កីឡាអន្តរជាតិ
អន្តរជាតិ
លេងឱ្យ Arsenal លើកដំបូង Ethan Nwaneri វ័យ១៥ឆ្នាំ ក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ EPL
19, Sep 2022 , 2:30 pm        
រូបភាព
Ethan Nwaneri វ័យ១៥ឆ្នាំ បានបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះរបស់ Arsenal លើក្រុម Brentford ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួត Premier League សប្តាហ៍ទី៧ នៅថ្ងៃទី១៨ ខែកញ្ញា។ ចូលលេងនៅចុងម៉ោងនាទី៩០ Nwaneri បានក្លាយជាកីឡាករក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស។



Nwaneri ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស កើតនៅឆ្នាំ២០០៧ បានប្តូរជំនួស Fabio Vieira ដែលរកបានគ្រាប់ទី៣សម្រាប់កាំភ្លើងធំ Arsenal នៅនាទី៩០។ ក្នុងវ័យ១៥ឆ្នាំ និង១៨១ថ្ងៃ Nwaneri បានបំបែកកំណត់ត្រាកីឡាករ Harvey Elliott របស់ Liverpool ដែលបង្ហាញខ្លួនលើកដំបូងនៅអាយុក្មេងជាងគេត្រឹម១៦ឆ្នាំ និង៣០ថ្ងៃ នៅពេលកីឡាករន័រវេសលេងឱ្យ Fulham ឆ្នាំ២០១៩។
 
ក្រោយដាក់ Nwaneri ដែលជាកីឡាករក្រោមអាយុ១៦ឆ្នាំដំបូងគេបំផុតនៅ EPL ដើម្បីចូលក្នុងក្រុមឈុតធំ អ្នកចាត់ការទូទៅ Arsenal លោក Mikel Arteta លើកឡើងថាខ្លួនចង់ផ្តល់ឱកាសសម្រាប់កីឡាករក្មេងៗដែលមានទេពកោសល្យដើម្បីពួកគេបានបង្ហាញសមត្ថភាព។
 
មុនពេលចូលលេងឱ្យក្រុមឈុតធំ ខ្សែប្រយុទ្ធ Nwaneri បង្ហាញខ្លួនច្រើនលើកមកហើយសម្រាប់ក្រុម​ Arsenal អាយុក្រោម១៨ឆ្នាំ និងលេងឱ្យ U16 អង់គ្លេស តាំងពីអាយុ១៤ឆ្នាំម្លេះ។
ជ័យជម្នះរបស់ Arsenal លើ Brentford ក្នុងលទ្ធផល ៣-០ បានជួយពួកគេឡើងទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខក្រុមគូប្រជែង Manchester City និង Tottenham Hotspur ចំនួន១ពិន្ទុ។ ឆ្លងកាត់ការប្រកួត៧លើកដូចគ្នា កាំភ្លើងធំរកបាន១៨ពិន្ទុ ក្រោយឈ្នះ៦ និងចាញ់១៕
 

Tag:
 Premier League
  Ethan Nwaneri
© រក្សាសិទ្ធិដោយ thmeythmey.com