កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ដករុស្ស៊ីចេញពីការប្រកួតជម្រុះពានរង្វាន់អឺរ៉ុប ​Euro 2024
21, Sep 2022 , 8:29 pm        
រូបភាព
រូបភាព៖UEFA
រូបភាព៖UEFA
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី២០ ខែកញ្ញា ដកក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ីចេញពីការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024។ នេះមានន័យថាក្រុមបាល់ទាត់រុស្ស៊ី នឹងគ្មានមុខនៅពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ ដែលរៀបចំនៅអាល្លឺម៉ង់ឡើយ ដោយសាររុស្ស៊ីឈ្លានពានអ៊ុយក្រែន។



រុស្ស៊ីត្រូវដាក់​ឱ្យស្ថិតនៅតែម្នាក់ឯងពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក ​(FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (​UEFA) ចាប់តាំងពីពួកគេបានវាយលុកចូលអ៊ុយក្រែនតាំងពីខែកុម្ភៈមក។ ក្រុមជម្រើសជាតិរុស្ស៊ីរួមទាំងក្លិបប្រកបអាជីពក្នុងប្រទេសរុស្ស៊ីទាំងប៉ុន្មាន រងការដាក់ទណ្ឌកម្មពីស្ថាប័នបាល់ទាត់កំពូលទាំងពីរ ហើយក្រុមទាំងអស់នោះត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិនានាទៀតផង។
 
បន្ទាប់ពី FIFA មិនអនុញ្ញតឱុ្យរុស្ស៊ីលេងនៅ World cup ស្ថាប័ន UEFA ក៏ធ្លាប់បានព្រមានរុស្ស៊ីផងដែរ ថាពួកគេអាចប្រឈមនឹងការហាមឃាត់ចូលរួមការប្រកួតនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប្រសិនបើរុស្ស៊ីនៅបន្តលុកលុយអ៊ុយក្រែន។
 
ស្របពេលគ្នានេះ ខណៈមានការប្រកាសអំពីការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ​UEFA បានបញ្ជាក់ថា រុស្ស៊ីនឹងមិនស្ថិតក្នុងចំណោមក្រុមទាំង ៥៣ដែលត្រូវចាប់ពូលប្រកួតនោះឡើយ។
 
សេចក្តីថ្លែងការណ៍ UEFA សរសេរថា៖«ក្រុមក្នុងប្រទេសរុស្ស៊ីទាំងអស់កាលពីមុនត្រូវបានព្យួរការប្រកួត ក្រោមហេតុផលតាមការសម្រេចចិត្តរបស់គណៈកម្មាធិការ UEFA កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយការសម្រេចចិត្តនោះមានការទទួលស្គាល់ពីតុលាអាជ្ញាកណ្តាលកីឡា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះរុស្ស៊ីនឹងមិនរាប់បញ្ជូលក្នុងការប្រកួតពានរង្វាន់ ​UEFA Euro 2024 វគ្គជម្រុះឡើយ»។
 
ដោយសាររដករុស្ស៊ី បានធ្វើឱ្យព្រឹត្តការណ៍ ​Euro 2024 នៅវគ្គជម្រុះត្រូវផ្លាស់ប្តូរប្រព័ន្ធប្រកួតផងដែរ ដោយម្ចាស់ផ្ទះអាល្លឺម៉ង់ មិនត្រូវបានឱ្យចូលរួមប្រកួតជម្រុះតាមពូលឡើយ។ 
 
ក្រុមដែលចូលរួមទាំង ៥៣ក្រុមនោះគឺត្រូវបានជ្រើសរើសទៅតាមចំណាត់ថ្នាក់នៃពានរង្វាន់ UEFA Nations League ឆ្នាំ ២០២២-២៣ ហើយបែងចែកទៅតា​​មក្រឡ( Pots) ចំនួន៧ ដែលត្រូវចាប់ពូលក្រុមនីមួយៗ។ ក្រុម ១០ ដែលឈ្នះកៅអីកំពូលតាមពូលនីមួយ និងក្រុមលេខ២ នឹងត្រូវឡើងទៅជុំចុងក្រោយនៃ Euro 2024 ដោយស្វ័យប្រវត្តិ។
 
សម្រាប់ការប្រកួតវគ្គ Play-Off ដណ្តើម ៣កៅអីចុងក្រោយនៃព្រឹត្តិការណ៍ ​Euro 2024 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០២៤៕
 
 

Tag:
 UEFA
  Russia
© រក្សាសិទ្ធិដោយ thmeythmey.com