កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូ Shakhtar Donetsk លោក De Zerbi ស្នងតំណែងលោក Potter នៅ Brighton
19, Sep 2022 , 4:59 pm        
រូបភាព
ក្លិប Brighton & hove Albion ថ្ងៃទី១៨ ខែកញ្ញា បានប្រកាសតែងតាំងលោក Roberto de Zerbi ជាគ្រូបង្វឹកថ្មីដោយស្នងតំណែងបន្ទាប់ពីលោក Graham Potter ដែលបានផ្លាស់ទៅដឹកនាំ Chelsea កាលពីដើមខែកញ្ញានេះ។



គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលត្រូវបានដឹងថា ជាអ្នកស្នងតំណែងដឹកនាំក្រុម Brighton បន្តពីលោក ​Potter ទទួលបានកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្រុមកំពុងបង្ហាញទម្រង់លេងល្អនៅ Premier League មួយនេះ។ លោក De Zerbi នឹងកាន់កាប់លើ Brighton ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៃ Premier League ក្រោយពេលលេងបានល្អខ្លាំង ក្រោមការដឹកនាំរបស់លោក Potter ដែលមាន ១៣ពិន្ទុឆ្លងកាត់ ៦ប្រកួតរួច។
 
គ្រូបង្វឹកវ័យ ៤៣ឆ្នាំ ដែលឈប់ពីការងារ និងចាកចេញពីក្រុម Shakhtar Donetsk កាលពីខែកក្កដា ព្រោះមូលហេតុសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវដឹកនាំក្រុម Brighton ប្រកួតក្រៅទឹកដី និងជាការដឹកនាំប្រកួតដំបូងនៅកីឡដ្ឋាន Anfield ដោយត្រូវប៉ះ Liverpool ថ្ងៃទី១ ខែសីហា។
 
ចំពោះការមកដល់នៃគ្រូបង្វឹកថ្មី ប្រធានក្លិប Brighton លោក Tony Bloom បានប្រាប់គេហទំព័រផ្លូវការក្លិបថា មានការរំភើបចិត្តខ្លាំងដែលលោក Zerbi ព្រមមកដឹកនាំក្រុមនៅអង់គ្លេស។
 
«ខ្ញុំពិតជារំភើបចិត្តជាខ្លាំង ដែលលោក Roberto de Zerbi យល់ព្រមក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមយើង។ ក្រុមដែលស្ថិតក្រោមការដឹកនាំដោយ Roberto គឺតែងមានភាពរីករាយ និងភាពក្លាហានក្នុងការលេងបាល់របៀបថ្មីមួយ ហើយខ្ញុំរំពឹងយ៉ាងមុតមាំថា បច្ចេកទេស និងស្តាយនៃការលេងរបស់គាត់នឹងធ្វើឱ្យក្រុមយើងកាន់តែមានភាពអស្ចារ្យខ្លាំងឡើង។»។ នេះបើតាមសម្តីលោក ​Tony Bloom។
 
ក្រៅពីការដឹកនាំក្រុមខ្លាំងប្រចាំអ៊ុយក្រែន Shakhtar Donetsk លោក De Zerbi វ័យ៤៣ឆ្នាំ ក៏ធ្លាប់បានដឹកនាំក្រុមផ្សេងៗប្រកួតប្រជែងក្នុងទឹកដីប្រទេសអ៊ីតាលី ជាពិសេសក្នុងក្របខណ្ឌ Serie A ដោយលោកធ្លាប់បានដឹកនាំក្រុម Palermo, Benevento និង​ Sassuolo។ 
 
អតីតកីឡាករខ្សែបម្រើប្រយុទ្ធក្រុម AC Milan និង Napoli រូបនេះ ធ្លាប់បានដឹកនាំ ​Sassuolo បញ្ចប់ចំណាត់លេខ៨ នៅក្របខណ្ឌ ​Serie A អំឡុងពេលដឹកនាំ៣ឆ្នាំ នៅអ៊ីតាលីពេលនោះ៕
 
 
 

Tag:
 Roberto De Zerbi
  Brighton & hove Albion
© រក្សាសិទ្ធិដោយ thmeythmey.com