុនតូចនិងមធ្យម(SMEs)គ្រប់ប្រទេសចូលទីផ្សារអាស៊ាន។ ការជំរុញនេះ ចាំបាច់ត្រូវអនុវត្តក្រោយវិបត្តិកូវីដ-១៩នៃការស្តារសេដ្ឋកិច្ចឡើងវិញ។  នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។

 
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា​ គោលនយោបាយប្រកួតប្រជែង គឺជាឯកសារសំខាន់មួយសម្រាប់បណ្តាប្រទេសអាស៊ាន ដើម្បីជំរុញវិធីសាស្រ្តអនុវត្តច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង ដើម្បីបើកឱកាសឱ្យទៅដល់សហគ្រាសធុនតូច និងមធ្យម អាចជ្រាបចូលទីផ្សារអាស៊ាន និងពិភពលោក​ប្រកបដោយភាពងាយស្រួល។ 
 
ក្នុងសន្និសីទស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៥កញ្ញាយ៉ាងដូច្នេះ លោក សុវិជាតិ បានថ្លែងដូច្នេះ៖ «គោលនយោបាយនេះ នឹងជំរុញដល់SMEនៃបណ្តាប្រទេសនីមួយៗក្នុងតំបន់ អាចអនុវត្តធុរកិច្ចរបស់ខ្លួននៅក្នុងបរិយាកាសប្រកួតប្រជែងមួយដែលមានលក្ខណៈសមធម៌ និងតម្លាភាព»។
 
បើតាមលោក ប៉ែន សុវិជាតិ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ក៏បានអនុម័តគោលការណ៍មូលដ្ឋានរួមមួយ លើក្រ​បខណ្ឌស្តីអំពីកិច្ចការប្រកួតប្រជែង ផងដែរ។  លើសពីនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានជំរុញការអនុវត្តគោលការណ៍នេះ សម្រាប់ការចរចានៅក្នុងក្របខណ្ឌអាស៊ានទាំងមូល។ 
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏បានសម្រេចពង្រឹងអនុវត្តលើផែនការសកម្មភាពរួម សម្រាប់កិច្ចការប្រកួតប្រជែង ដែលត្រូវអនុវត្តដល់ឆ្នាំ២០២៥។ លោក សុវិជាតិ បន្ថែមថា៖ «កិច្ចការនេះបានលើកកម្ពស់ដល់បរិយាកាសនៃការប្រកួតប្រជែងរបស់ទីផ្សារ នវានុវត្តន៍ និងជំរុញសេដ្ឋកិច្ចអាស៊ានឱ្យរីកចម្រើនប្រកបដោយថាមវន្ត»។ 
 
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​ មើលឃើញថា បើការអនុវត្តច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ ប្រកបប្រសិទ្ធភាពនោះ វានឹងជួយជំរុញដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថលផងដែរ។ «ក្នុងនោះ ទាំងទំហំនៃការអនុវត្ត​ ក៏ដូចជាវិសាលភាពនៃការអនុវត្ត​សុទ្ធតែបានរួមចំណែកដល់ទីផ្សារឌីជីថល(Digital Market)»។ បើតាមលោក ប៉ែន សុវិជាតិ៕ 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អាស៊ានឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com