កីឡាជាតិ
ជាតិ
ត្រាយ​អេស៊ី​បំបាក់​បឹ​ងកេ​ត ខណៈ​ស្វាយ​រៀង និ​ងវេស្ទើ​ន បាន​ហុង​ស៊ុយនៅ​ថ្ងៃបើក​ឆាក
02, Feb 2014 , 11:27 am        
រូបភាព
ខ្សែប្រយុទ្ធ James Michael របស់​ក្លិប​ស្វាយ​រៀង។ រូបថត CAM Photo Agency
ខ្សែប្រយុទ្ធ James Michael របស់​ក្លិប​ស្វាយ​រៀង។ រូបថត CAM Photo Agency
ដោយ: រួបរួម
​ក្របខណ្ឌ​បាល់ទាត់​មិត្តហ្វូន​ខេមបូ​ឌានលីក២០១៤ នេះ បាន​ចាប់​ផ្តើម​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្រកួត​ដ៏​តឹង​តែ​ង​ហើយ។ នា​ការ​ប្រកួត​កាលពី​ថ្ងៃសៅរ៍ ទី​១ ខែកុម្ភៈ កន្លងមក ត្រាយអេស៊ី​ភ្នំពេញ​បាន​ទទួល​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លើ​ចម្ការកៅស៊ូបឹង ខណៈ​​ស្វាយ​រៀង និង​វេស្ទើន បាន​ចាប់​ផ្តើម​យុទ្ធ​នាការ​ជាមួយ​នឹង​ការ​ដណ្តើម​បាន​បីពិន្ទុ។ ដោយឡែក​ណាហ្គាខប និងគិរីវង់សុខសែន​ជ័យ​បញ្ចប់ការប្រកួតដោយគ្មាន​ការស៊ុតបាល់​បញ្ចូលទី។



ណាហ្គាខប ០-០ គិរីវង់សុខសែនជ័យ

នៅ​លើ​ទីលាន​ស្តាតចាស់ ណាហ្គាខប​ដែល​បាន​យក​ឈ្នះ​ក្រសួង​ការពារជាតិ ៣-០ កាលពី​សប្តាហ៍មុន មិន​អាច​ទម្លាយ​សំណាញ់​របស់​គិរីវង់​សុខសែន​ជ័យ​បាន​ឡើយ ដែល​ធ្វើ​ឲ្យ​ក្រុមទាំងពីរ​បញ្ចប់​ការប្រកួត​ដោយ​គ្មាន​​ការស៊ុត​បាល់​បញ្ចូលទី។ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​សម្រាប់​ណាហ្គាខប ខណៈគិរីវង់​ដែល​បានចាញ់អគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ ២-០ កាលពី​សប្តាហ៍មុន មាន​កីឡា​ករ​បរទេស​ចំណូល​ថ្មីម្នាក់ គឺ​ខ្សែបម្រើ​ប្រយុទ្ធប្រេស៊ីល Matheus Chagas។

ស្វាយរៀង ៦-២ Albirex Niigata Phnom Penh
ម្ចាស់​ការពារតំណែង​ជើង​ឯក​ស្វាយរៀង ត្រូវ​បាន​ក្រុម​ចំណូល​ថ្មី Albirex Niigata Phnom Penh នាំមុខ​ ១-០ នៅ​ក្នុងតង់ទីមួយ ដែល​រក​បានដោយ​ខ្សែប្រយុទ្ធ​ជន​ជាតិជប៉ុន Kazuki Tatsuta។ ទោះយ៉ាងណា​នៅ​ក្នុង​តង់ទីពីរ ស្វាយរៀង​វាយ​បក​វិញ​បាន​រហូតដល់​៦គ្រាប់ (ណុប តុលា ២គ្រាប់ លី សារ័ត្ន​២គ្រាប់ James Michael ១គ្រាប់ និង ផាន់នី អ៊ីរដ្ឋា ១គ្រាប់) ខណៈ Albirex បន្ថែម​បាន​មួយគ្រាប់ទៀត ដោយខ្សែការពារជប៉ុន Hayato Nokato)។ ជ័យ​ជម្នះ​ ៦-២ នាំឲ្យ​ស្វាយ​រៀង​មាន​ការ​ចាប់ផ្តើម​យ៉ាងល្អ​ក្នុងជំហាន​ឆ្ពោះ​ទៅ​ការពារតំណែង​ជើងឯក ខណៈ Albirex បាន​ចាញ់​ពីរ​ប្រកួតជាប់គ្នា។

