ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ស្ត្រីមានផ្ទៃពោះពី៦០-៧០នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាល​នៅមណ្ឌលសុខ​ភាពកំពង់ស្វាយ
18, Sep 2022 , 3:59 pm        
រូបភាព
ដោយ៖ ឡាន់ យាកលិញ ​- លីន ម៉ូលីត្តា (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ,កំពង់ធំ៖  ក្នុងមួយខែៗ មានប្រជាពលរដ្ឋទៅទទួលសេវានៅមណ្ឌលសុខភាព ក្នុងឃុំកំពង់ស្វាយ ប្រមាណ ៧០០នាក់​ ដោយក្នុងនោះមានស្រ្តីមានផ្ទៃពោះពី ៦០ ទៅ៧០នាក់ បានទទួលការពិនិត្យផ្ទៃពោះ និងសម្រាល។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុភី ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ។


 
 សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
បើតាម ស៊ុន សុភី គ្រូពេទ្យនៅមណ្ឌលសុខភាពកំពង់ស្វាយ តែងតែណែនាំដល់ស្ត្រីមានផ្ទៃពោះ ឱ្យយកចិត្តទុកដាក់ពីរបបអាហារ ការសម្រាកឱ្យគ្រប់គ្រាន់ ដើម្បីឱ្យកូនក្នុងផ្ទៃមានសុខភាពល្អ។ លើសពីនេះ បុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាព តែងតែជំរុញឱ្យពួកគាត់ មកទទួលសេវាពិនិត្យពោះ ឱ្យបានទៀងទាត់ផងដែរ ដើម្បីកាត់បន្ថយហានិភ័យក្នុងពេលសម្រាល និងក្រោយសម្រាល។ លោក ស៊ុង សុភី ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ​ បន្ថែមថា៖ «អាចមានបញ្ហា! ជួបកាលគាត់មានជំងឺ ដែល​ត្រូវមានសញ្ញាគ្រោះថ្នាក់អី។ ប៉ុន្តែយើងត្រូវការពន្យល់គាត់ បើគាត់ស្រួលខ្លួនហើយ អត់មានបញ្ហាអ្វី​ទេ តាមការកំណត់របស់ពេទ្យមិនទាន់មកក៏បាន។ តែបើសិនស្រ្តីដែលមានបញ្ហា គេមើល​បញ្ហារបស់គាត់ មានសញ្ញាគ្រោះថ្នាក់ណាមួយ គេឲ្យមកតាមការកំណត់របស់ពេទ្យឲ្យបានញឹកញាប់។»។


 
ជុំវិញការផ្តល់សេវាសម្រាល លោក ស៊ុន សុភី អះអាងថា មណ្ឌលសុខភាព មានសម្ភារ និងបរិក្ខាសម្រាលគ្រប់គ្រាន់ សម្រាប់ការសម្រាលធម្មតា។ ប៉ុន្តែប្រសិនបើមានករណីធ្ងន់ធ្ងរ មណ្ឌលសុខភាព នឹងបញ្ជូនអ្នកជំងឺបន្តទៅ​មន្ទីរសុខាភិបាលខេត្ត ។ «មានសម្ភារគ្រប់គ្រាន់។ សម្ភារសម្រាលមានគ្រប់គ្រាន់។ មានអុកស៊ីសែន មានអីគ្រប់គ្រាន់។ តែសម្ភារសម្រាលធម្មតា។ តែសម្ភារសម្រាលធ្ងន់ធ្ងរពេក យើងក៏អត់មានដែរ​ ត្រូវការបញ្ជូន។ គេអត់ឱ្យសម្រាលទេ»។ លោក ស៊ុន សុភី ពន្យល់ដូច្នេះ។
 
​ក្នុងនាមជាអ្នកគ្រប់គ្រងមណ្ឌលសុខភាព លោក ស៊ុន សុភី ពិតជាត្រេកអរ ដែលពលរដ្ឋ ពិសេសស្ត្រីដែលមានផ្ទៃពោះ ពេញចិត្តចំពោះការផ្តល់ពិនិត្យផ្ទៃពោះ និងសម្រាលកន្លងមក​។ យ៉ាងណាមិញ ប្រធានមណ្ឌលសុខភាពកំពង់ស្វាយ​ បានតាំងចិត្តផ្តល់សេវាសុខភាពដល់ពលរដ្ឋឱ្យកាន់តែល្អថែមទៀត។ លោក ស៊ុន សុភី ក៏ជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយទាំងអស់ ជ្រើសរើសការពិនិត្យ និងព្យាបាលជំងឺកម្រិតបឋម នៅមណ្ឌលសុខភាព ឬនៅតាមន្ទីរពេទ្យរដ្ឋផងដែរ៕
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com