ពីនេះ ពីនោះ
អាជ្ញាធរខេត្តឧត្ដរមានជ័យ ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះទំនប់អាងទឹកតាម៉ុកហក់ឡើង
19, Sep 2022 , 5:33 pm        
រូបភាព
ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម។
ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម។
ទំនប់អាងទឹកតាម៉ុក ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានកើនឡើងដល់កម្រិតឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា។ គិតត្រឹមម៉ោង ១១ និង៣០នាទី ថ្ងៃទី១៩កញ្ញានេះ ទំនប់អាងទឹកតាម៉ុក មានកម្ពស់ ៣,៨២ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៤,៥០ ម៉ែត្រ។



ស្ថានភាពទឹកក្នុងខេត្តឧត្ដរមានជ័យ បានជន់ចូលផ្ទះពលរដ្ឋ និងផ្លូវលំមួយចំនួន ក្នុងស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ និងក្រុងសំរោង។  លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ បានលើកឡើងថា ស្រុក​​ចំនួន២  និង១ក្រុង ដែលលិចនោះ គឺលិចដល់ក្រោមផ្ទះពលរដ្ឋប្រមាណជា ២០ ទៅ៣០គ្រួសារប៉ុណ្ណោះ ដែលស្ថិតនៅតំបន់ទំនាប ឯកម្ពស់ទឹកលិចនោះគឺប្រមាណជា៣ ឬ៤ ដេស៊ីម៉ែត្រប៉ុណ្ណោះ។ 


ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម។ 
 
លោករៀបរាប់ស្ថានភាពជំនន់ទឹកភ្លៀង ប្រាប់សារព័ត៌មាន​ ThmeyThmey25 នៅរសៀលនេះ ដូច្នេះ៖ «ស្ថានភាពមកទល់ពេលនេះមិនទាន់មានអ្វីធ្ងន់ធ្ងរទេ គឺវាប៉ះពាល់ដែរតែស្រាលនោះទេ ហើយក៏គ្មានតំបន់ណាមួយប្រកាសអាសន្នដែរ»។
 
លោក ញឺង កួន អះអាងថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹង មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត បានជូនដំណឹងដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមកម្លាំងការពារ ក៏ដូចជាតាមដានស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ។ 
 
គួរជម្រាបផងដែរថា ចាប់ពីថ្ងៃទី១៤ដល់២០ខែកញ្ញា កម្ពុជា នឹងរងសម្ពាធទាប ITCZ ដែលរំកិលចុះឡើងនៅចន្លោះភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្ដាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីខ្សោយទៅមធ្យម រយៈពេលមួយសប្ដាហ៍។
 
ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់ទំនាប់កណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ តំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
ដោយឡែកតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះតំបន់ខ្លះអាចមានភ្លៀងច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់មាត់សមុទ្រ នឹងមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
  ឧត្ដរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com