ជាតិ
ពីនេះ ពីនោះ
យុវជន បង្កើតយុទ្ធនាការ «មួយជំហានគ្មានប្លាស្ទិក» សម្រាប់ពលរដ្ឋនៅតំបន់ទេសចរណ៍
16, Sep 2022 , 11:29 pm        
រូបភាព
សកម្មភាពភាព ប្រមូលសំរាម កាលពីខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក ONESTEPNOPLASTIC។
សកម្មភាពភាព ប្រមូលសំរាម កាលពីខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក ONESTEPNOPLASTIC។
 ភ្នំពេញ៖ ONESTEPNOPLASTIC ឬ មួយជំហានគ្មានប្លាស្ទិកជាយុទ្ធនាការមួយ បង្កើតឡើងក្នុងគោលបំណងកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះ ផ្ដោតលើតំបន់ទេសចរណ៍គោលដៅក្នុងន័យលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តភាព និងភាពទាក់ទាញ។

 
យុទ្ធនាការនេះ ត្រូវបានចាប់ផ្ដើមឡើងកាលពីចុងខែកក្កដា ឆ្នាំ២០២២ ក្រោមការផ្ដួចផ្ដើមពី All Dreams Cambodia និងក្រុមនិស្សិត Tos Yerng។ សកម្មភាពចម្បងនៃយុទ្ធនាការនេះ​ គឺប្រមូលសំរាមផ្លាស្ទិក នៅតាមខេត្តគោលដៅទេសចរណ៍។ ចាប់ផ្ដើមពីចុងខែកក្កដាមក យុទ្ធនាការបានចាប់ផ្ដើមប្រមូលសំរាមប្លាស្ទិក ក្នុងខេត្តចំនួន២រួចមកហើយ គឺខេត្តកែប និង សៀមរាប។ យុទ្ធនាការនេះ នឹងធ្វើនៅថ្ងៃ១៧​ ខែកញ្ញា នៅខេត្តក្រចេះ។ 


 សកម្មភាពភាព ប្រមូលសំរាម កាលពីខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក ONESTEPNOPLASTIC។ 
 
លោក ហួត ឃាង អគ្គនាយកប្រតិបត្តិ All Dreams Cambodia លើកឡើងថា ONESTEPNOPLASTIC នឹងបញ្ជ្រាបការយល់ដឹង លើសំណល់ប្លាស្ទិក ដល់ពលរដ្ឋតំបន់គោលដៅទេសចរណ៍។ កន្លងមក យុទ្ធនាការមួយនេះ បានកៀងគរអ្នកចូលរួមបានជាង ៣០០នាក់ មកពី ក្រសួងស្ថាប័នពាក់ព័ន្ធ អាជីវកម្មទេសចរណ៍ បដិសណ្ឋារកិច្ច សហគ្រាសសង្គម និងអង្គការដៃគូ​​ ជាដើម។ យុទ្ធនាការទាំងពីរលើកនោះ បានប្រមូលសំរាមបានជិត ៣តោនផងដែរ។ 
 
លោក ហួត ឃាង បន្ថែមថា៖ «យើងជាក្រុមហ៊ុនទេសចរណ៍ តែអ្វីដែលយើងធ្វើឡើង គឺបាញ់ឆ្ពោះទៅលើតំបន់គោលដៅទេសចរណ៍ ដើម្បីឱ្យមានការចូលរួមពីប្រជាជនក្នុងសហគមន៍ លើការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់។ វាជាយុទ្ធសាស្ត្រ លើកស្ទួយតំបន់ទេសចរណ៍»។ 
 

សកម្មភាពភាព ប្រមូលសំរាម កាលពីខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ រូបភាពពីទំព័រហ្វេសប៊ុក ONESTEPNOPLASTIC។ 

ជុំវិញសំណល់ដែលប្រមូលបានពីយុទ្ធនាការនេះ លោក ហួត ឃាង អះអាងថានឹងត្រូវបានយកទៅកែច្នៃឡើងវិញ ដោយ Chip Mong Ecocycle និង ឥដ្ឋអេកូ Eco-Bricks។ លោកពន្យល់បន្ថែមពីការកែច្នៃឡើងវិញដូច្នេះ៖ «កាលណាយើងប្រមូល(សំរាម)បាន ក្រុមហ៊ុនChip Mong Ecocycle គាត់នឹងបញ្ជូលទៅរោងចក្រ ដើម្បី reuse (ប្រើប្រាស់ឡើងវិញ)។
ឯឥដ្ឋអេកូ Eco-Bricks កែច្នៃធ្វើជាឥដ្ឋបរិស្ថាន។ដូច្នេះសំរាមប្លាស្ទិក ដែលយើងប្រមូលបាន វាចេញទៅវិញទេហើយយើងក៏មិនដុតបំភាយឧស្ម័ននោះដែរ»។ 
 
បន្ទាប់ពីខេត្តកែប ខេត្តសៀមរាប និងខេត្តក្រចេះ យុទ្ធនាការ ONESTEPNOPLASTIC នឹងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងចុងក្រោយនៅដើមខែធ្នូ ឆ្នាំ២០២២
ក្នុងព្រឹត្តិការណ៍ RUPP Free Plastics នៅសាកលវិទ្យាភូមិន្ទភ្នំពេញរាជធានីភ្នំពេញ៕
 
 

Tag:
 ThmeyThmey25
  ប្លាស្ទិក
  onestepnoplastic
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com