សេដ្ឋកិច្ច
សហជីព និងកម្មករមួយចំនួន ហាក់ពុំសូវពេញចិត្តលើការកំណត់ប្រាក់ខែគោលឆ្នាំ២០២៣
21, Sep 2022 , 9:59 pm        
រូបភាព
កម្មករកម្មការិនី កំពុងអង្គុយធ្វើការនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ កម្មករនិយោជិក ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
កម្មករកម្មការិនី កំពុងអង្គុយធ្វើការនៅក្នុងរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ។ រូបភាព៖ កម្មករនិយោជិក ផ្ដល់ឱ្យសារព័ត៌មានថ្មីៗ។
ដោយ:
ភ្នំពេញ៖ សហជីព និងនិយោជិកមួយចំនួន ហាក់ពុំសូវពេញចិត្ត​ ចំពោះការសម្រេចកំណត់យកប្រាក់ខែគោលរបស់កម្មករចំនួន ២០០ដុល្លារក្នុងមួយខែនោះទេ ខណៈការស្នើសុំរបស់ពួកគេគឺ ២១៥ដុល្លារ។



លោក ឡុង សក្កាដា សហជីពនៅរោងចក្រ ឌីនហាន ហាក់ពុំសូវពេញចិត្តនឹងការកំណត់ប្រាក់ខែគោលរបស់កម្មករនោះទេ ដោយលោកសង្ឃឹមថា អាចទទួលបាន ២០៨ដុល្លារយ៉ាងតិច បើទោះបីមិនបានដូចអ្វីដែលសហជីព និងកម្មករ បានដាក់ស្នើសុំប្រាក់ខែគោលចំនួន ២១៥ដុល្លារក៏ដោយ។
 
សហជីពរូបនេះ បានរៀបរាប់ថា ទំនិញនៅលើទីផ្សារបច្ចុប្បន្នមានការឡើងថ្លៃគួរឱ្យកត់សម្គាល់ តែប្រាក់ឈ្នួលរបស់កម្មករមិនបានទៅតាមអ្វីដែលពួកគេស្នើសុំ គឺមិនសមតុល្យជាមួយគ្នានោះទេ។
 
«ខ្ញុំស្នើឱ្យអាជ្ញាធរជួយអន្តរាគន៍កុំឱ្យសាំងឡើងថ្លៃ ផ្ទះជួលឡើងថ្លៃ តម្លៃទឹកភ្លើងមានតម្លៃខ្ពស់ពេក ព្រោះកន្លែងខ្លះ ភ្លើង ១គីឡូ ២៥០០រៀល ហើយបន្ទប់ជួលក៏ថ្លៃដែរ។ ទំនិញមុខរោងចក្រក៏ឡើងថ្លៃ អ្នកលក់ថា យកមកថ្លៃ ហើយសាំងក៏ឡើងថ្លៃទៀត ។ អ៊ឹចឹងគាត់ក៏លក់តម្លៃតាមហ្នឹងដែរ»។ នេះបើតាមលោក សក្កាដា។
 
លោកបន្ថែមថា ប្រសិនបើកម្មករ-កម្មការិនី អាចទទួលបានប្រាក់ឈ្នួល ២០៨ដុល្លារ គឺអាចជួយពួកគេ លើការចំណាយរាល់ថ្ងៃបានច្រើន ដោយបូករួមជាមួយនឹងប្រាក់ថែមម៉ោងរបស់ពួកគេបន្ថែមទៀត។ ម្យ៉ាងទៀត សូមកុំឱ្យថ្លៃទំនិញឡើងថ្លៃខ្ពស់ពេក ។
 
អ្នកស្រី អ៊ុយ ចន្រ្ទា ជាកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺមួយកន្លែង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ២១ កញ្ញានេះថា ខ្លួនមិនសូវយល់ស្របទៅលើការសម្រេចរបស់ក្រសួងនោះទេ ព្រោះវាមិនសមស្របតាមតម្លៃទំនិញបច្ចុប្បន្នឡើងថ្លៃគ្រប់មុខ ធ្វើឱ្យការចំណាយប្រចំាថ្ងៃមានកើនឡើង។
 
