អន្តរជាតិ
អាស៊ាន
មុនកកើតអាស៊ាន អង្គការតំបន់២ ត្រូវបង្កើត តែរលាយទៅវិញ
09, Nov 2022 , 9:29 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងខែសីហាកន្លងទៅ។ រូបភាពយកពី ASEAN Cambodia 2022
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងខែសីហាកន្លងទៅ។ រូបភាពយកពី ASEAN Cambodia 2022
ក្នុងឆ្នាំ១៩៦៧ អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ ដោយស្ថាបនិកចំនួន ៥ប្រទេសគឺ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន។ បច្ចុប្បន្នសមាជិកអាស៊ាន មានចំនួន១០ប្រទេស ខណៈទីម័រខាងកើត ត្រូវបានរំពឹងថា នឹងក្លាយជាសមាជិកទី១១ នៅឆ្នាំ២០២៣ ដែលជាពេលឥណ្ឌូណេស៊ីនឹងធ្វើជាប្រធានផ្លាស់វេនបន្តពីកម្ពុជា។ 

 
មុនអាស៊ានត្រូវបានបង្កើតឡើង រដ្ឋអាស៊ាន បានបង្កើតអង្គការតំបន់ចំនួន ២ ប៉ុន្តែស្ថាប័នទាំងពីរ បានដួលរលំ ដោយសារតែជម្លោះដែនដី និងការខ្វែងគំនិតរវាងរដ្ឋសមាជិកលើបញ្ហាមួយចំនួន។ អង្គការទាំងពីរនេះ មានដូចជា សមាគមន៍អាស៊ីអាគ្នេយ៍ (ASA) ដែលបង្កើតនៅក្នុងឆ្នាំ១៩៦១ និងម៉ា​ហ្វី​លីន​ដូ (Maphilindo) បង្កើតនៅឆ្នាំ ១៩៦៣។ 
 
សមាគមន៍អាស៊ីអាគ្នេយ៍ មានសមាជិកចំនួន ៣ប្រទេសគឺ ហ្វីលីពីន ថៃ និងម៉ាឡេស៊ី។ ដោយឡែក ម៉ាហ្វីលីនដូ មានសមាជិក៣ប្រទេសដែរ គឺម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី។ 
 
ក្រោយស្ថាប័នខាងលើបរាជ័យ ថៃ បានព្យាយាមធ្វើជាប្រទេសសម្របសម្រួលលើការខ្វែងគំនិតគ្នារវាងឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ហើយថែមទាំងស្នើបង្កើតអង្គការតំបន់ថ្មីមួយទៀត។ ក្នុងអំឡុងឆ្នាំ ១៩៦៧ រដ្ឋមន្រ្តីការបរទេសថៃ លោក Thanat Khoman បានអញ្ជើញរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកក្រុងបាងកក ខណៈសិង្ហបុរី ក៏បានបញ្ជូនរដ្ឋមន្រ្តីការបរទេសខ្លួនលោក S. Rajaratnam ទៅថៃដែរ។ 
 
នៅដើមខែសីហា ឆ្នាំ១៩៦៧ ប្រមុខការទូតប្រទេសទាំងប្រាំ បានចំណាយពេល ៤ថ្ងៃ នៅឆ្នេរ Bang Saen ដែលស្ថិតនៅភាគអាគ្នេយ៍នៃក្រុងបាងកក។ ការជួបជុំនេះ មិនត្រូវបានស្លៀកពាក់ក្នុងសំលៀកបំពាក់ផ្លូវការឡើយ ឬត្រូវហៅថា «ការទូតអាវកីឡា» ដើម្បីជជែកលើឯកសារពាក់ព័ន្ធ ក្នុងការបង្កើតអង្គការតំបន់ថ្មីមួយ។ 
 
ថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា «អាស៊ាន» ត្រូវបានបង្កើតឡើងជាផ្លូវការ តាមរយៈសេចក្តីប្រកាសទីក្រុងបាងកក។ 
 
រដ្ឋមន្រ្តីការបរទេសទាំង៥រូបនោះ មានដូចជា លោក Adam Malik រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី, លោក Narciso R. Ramos រដ្ឋមន្ត្រីការបរទេសហ្វីលីពីន, លោក Tun Abdul Razak រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី, លោក S. Rajaratnam រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងលោក Thanat Khoman រដ្ឋមន្ត្រីការបរទេសថៃ។ 
 
ពីសមាជិកត្រឹមប្រាំប្រទេសប៉ុណ្ណោះ អាស៊ានបានវិវឌ្ឍមកមានសមាជិកចំនួន ១០ប្រទេស ក្រោយកម្ពុជាក្លាយជាសមាជិកចុងក្រោយ នៅក្នុងឆ្នាំ១៩៩៩។ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ពោលគឺ ក្នុងអំឡុងពេលឥណ្ឌូណេស៊ីធ្វើជាប្រធានផ្លាស់វេន ទីម័រខាងកើត ត្រូវបានរំពឹងថា នឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន បន្ទាប់ពីដាក់ពាក្យចូលជាសមាជិកជាផ្លូវការនៅក្នុងឆ្នាំ ២០១១។
 
បើទោះអាស៊ានត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៧ ប៉ុន្តែធម្មនុញ្ញអាស៊ានទើបចូលជាធរមាននៅក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ប៉ុណ្ណោះ ក្រោយថៃផ្តល់សច្ចាប័នចុងក្រោយគេ នៅក្នុងខែវិច្ចិកា។ មុនការផ្តល់សច្ចាប័ននេះ អាស៊ានបានអនុម័តឯកសារមួយនេះនៅក្នុងឆ្នាំ២០០៧។ 
 
មកទល់ពេលនេះ អាស៊ានមានអាយុ ៥៥ឆ្នាំហើយ ស្របពេលអង្គការតំបន់មួយនេះ មានបញ្ហានៅមីយ៉ាន់ម៉ា និងប្រឈមនឹងបញ្ហាជាច្រើនដូចជា ភាពតានតឹងរវាងអាម៉េរិក និងចិន, ជំងឺឆ្លងសកល, សង្រ្គាមនៅអ៊ុយក្រែន និងអតិផរណាជាដើម។ បញ្ហាទាំងនេះ ទាមទារឱ្យអាស៊ាន ត្រូវរួមគ្នាបន្ថែមទៀត ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាក្នុងតំបន់ ក៏ដូចជាបញ្ហាសកល៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com