ជាតិ
​​​ន​យោ​បាយ​ជាតិ​
១៦ឆ្នាំមកនេះ កម្ពុជា​បញ្ជូន​កម្លាំងជាង​៨០០០នាក់​ក្នុងបេសកកម្ម​ថែរក្សាសន្តិភាពពិភពលោក
21, Sep 2022 , 10:06 am        
រូបភាព
ដោយ: រួបរួម
កម្ពុជា បាន និងកំពុង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការថែរក្សា​សន្តិភាពពិភពលោក ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ។ នេះជាការ​លើកឡើង​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ទិវា​សន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២២។

 
តាម​រយៈសារលិខិត​ចុះកាលពី​ថ្ងៃទី​១៩ ខែកញ្ញា ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០២២ កម្ពុជា បញ្ជូន​កងកម្លាំង​មួកខៀវ សរុប​ចំនួន ៨៣០២នាក់ ក្នុងនោះ​ស្ត្រី​៥៨០នាក់ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់អង្គការ​សហប្រជាជាតិ។
 
ប្រទេសចំនួន​៩​ដែលកងកម្លាំង​កម្ពុជាទៅ​បំពេញបេសកកម្ម​រួមមាន ឆាត ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បើតាម​សម្តេច​ ហ៊ុន សែន បច្ចុប្បន្ន កងកម្លាំងកម្ពុជាសរុប​៨០១នាក់ (ស្ត្រី​១១៨នាក់) កំពុង​បំពេញ​បេសកកម្មនៅស៊ូដង់​ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិក​កណ្តាល និងយេម៉ែន។
 
ក្នុង​សារលិខិត​ដដែល មេដឹកនាំ​កម្ពុជា បានរំលឹកពីមេរៀនភ្លើង​សង្គ្រាម​អស់ជាង​ពីរទសវត្សរ៍ដ៏ជូរចត់ ជាពិសេស​ក្នុង​របប​វាលពិឃាតខ្មែរ​ក្រហម រហូត​ដល់​ឈាន​ដល់ការ​កសាងសន្តិភាពឡើង​វិញ ដោយ​រាប់ចាប់ពីកិច្ចព្រម​ព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ វត្តមានរបស់អាជ្ញាធរ​បណ្តោះអាសន្ន (UNTAC) ដល់ឆ្នាំ១០៩៩៣ និង​ការទទួលបានសន្តិភាពទាំងស្រុង​នៅ​ឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ។
 
ក្រៅពីលើកឡើងពី​ភាព​ជោគជ័យក្នុងការ​ប្រយុទ្ធប្រឆាំងកូវីដ-១៩ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ពីកិច្ចប្រឹងប្រែង​របស់កម្ពុជា​ក្នុងការ​កែប្រែខ្លួន​ទៅជាប្រទេស​ចំណូល​មធ្យមកម្រិត​ខ្ពស់នៅ​ឆ្នាំ២០៣០ និងជា​ប្រទេសចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។
 
ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ សម្តេច​វាយ​តម្លៃ​ខ្ពស់​ពីកិច្ចប្រឹងប្រែង​របស់កម្ពុជា និង​បណ្តា​មេដឹកនាំ​សមាជិកអាស៊ាន លើ​ការឆ្លើយ​តប​រួមគ្នា​ចំពោះ​បញ្ហាប្រឈម សំដៅ​រួម​ចំណែក​ថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង​ការអភិវឌ្ឍប្រកបដោយ​ចីរភាពនៅក្នុង និងក្រៅ​តំបន់អាស៊ាន។
 
ទិវាសន្តិភាពអន្តរជាតិ ត្រូវបានអង្គការ​សហប្រជាជាតិ​កំណត់​យក​ថ្ងៃទី​២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ឆ្នាំនេះ ទិវាសន្តិភាពអន្តរជាតិ ប្រារព្ធឡើង​ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និងកសាងសន្តិភាព» ដោយផ្តោត​លើការ​ពង្រឹងសាមគ្គីភាពអន្តរជាតិ ការថែរក្សា និងការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុល​សុខ​សម្រាប់មនុស្សជាតិ៕
 

Tag:
 មួកខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com