ជាតិ
សេដ្ឋកិច្ច
ចិន ឱ្យជំនួយ ៧លានដុល្លារដល់អាស៊ាន ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ ACFTA
18, Sep 2022 , 5:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន នាថ្ងៃទី១៧កញ្ញា ឆ្នាំ២០២២។
លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន នាថ្ងៃទី១៧កញ្ញា ឆ្នាំ២០២២។
សៀមរាប៖  សាធារណរដ្ឋប្រជាមានិតចិន​​ ផ្តល់ជំនួយ​បច្ចេកទេសដែលមានទំហំទឹកប្រាក់ប្រមាណ៧លានដុល្លារ ដល់អាស៊ាន សម្រាប់បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)។ បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ  ជំនួយនេះគឺផ្តល់អត្ថប្រយោជន៍ទាន់ពេលវេលាដល់អាស៊ាន ជាពិសេសនៅពេលដែលប្រទេសទាំង១០ក្នុងតំបន់នេះ ងើបចេញពីវិបតិ្តកូវីដ-១៩។

 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិភាក្សាជាមួយ លោក Li Fei អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកដីខេត្តសៀមរាប នៅថ្ងៃទី១៧កញ្ញា។  ក្នុងជំនួបនេះ ​ភាគីទាំងពីរផ្តោតខ្លាំងលើទំនាក់ទំនងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA) ដើម្បីរកដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតឡើងក្នុងការអនុវត្ត។​  បញ្ហាប្រឈមទាំងនោះមាន គម្លាតការប្រើប្រាស់ឌីជីថលរវាងប្រទេសក្នុងតំបន់, ការជ្រាបចូលទីផ្សាររបស់សហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs)...ជាដើម។ 
 
ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ែន សុវិជាតិ បានថ្លែង ថា ដើម្បីដោះស្រាយបញ្ហា​ទាំងនេះ រដ្ឋមន្ត្រីទាំង១០ប្រទេសរបស់អាស៊ាន ជាមួយចិន បានឯកភាពគ្នាជំរុញការប្រើប្រាស់សេដ្ឋកិច្ចឌីជីថល, ការបោះជំហានទៅរកការអនុវត្តសេដ្ឋកិច្ចបៃតង និងការលុបបំបាត់នូវវិធានការមួយមួយចំនួនដែលមិនមែនជារបាំងពន្ធគយ ជាឧបសគ្គសម្រាប់ការធ្វើពាណិជ្ជកម្ម។
 

លោក Li Fei អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន(រូបកណ្តាល) កំពុងប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

ទន្ទឹមនឹងនេះ​ អាស៊ាន និងចិន ក៏បានគិតគូរពីការអនុវត្តរួមគ្នាលើបញ្ហាប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងកម្មសិទ្ធិបញ្ញា រួមទាំងគិតគូរដល់ការជំរុញសហគ្រាសមីក្រូធុនតូចនិងមធ្យម ឱ្យរីកចម្រើនដើម្បីអាចរួមចំណែកកាន់តែពេញលេញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសសមាជិកអាស៊ាន ក៏ដូចជាតំបន់ទាំងមូល ។ លោក បន្តនិយាយដូច្នេះ៖ «រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់នៅតែចាត់ទុក ACFTA នេះ គឺជាកិច្ចព្រមព្រៀង ដែលមានសារៈសំខាន់បំផុតសម្រាប់អាជីវកម្ម ធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់ដែលទាមទារឱ្យការអនុវត្តត្រូវធ្វើឡើងឱ្យមានប្រសិទ្ធិភាព ហើយចាំបាច់ណាស់ត្រូវតែមានរបាយការណ៍ទៀតទាត់សម្រាប់ការតាមដាន និងពិនិត្យមើលនូវការអនុវត្តកិច្ចព្រមព្រៀងនេះ​»។
 
ដើម្បីជំរុញការអនុវត្ត ACFTAឱ្យកាន់តែមានប្រយោជន៍សម្រាប់ធុរជន និងវិនិយោគិននោះ ប្រទេសចិន បានផ្តល់ជំនួយ​បច្ចេកទេសដែលមានទំហំទឹកប្រាក់២០លានយ៉ន់ (ជាង៧លានដុល្លារអាម៉េរិក)​ដល់អាស៊ាន។  លើសនេះពី ប្រទេសចិនក៏ជំរុញប្រទេសនីមួយៗត្រូវប្រើប្រាស់ជំនួយនេះឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យការអនុវត្តកិច្ចACFTA បានពេញលេញ។ លោកបន្តនិយាយថា៖ «ការប្រើប្រាស់ជំនួយចិនឱ្យមានប្រសិទ្ធភាព គឺត្រូវទាមទារឱ្យប្រទេសទាំង១០របស់អាស៊ាន ត្រឹមប្រឹងប្រែងលើកឡើង នូវចំណុចដែលអាចជាគម្រោងសម្រាប់បំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃការអនុវត្តប្រទេសរៀងៗខ្លួន»។ 
 
បើតាមលោកអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និង កិច្ចប្រជុំពាក់ព័ន្ធ  ជំនួយបច្ចេកទេសតម្លៃជាង៧លានដុល្លារ​ដែលចិនផ្តល់ឱ្យអាស៊ាននេះ គឺសម្រាប់អនុវត្តលើគម្រោងបច្ចេកទេសក្នុងការសិក្សាឧបសគ្គទាំងឡាយណាដែលអាចកើតឡើងជាបញ្ហប្រឈមនៅពេលអនុវត្តកិច្ចព្រមព្រៀង ACFTA។ 
 
ឆ្នាំ២០២១ ពាណិជ្ជកម្មសេរីរវាងអាស៊ាន និង ចិន មានទំហំទឹកប្រាក់ ៦៦៩ពាន់លានដុល្លារអាម៉េរិក ដែលកើន២៩ភាគរយ ធៀបនឹងឆ្នាំ២០២០។ ដោយឡែក ទុនវិនិយោគដោយផ្ទាល់(FDI)នៅតំបន់នេះ ក៏កើនជិតភាគរយបានជិត៥០ភាគរយ ដោយមានទំហំទុនសរុប១៣,៦ពាន់លានដុល្លារ៕    
 

Tag:
 ពាណិជ្ជកម្ម​
  អាស៊ាន ឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com