ជាតិ
សេដ្ឋកិច្ច
អូស្រ្តាលី បន្តគាំទ្រកម្ពុជា ក្នុងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ឱ្យមានប្រសិទ្ធភាព
18, Sep 2022 , 11:39 am        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម (ស្តាំ) កំពុងកាត់ខ្សែបូជាមួយ លោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី CACPP នៅខេត្តសៀមរាប នាថ្ងៃទី១៦កញ្ញា។
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម (ស្តាំ) កំពុងកាត់ខ្សែបូជាមួយ លោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី CACPP នៅខេត្តសៀមរាប នាថ្ងៃទី១៦កញ្ញា។
សៀមរាប៖ រដ្ឋាភិបាលប្រទេសអូស្រ្តាលី បន្តផ្តល់ជំនួយ១,៣៥លានដុល្លារអូស្រា្តលី (ប្រមាណ៩០ម៉ឺនដុល្លារអាម៉េរិក) ដល់កម្ពុជា ដើម្បីអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងឱ្យមានប្រសិទ្ធភាព។ ជំនួយនេះ​ នឹងត្រូវអនុវត្តឡើងតាមរយៈកម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី (CACPP)។​

 
កម្មវិធីភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់កម្ពុជា-អូស្រ្តាលី (Cambodia-Australian Consumer Commission Protection Partnership / CACPP) ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​​ ជាមួយ លោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី នាថ្ងៃទី១៦កញ្ញា។ 
 
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា​ កម្មវិធីនេះគាំទ្រដល់ការអនុវត្តរបស់កម្ពុជានូវ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងឆ្នាំ២០២១​។ លោកបានបញ្ជាក់ថា កម្មវិធីនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់ ក្រោយវិបត្តិកូវីដ-១៩។
 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម 

បើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្មវិធីCACPP នឹងអនុវត្តរួមគ្នារវាងគណៈកម្មការកិច្ចការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់របស់ប្រទេសអូស្តា្រលី(ACCC) ជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំរបស់កម្ពុជា (ក.ប.ប ឬ CCF)។ លោកបន្តនិយាយថា៖ «កម្មវិធី CACPP គឺជាឧបករណ៍មួយយ៉ាងសំខាន់ ដើម្បីការអនុវត្តច្បាប់របស់យើងប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ក.ប.ប របស់យើងកាន់តែរឹងមាំ ក្នុងការទទួលព័ត៌មាន និងសេវាផ្សេងៗរបស់ធុរជន»។ 
 
ជាមួយគ្នានេះ លោក Tim Ayres  បានលើកឡើងថា  កម្មវីធី CACPP គឺជានិមិត្តសញ្ញាដ៏អស្ចារ្យមួយនៃការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ​និង ប្រទេសអូស្ត្រាលី​។ លោក បន្តនិយាយថា៖ «កាលណាយើងនិយាយការពារអ្នកប្រើប្រាស់ គឺជាពាក្យមួយដែលយើងត្រូវការពារដល់ប្រជាពលរដ្ឋ ពីធុរជនដែលអនុវត្តអំពើទុច្ចរឹត ឬមិនមានអនុលោមភាពទាំងស្តង់ដារគុណភាព និងតម្លាភាព»។
 

លោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី 

បើតាមលោក​ឧបការី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់ប្រទេសអូស្ត្រាលី កម្មវិធី CACPPនេះ ក៏បានជួយពង្រឹងការងាររបស់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់(AANZFTA) ឱ្យកាន់តែទូលាយ ផងដែរ។ កម្មវិធីនេះ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ភាពជាដៃគូមេគង្គ-អូស្រា្តលី  ដែលមានថវិកា ២៣២លានដុល្លារអូស្រ្តាលី (ប្រមាណ១៥៥លានដុល្លាអាម៉េរិក) ដើម្បីជួយប្រទេសនៅតាមតំបន់មេគង្គ ស្តារឡើងវិញពីជំងឺកូវីដ-១៩៕ 
 


Tag:
 ក.ប.ប
  ការពារអ្នកប្រើប្រាស់
© រក្សាសិទ្ធិដោយ thmeythmey.com