ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ វិទ្យាល័យទួលក្បិល បង្កើនការ​យកចិត្តទុកដាក់ និងជំរុញការសិក្សាដល់សិស្ស ​មានពិការភាព
17, Sep 2022 , 9:59 am        
រូបភាព
ដោយ៖ ឈួន ស៊ាងហួរ(យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ វិទ្យាល័យទួលក្បិល សិ្ថតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វា បាន និងកំពុងសាងសង់បង្គន់អនាម័យបន្ថែម ដែលមានជម្រាលសម្រាប់ជនពិការផងដែរ។ លោក ជា ចន្ថា នាយករងវិទ្យាល័យ បានអះអាងថា បង្គន់អនាម័យថ្មីដែលមានជម្រាលនេះ



នឹងរួមចំណែកជំរុញឱ្យសិស្សដែលមានពិការភាព បន្តការសិក្សារហូតដល់ចប់បាក់ឌុប។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
ក្នុងវិទ្យាល័យទួលក្បិល សិ្ថតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមានសិស្សានុសិស្ស ចំនួន ១ ០៣៣នាក់ ក្នុងនោះសិស្សស្រី៥៣៦នាក់។ លោក ជា ចន្ថា នាយករងវិទ្យាល័យទួលក្បិល បានឱ្យដឹងថា ក្នុងក្នុងចំណោមសិស្សទាំងអស់នោះ មានអ្នកដែលមានពិការភាពមានចំនួន ៦នាក់ ដែលភាគច្រើនជាសិស្សខ្សោយគំហើញ។  «ពិការហ្នឹង គឺពិការភ្នែក។ ដូចភ្នែកគាត់ម្ញ៉ូប។ តែគាត់ពាក់វ៉ែនតាទៅមើលឃើញ។ អ្នកពិការជើងជិះរទេះ គឺអត់មានទេ»។ នេះជាការពន្យល់បន្ថែមរបស់លោក នាយករងវិទ្យាល័យទួលក្បិល។ 
 
ដើម្បីបង្កភាពងាយស្រួលបន្ថែម ដល់ការសិក្សារបស់សិស្សដែលមានពិការភាព ​ពួកគេ ត្រូវបានផ្តល់អាទិភាព ឱ្យ​អង្គុយតុខាងមុខ ខណៈសាលា ក៏បាន និងកំពុងសាងសង់បង្គន់អនាម័យ ដែលមានជម្រាលផងដែរ។ ​លោក ជា ចន្ថា លើកឡើងថា៖«មានសារៈសំខាន់ណាស់ ដោយសារអី គាត់ខ្វេងខ្វង់ដៃជើង បើឱ្យគាត់​ឡើងដូចយើងធម្មតា គឺអត់បានទេ ពីព្រោះយើងយកចិត្តទុកដាក់ចំពោះគាត់។ បើអត់ធ្វើឱ្យគាត់ គាត់ទី១ បើសិនគាត់​ឡើងចុះទៅបង្គន់អនាម័យពិបាក អាចបោះបង់ការសិក្សា។ ដោយសារអី ដោយសារគាត់ពិបាក។ អ៊ីចឹងយើងយកចិត្តទុកចំពោះគាត់ ដើម្បីឱ្យគាត់រៀន​ចប់ចុងចប់ដើម ដូចសិស្សអត់ពិការដែរ»។


 
យ៉ាងណាក៏ដោយ លោកនាយករងវិទ្យាល័យទួលក្បិល បញ្ជាក់ថា សម្រាប់អគារសិក្សា​ដែលសាងសង់ពីមុន ថ្នាក់ដឹកនាំសាលាក៏មានផែនការក្នុងការសាងសង់ជម្រាលបន្ថែមដែរ ដោសារតែគំរូម៉ូតពីមុនមិនទាន់បានបញ្ចូលការគិតគូរដល់សិស្សដែលមានពិការភាពនៅឡើយ។  ​ទន្ទឹមនឹងនេះ លោក ជា ចន្ថា ក៏អះអាងដែរថា​ ការស្ថាបនាសំណង់ផ្សេងៗទៀត នៅក្នុងសាលានៅថ្ងៃអនាគត នឹងភ្ជាប់ជាមួយជម្រាលសម្រាប់ជនមានពិការភាពផងដែរ។
នាយករងវិទ្យាល័យរូបនេះ ក៏បានជំរុញឱ្យសំណូមពរដល់អាណាព្យាបាលអាណាព្យាបាល​ដែលពិការភាព ជំរុញ និងលើកទឹកចិត្តកូន ​បន្ថែមផងដែរ ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកមានពិការភាព ទទួលបានអប់រំល្អប្រសើរ៕
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 

Tag:
 អប់រំ
  សិស្សមានពិការភាព
 ជា ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com