អ្នកស្រី ចន្រ្ទា បានរៀបរាប់បែបនេះ៖ «លុយអ្នកណាក៏ត្រូវការដែរ ទោះជាមានប៉ុន្មានក៏អត់គ្រប់គ្រាន់។ បើលុយតិច​ និងលុយច្រើនធម្មតាប្រាកដជាយកច្រើនហើយ។ ខ្ញុំមិនមែនលោភលន់ទេ ប៉ុន្តែពួកខ្ញុំជាកម្មករធ្វើការហត់នឿយណាស់ ខំធ្វើការដើម្បីលុយ ប្រសិនបើបានច្រើនពួកខ្ញុំក៏សប្បាយចិត្ត។ តាមការកំណត់របស់ក្រសួង និងនិយោជកត្រូវហើយ ព្រោះគាត់ធ្វើតាមការប្រមូលមតិគ្នា ប៉ុន្តែយ៉ាងហោចណាស់សុំថែមប្រាក់ខែគោលឱ្យបាន ២១០ បើមិនបាន ២១៥ដុល្លារ»។ 
 
អ្នកស្រីបានបញ្ជាក់ថា បើងាកមកមើលជុំវិញការទិញទំនិញ ប្រេងសាំង និងការចំណាយប្រចាំថ្ងៃមានការកើនឡើងច្រើន។ កន្លងមកចំណាយ ១ម៉ឺនរៀល អាចទិញម្ហូបហូបបាន តែបច្ចុប្បន្ន ១ម៉ឺនទិញមិនគ្រាន់នោះទេ។ អ្នកស្រីពន្លឺសម្ដីថា សូម្បីថ្លៃឡានដែលជិះទៅធ្វើការរាល់ថ្ងៃ ក៏ឡើងថ្លៃនោះដែរ។
 
«កាលមុនថ្លៃឡានគេយកតែ ៣ម៉ឺនរៀលទេ តែឡូវដោយសារសាំងឡើងថ្លៃគេយកដល់ ៤ ទៅ៥ម៉ឺនរៀលតាមជិតតាមឆ្ងាយ»។ អ្នកស្រី ចន្ទ្រា បន្ថែមបែបនេះ។
 
លោក គីម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជាតិអប្បរមាភាគីសហជីព បានបញ្ជាក់ពីលិតផលនៃការកំណត់ប្រាក់ខែគោលរបស់កម្មករនិយោជិកថា សហជីពបានបោះឆ្នោតចំនួន ៣លេខ គឺប្រាក់ខែគោល ២០៦ដុល្លារ , ២១០ដុល្លារ និង២១៣ដុល្លារ។ ចំណែកតួលេខខាងក្រសួងការ និងនិយោជកគឺ ១៩៨ដុល្លារ។
 
លោកបន្តថា ដើម្បីស្ថេរភាពការងារ និងសង្កេតមើលពីប្រទេសជិតខាង ព្រមទាំងអនាគតវែងឆ្ងាយរបស់កម្មករនិយោជិក ទើបសម្រេចយកតួលេខ ១៩៨ដុល្លារ ហើយសម្ដេច ហ៊ុន សែន ផ្ដល់ថែម ២ដុល្លារទៀត សរុប២០០ដុល្លារក្នុងមួយខែ នៅឆ្នាំ២០២៣។
 
អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជាតិអប្បរមាភាគីសហជីពរូបនេះ បញ្ជាក់ថា តួលេខនេះ ជានយោបាយមួយ ដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសប្រកួតប្រជែងផងដែរ ពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលនេះ។
 
លោក ចាន់សំណាងបន្តថា៖ «ខ្ញុំគិតថាការដំឡើងប្រាក់ឈ្នួលនេះ សមរម្យមិនខ្ពស់ពេកហើយក៏មិនទាបពេកដែរ។ បើយើងធៀបទៅនឹងឆ្នាំ២០២០ និង២០២១ ការដំឡើងប្រាក់ឈ្នួលខាងនិយោជកគេមិនបានដំឡើងឱ្យនោះទេ តែដោយសារសម្ដេចយកចិត្តទុកដាក់ គាត់បានដំឡើង ២ដុល្លារក្នុងមួយឆ្នាំ តែសម្រាប់ឆ្នាំនេះ​និយោជកបានឡើងឱ្យពី ១៩៤ រហូតដល់ ១៩៨ដុល្លារហើយ។ ខ្ញុំយល់ថាល្អ ហើយក៏ជាការបោះឆ្នោតពេញចិត្តរបស់សហជីព»។
 
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចយកប្រាក់ខែគោលកម្មករនិយោជិកចំនួន ២០០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ៕
 
 
 

Tag:
 ប្រាក់ខែគោលនិយោជិក
© រក្សាសិទ្ធិដោយ thmeythmey.com