ជាតិ
សេដ្ឋកិច្ច
ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៦,២ភាគរយ ក្នុងឆ្នាំ២០២៣
22, Sep 2022 , 7:59 pm        
រូបភាព
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ប្រចាំកម្ពុជា។ រូបពី ADB។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី( ADB) ប្រចាំកម្ពុជា។ រូបពី ADB។
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៣ភាគរយដដែលនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករសម្រាប់ឆ្នាំ ២០២៣ ពី ៦,៥ភាគរយកាលពីខែមេសា មកត្រឹម ៦,២ភាគរយ ដោយសារការថមថយនៃកំណើនសេដ្ឋកិច្ចពិភពលោក​។



ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញសម្រាប់ធ្វើដំណើរ និងស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើនខ្ពស់ ៣៩,៨ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចអាម៉េរិក និងអឺរ៉ុបក៏ដោយ។ នេះបើតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ របស់ ADB នាថ្ងៃទី ២១កញ្ញា។ 


ប្រៀបធៀបការព្យាកររបស់ ADB រវាងខែមេសា និងខែកញ្ញា។ រូបពី ADB។
 
វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើន ខណៈវិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨ភាគរយ។ ចំណែកវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៩,១ភាគរយ នៅឆ្នាំនេះ ប៉ុន្តែត្រូវធ្លាក់ចុះមកត្រឹម ៨.៦ភាគរយវិញ នៅឆ្នាំ ២០២៣ ព្រោះតម្រូវការក្រៅស្រុកមានការថមថយ។
 
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានឱ្យដឹងថា៖« ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលកម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្មដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ»។
 
នាយិកា ADB ប្រចាំកម្ពុជារូបនេះបន្ដទៀតថា៖ «អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោកសម្រាប់ពលរដ្ឋក្រីក្រ»។
 
បើតាមរបាយការណ៍ដដែល ការព្យាករអតិផរណាកម្ពុជានិងកើនដល់ ៥ភាគរយសម្រាប់ឆ្នាំ២០២២ ដែលកើនពី ៤,៧ភាគរយកាលពីខែមេសា ដោយសារឥទ្ធិពលនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរក្សានៅត្រឹម២.២ភាគរយ។
 
ហានិភ័យមួយចំនួនដែលបានលើកឡើងក្នុងរបាយការណ៍ខាងលើមានដូចជា ការលេចឡើងនៃមេរោគកូវីដ-១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការ ដៃគូពាណិជ្ជកម្មសំខាន់ៗមានកំណើនសេដ្ឋកិច្ចថមថយ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ជាសកល និងការកើនឡើងនៃថ្លៃថាមពល ទំនិញ នានាដែលអាចនាំឱ្យការព្យាករខាងលើអាក្រក់ជាងការរំពឹងទុក។
 
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ២,៤៣ពាន់លានដុល្លារនៅកម្ពុជា។ នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន ៣២៧,១លានដុល្លារ ហើយបានកៀគរបន្ថែម ៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។
 
សូមជម្រាបថា ADB បានត្រៀមផ្តល់ប្រាក់កម្ចីដល់កម្ពុជាសម្រាប់ឆ្នាំ ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារ និងជំនួយផ្សេងៗចំនួន ៤៣,៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩៕
 

Tag:
 ADB Jyotsana Varma
© រក្សាសិទ្ធិដោយ thmeythmey.com