ជាតិ
សេដ្ឋកិច្ច
អាស៊ាន ពេញចិត្តឱ្យហុងកុង​​ ក្លាយជាសមាជិកកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរី RCEP
19, Sep 2022 , 9:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រជុំ  ជាមួយលោក  Algernon Yau រដ្ឋលេខាក្រសួងពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រជុំ ជាមួយលោក Algernon Yau រដ្ឋលេខាក្រសួងពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ។
សៀមរាប៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងប្រទេស១០របស់អាស៊ាន គាំទ្រឱ្យហុងកុងដែលជាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។​ បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ  ហុងកុង គឺស្ថិតនៅក្នុងលំដាប់ល្អបំផុតក្នុងការក្លាយខ្លួនជាសមាជិក RCEP។

 
Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេក្នុងពិភពលោក​ដែលមានប្រទេសទាំង១០របស់អាស៊ាន ជាមួយប្រទេស ចិន កូរ៉េខាងត្បូង ជប៉ុន អូស្រា្តលី និងនូវែលហ្សេឡង់ សមាជិក។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានចូលជាធរមាន កាលពីថ្ងៃទី១មករា ឆ្នាំ២០២២។ 
 
ជំនួបរវាងជាមួយលោក Algernon Yau រដ្ឋលេខាធិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចហុងកុង នាថ្ងៃទី១៧កញ្ញា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ប្រកាស ស្វាគមន៍ និងគាំទ្រ ហុងកុង ឱ្យចូលជាសមាជិកនៃកិច្ចព្រមពៀងពាណិជ្ជកម្ម RECP។ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងហុងកុង លោក ប៉ែន​ សុវិជាតិ ថ្លែងថា​ បណ្តាប្រទេសអាស៊ានបានត្រៀមពិនិត្យរាល់សំណើក្នុងការចូលសមាជិកRCEP របស់ហុងកុងនេះ។ លោកបន្តថា ៖​ « ប្រទេសទាំងអស់របស់អាស៊ាន នឹងពិគ្រោះយោបល់ឱ្យបានម៉ត់ចត់ អំពីសមាជិកភាពនេះ ដើម្បីធានានូវការចូលជាសមាជិកRCEP របស់ហុងកុងនេះ ឱ្យបានភាពជោគជ័យ»។ 
 
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនិងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធរូបនេះ បច្ចុប្បន្ន ហុងកុងគឺមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយ១៣ប្រទេសនៃចំណោម១៥ប្រទេសដែលជាសមាជិកRCEP។  លោកបន្តយ៉ាងនិយាយដូច្នេះ៖​« ការចូលជាសមាជិក RCEP គឺមិនមែនជាការលំបាកសម្រាប់ហុងកុងឡើយ ព្រោះហុងកុង គឺនៅសល់តែប្រទេសអូស្រា្តលី និងនូវែលហ្សេឡង់ទេ ដែលមិនទាន់ក្លាយជាដៃគូពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នា។ អ៊ីចឹងហើយ ហុងកុង គឺស្ថិតនៅលំដាប់ឬជំហរល្អបំផុតសម្រាប់បន្ថែមនូវតម្លៃ​នៃសេដ្ឋកិច្ចហុងកុងទៅក្នុងក្រុមសេដ្ឋកិច្ច RCEP»។
 
សូមបញ្ជាក់ថាកិច្ចព្រម​ព្រៀង RCEP ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន និង​ត្រូវ​បាន​ប្រកាស​ឱ្យ​ចាប់​ផ្ដើម​ការចរចា​ក្នុង​ឆ្នាំ២០១២ នៅ​រាជធានី​ភ្នំពេញ​។ បើតាម​ក្រសួង​ពាណិជ្ជកម្ម កិច្ចព្រមព្រៀង​នេះគ្រប់​ដណ្តប់​ប្រជាជន​ប្រមាណ​២,​២ពាន់​លាន​នាក់ ឬ៣០ភាគរយនៃ​ប្រជាជន​ពិភព​លោក និង​មានទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​២៦,២ទ្រីលាន​ដុល្លារ ឬ​៣០ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​៕
 
 

Tag:
 ពាណិជ្ជកម្ម
 ​ អាស៊ានឆ្នាំ២០២២
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com