វេស្ទើនយូនីអែហ្វស៊ី ៣-១ សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប
នៅលើទីលាន​ពហុកីឡដ្ឋានជាតិ វេស្ទើនយូនីអែហ្វស៊ី បាន​បើកឆាក​ការ​ប្រកួតក្របខណ្ឌកំពូល​របស់​ខ្លួន​ជា​មួ​យ​នឹង​ជ័យ​ជម្នះ ៣-១ លើ​ក្រុម​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប។ ក្រុម​ដែលមាន​ប្រភព​មក​ពី​សាកលវិ​ទ្យា​ល័យ​ទាំ​ង​ពីរ​ក្រុមនេះ បាន​បញ្ចប់ការ​ប្រកួតក្នុងតង់ទីមួយ​ដោយគ្មាន​ការស៊ុតបាល់​បញ្ចូល​ទី​ឡើយ។ បន្ទាប់ពី​ដំណើរ​ការ​ប្រកួត​បានមួយម៉ោង អតីតខ្សែប្រយុទ្ធស្វាយរៀង David Njoku រកបានគ្រាប់​បាល់​បើកឆាក ហើយ​បន្ទាប់​មក​គេ​បន្ថែម​បាន​គ្រាប់ទីពីរ។ ទី ប៊ុនវិចិត្រ បាន​វាយបកមួយគ្រាប់​សម្រាប់​អាស៊ីអឺរ៉ុប ប៉ុន្តែ​ខ្សែបម្រើកាមេរូន Privat Mbarga នាំឲ្យវេស្ទើនបើក​ឆាក​ជាមួយ​នឹង​ជ័យ​ជម្នះ ៣-១ ខណៈអាស៊ីអឺរ៉ុបបាន​បរាជ័យ​ពីរ​ប្រកួតជាប់​គ្នា។

ចម្ការកៅស៊ូបឹងកេត ១-២ ត្រាយអេស៊ីភ្នំពេញ
សម្រាប់​ជំនួប​រវាងចម្ការកៅស៊ូ​បឹងកេត និង​ត្រាយអេស៊ីភ្នំពេញ មាន​ការចូល​រូម​យ៉ាង​ច្រើនពីអ្នក​គាំទ្រ​នៃក្លិប​ទាំង​សងខាង។ ខ្សែបម្រើ សួង វិរៈ បាន​ស៊ុត​បាល់​បញ្ចូលទី​នៅ​ក្នុងនាទី ទី​៧៣ ដើម្បី​នាំឲ្យ​ក្រុម​ចំណូ​ល​ថ្មី ត្រា​យអេស៊ីភ្នំពេញ ទទូល​ជ័យ​ជម្នះ ២-១ លើ​ក្រុម​ចម្ការកៅស៊ូបឹងកេត ខណៈនៅ​តង់ទីមួយ ខ្សែបម្រើ​កូន​កាត់​ខ្មែរ-បារាំង គួច ដានី រក​បានគ្រាប់​បាល់​បើក​ឆាកឲ្យ​ត្រាយអេស៊ី ហើយខ្សែប្រយុទ្ធហូឡង់ Elroy van der Hooft ដែល​បង្ហាញ​ខ្លួន​សារជាថ្មីនៅ​កម្ពុជា បន្ទាប់ពី​លេងឲ្យ​ភ្នំពេញក្រោន​កាលពី​ពាក់កណ្តាល​រដូវកាល​មុន​នោះ បាន​វាយ​បក​តាម​ស្មើ​នៅ​ក្នុងនាទី​បន្ថែម។ ត្រាយ​អេស៊ី ទទួល​បានសរុប​៤ពិន្ទុ ខណៈ​កាលពី​សប្តាហ៍មុន​ ពួក​គេ​ទទួល​បានលទ្ធ​ផលស្មើ ១-១ ជាមួយ​បៀល​ប្រាយ ដោយឡែក​បឹងកេត​ខក​ចិត្ត បន្ទាប់ពី​ឈ្នះ Albirex ៤-១៕





ជំនួបរវាងវេស្ទើន (ក្រហម) និង​អាស៊ីអឺរ៉ុប រូបថត Sovanna Kem

© រក្សាសិទ្ធិដោយ thmeythmey.com