ជាតិ
សេដ្ឋកិច្ច
ក.ប.ប ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនផ្សព្វផ្សាយលក់អាហារបំប៉នព្យាបាលជំងឺពលរដ្ឋ
17, Sep 2022 , 12:19 pm        
រូបភាព
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប កំពុងថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយពិធីបើកដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី នៅខេត្តសៀមរាប នាថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប កំពុងថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយពិធីបើកដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្ត្រាលី នៅខេត្តសៀមរាប នាថ្ងៃទី១៦កញ្ញា ឆ្នាំ២០២២។
សៀមរាប៖រាល់ការផ្សព្វផ្សាយលក់អាហារបំប៉ន​ដែលអាចព្យាបាលជំងឺពលរដ្ឋបានគ្រប់មុខរបស់ក្រុមហ៊ុនមួយចំនួននៅទីផ្សារកម្ពុជា គឺជាអំពើបោកប្រាស់ទាំងស្រុង។ ដើម្បីការពារអ្នកប្រើប្រាស់ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងក្លែងបន្លំ(ក.ប.ប) ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនទាំងនោះ នៅខែតុលា ឆ្នាំ២០២២។

 
អាហារបំប៉ន មានតួនាទីត្រឹមបំពេញបន្ថែម​ដល់ខ្លួនប្រាណមនុស្សឱ្យមានកម្លាំង និង ថាមពល ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួនផ្សព្វផ្សាយលក់អាហារបំប៉ននៅទីផ្សារកម្ពុជាដែលអាចព្យាបាលជំងឺពលរដ្ឋបានគ្រប់មុខ។ បើតាមលោក ផាន អូន គ្មានអាហារបំប៉នប្រភេទណាដែលអាចព្យាបាលជំងឺមហារីក ទឹកនោមផ្អែម បេះដូង​ រោគស្រ្តី ឬសដូង ឬជំងឺផ្សេងៗទៀតរបស់ពលរដ្ឋបានឡើយ លើកលែងតែ មានអ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញពីក្រសួងសុខាភិបាល បង្ហាញថាអាហារបំប៉ននោះ មានតួនាទីជាថ្នាំពេទ្យ ទើបវាអាចព្យាបាលជំងឺបានមួយចំនួនតូចណាមួយតែប៉ុណ្ណោះ។ 
 
កន្លងមក ក.ប.ប បានណែនាំដល់ម្ចាស់ក្រុមហ៊ុនអាហារបំប៉នទាំងអស់នោះ ក៏ដូចជាក្រុមហ៊ុនលក់ផលិតផលផ្សេងទៀត ឱ្យបឈ្ឈប់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មមានលក្ខណៈទុច្ចរិតបែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតថវិកា​ និង ពេលវេលាចំពោះអ្នកប្រើប្រាស់។ ដ្បិត មានការណែនាំជាបន្តបន្ទាប់ ប៉ុន្តែរូបភាពផ្សព្វផ្សាយលក់ផលិតផលដែលខុសនូវមុខងារនៃផលិតផលទាំងនោះ គឺនៅតែមានមកទល់សព្វថ្ងៃ។ 
 
លោក ផាន អូន ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប  បាននិយាយថា៖ «យើងបានអញ្ជើញខាងក្រុមហ៊ុនទាំងនោះជាលើកទីមួយ-ទីពីរ រួចហើយ ដោយយើងទុកពេលឱ្យក្រុមហ៊ុនទាំងនោះមួយខែទៀត ដើម្បីបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈបោកប្រាស់អ្នកប្រើប្រាស់បែបនេះ»។​
 
លោក ផាន អូន  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៦កញ្ញា ថា ៖« នៅចុងខែតុលា[ឆ្នាំ២០២២]នេះ យើងនឹងចាត់វិធានពិន័យ និងព្រមានដល់ម្ចាស់ក្រុមហ៊ុនឱ្យដកពាក្យពេចន៍មួយចំនួនលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ និងមធ្យាបាយទាំងអស់ ដើម្បីធានានូវការរកស៊ីមួយប្រកបដោយសុច្ចរឹតភាពនៅកម្ពុជា»។​
 
បើតាមលោក ផាន អូន បច្ចុប្បន្ន​ក្រៅពីមានក្រុមហ៊ុនអាហារបំប៉នហើយនោះ ក៏មានក្រុមហ៊ុនលក់ទឹកបរិសុទ្ធមួយចំនួនបានផ្សព្វផ្សាយខុសមុខងារ ឬតួនាទីរបស់ទឹកសុទ្ធនោះផងដែរ។ ការផ្សព្វផ្សាយលក់ទឹកបរិសុទ្ធដែលអាចលាយម្សៅទឹកដោះគោសម្រាប់កុមារ និងទារកប៉ៅបាននោះ គឺជារឿងមួយដែលមិនអនុវត្តលោមនៅតាមអនុក្រឹត្យលេខ១៣៣ ស្តី​ពី​ទី​ផ្សារ​ផលិតផល​សម្រាប់​ទារក និង​អាហារ​បំប៉ន​សម្រាប់​​កុមារ និង ច្បាប់នៃអង្គការសុខភាពពិភពលោក។ លោកបន្ថែមថា៖ «ទឹកដែលអាចលាយម្សៅទឹកដោះគោបាន លុះត្រាតែទឹកនោះ មានកម្តៅរហូតដល់៧០អង្សារសេ ដើម្បីសម្លាប់មេរោគមួយចំនួនដែលអាចមាននៅក្នុងម្សៅទឹកដោះគោ។ អ៊ីចឹង! ការផ្សាយពាណិជ្ជកម្មថា យកទឹកសុទ្ធអាចលាយម្សៅទារកនិងកុមារ គឺយើងមិនអនុញ្ញាតទេ»។
 
យោងតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់  បទល្មើសក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ​ចំពោះបទដ្ឋានព័ត៌មានសម្រាប់អ្នក​ប្រើប្រាស់ គឺមានកម្រិតអតិប្បរមា១០លានរៀល​ ឬតូចជាងនេះ។ ប៉ុន្តែ ក្នុងករណីបើ ក.ប.ប ឃើញមានការបន្លំគុណភាពនៃផលិតផលណាមួយនោះ ម្ចាស់ក្រុមហ៊ុនអាចរងការពិន័យរហូតដល់២០លានរៀល។ 
 
ចំពោះ ករណីម្ចាស់ក្រុមហ៊ុននៅតែបន្តប្រព្រឹត្តល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នេះ នឹងត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណតែម្តង។  លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុន ឬធុរជនទាំងនោះ អាចប្រឈមនឹងការកសាងសំណុំរឿងទៅតុលាការ និងជាប់ពន្ធនាគារថែមទៀត​៕ 
 
 

Tag:
 ក.ប.ប
  អាហារបំប៉ន
  លោក ផាន អូន
© រក្សាសិទ្ធិដោយ thmeythmey.com