ជាតិ
សេដ្ឋកិច្ច
សមាគម៣សហការគ្នាជំរុញបច្ចេកវិទ្យាហិរញ្ញ​វត្ថុដើម្បីឱ្យពលរដ្ឋបានកម្ចីផ្លូវការ កាន់តែងាយស្រួល
20, Sep 2022 , 8:59 pm        
រូបភាព
លោក សុខ វឿន ប្រធាន CMA (រាប់ពីឆ្វេង) លោក Raymond Sia ប្រធាន ABC និង លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានCAFT បានចុះMOUជាមួយគ្នា នៅសណ្ឋាគារ រ៉ូសវូត ភ្នំពេញ នាថ្ងៃទី១៩កញ្ញា។
លោក សុខ វឿន ប្រធាន CMA (រាប់ពីឆ្វេង) លោក Raymond Sia ប្រធាន ABC និង លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានCAFT បានចុះMOUជាមួយគ្នា នៅសណ្ឋាគារ រ៉ូសវូត ភ្នំពេញ នាថ្ងៃទី១៩កញ្ញា។
តួនាទី​បច្ចេកវិទ្យាហិរញ្ញវត្ថុ​(Financial Technology / FinTech) នឹងផ្តល់លទ្ធភាពដល់ពលរដ្ឋ ជាពិសេសម្ចាស់សហគ្រាសធុនតូចនិងមធ្យម(SME)កាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។​ ដើម្បីជំរុញការប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយបរិយាប័ន្ន ABC, CMA និង CAFT បានសហការគ្នាលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

 
ការប្រើប្រាស់បច្ចេកទេសហិរញ្ញវត្ថុ (FinTech) ក្នុងឧស្សាហកម្មធនាគារកំពុងរីកចម្រើនយ៉ាងខ្លាំង តាមរយៈការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត។ ដូចជា ការដាក់ឱ្យប្រើនូវកាតទូទាត់និម្មិត បច្ចេកវិទ្យា Contactless ការទូទាត់តាមទូរសព្ទដៃ ការទូទាត់ QR Code និងការវាយតម្លៃឥណទានតាមអនឡាញ ជាដើម។ ជុំវិញការីកចម្រើននេះ សមាគមធនាគារនៅកម្ពុជា(ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា(CAFT) បានចុះអនុស្សរណៈយោគយល់(MOU)នៅថ្ងៃទី១៩កញ្ញា ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានេះ ឱ្យកាន់ប្រសិទ្ធភាពសម្រាប់ធុរជន និងពលរដ្ឋទូទៅ។​
 
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ABC, CMA និង CAFT កិច្ចសហការរវាងសមាគមទាំងបីនេះនឹងអភិវឌ្ឍបន្ថែមលើក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា និងអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ លើសពីនេះ ស្ថាប័នទាំងបី ក៏សហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ផងដែរ។
 
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា​ ឧស្សាហកម្ម​ហិរញ្ញវត្ថុ គឺឧស្សាហកម្មបម្រើដល់ប្រជាជន(People-centric Industry) ហើយ
សេវាហិរញ្ញវត្ថុ គឺជាសេវាចាំបាច់ដំបូងគេសម្រាប់ពលរដ្ឋ។  លោកបានបញ្ជាក់ថា៖ « ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជនរបស់យើង»។ 
 
ជាមួយគ្នានេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្ថែមថា​ កិច្ចសហការរវាង CMA, ABC ​និងCAFTនេះ  មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ។ តែវា ក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ។ លោកបន្តនិយាយយ៉ាងដូច្នេះ៖ « ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត»។
 
សម្រាប់លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ការសហការជាមួយ ABC និង CMA គឺជាកម្លាំងចលករមួយ ដែលរួមគ្នាកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយការលើកកម្ពស់ការយល់ដឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។ លោកបន្តនិយាយដូច្នេះ៖ «ហើយអ្វីដែលសំខាន់បំផុត​គឺការបង្កើតថ្មី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើងកំពុងជួបប្រទះ និង​បង្ហាញថា​យើង​មិន​ប្រឈម​មុខ​​តែ​ម្នាក់​ឯងទេ»។
 
ចំពោះកិច្ចសហការគ្នារវាងសមាគមទាំងបីខាងលើក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះ ក៏ទទួលបានការគាំទ្រពេញទំហឹងពីធនាគារជាតិនៃកម្ពុជា ផងដែរ។ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា​កិច្ចសហការរវាង​ABC, CMA និង CAFTនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងសមិទ្ធិផលសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល។ 
 
លោកបាននិយាយថា ៖ «ការសហការគ្នារវាង​សមាគមទាំងបី បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។ ដូច្នេះ! ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងជឿជាក់ថានឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលពីមុនមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ»៕  
 
 
 

Tag:
 ធនាគារ​និងហិរញ្ញវត្ថុ
  FinTech
  SME
© រក្សាសិទ្ធិដោយ thmeythmey.com