អន្តរជាតិ
ហេតុអ្វីបក្សសម្ព័ន្ធយោធាណាតូ ត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២?
23, Sep 2022 , 10:39 am        
រូបភាព
ទ័ពអាម៉េរិក និងណាតូនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០១៧។ រូបភាព៖ Reuters
ទ័ពអាម៉េរិក និងណាតូនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០១៧។ រូបភាព៖ Reuters
៤ឆ្នាំបន្ទាប់ពីសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់ បក្សសម្ព័ន្ធយោធាណាតូ  (NATO) ត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ឥទ្ធិពលសហភាពសូវៀត ក៏ដូចជាការពារអឺរ៉ុបខាងលិច មិនឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់របបកុម្មុយនីស្ត។ ជាបក្សសម្ព័ន្ធយោធាដ៏ធំមួយ ណាតូមានសមាជិកមកពីអាម៉េរិកខាងជើង និងប្រទេសតំបន់អឺរ៉ុប។ អង្គការមួយនេះ បានទទួលជោគជ័យខ្លាំង និងមានរដ្ឋចូលជាសមាជិកជាបន្តបន្ទាប់។

 
សម្ព័ន្ធយោធាណាតូ (NATO) ដែលមានឈ្មោះពេញ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (North Atlantic Treaty Organization) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩។ តាមវេបសាយអង្គការណាតូ គោលបំណងនៃការបង្កើតមាន៣ធំៗ ដូចជា ទប់ស្កាត់ការពង្រីកឥទ្ធិពលសហភាពសូវៀត, ហាមឃាត់ការងើបឡើងវិញនៃរបបយោធានិយមនៅអឺរ៉ុប និងលើកទឹកចិត្តលើការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុប។ 
 
ដំណើរការនៃការបង្កើតណាតូ 


ជំនួបមេដឹកនាំណាតូ នៅទីក្រុងព្រុចសែល នៅខែមិថុនា ឆ្នាំ២០២១។ រូបភាព៖ Reuters
 
បន្ទាប់ពីសង្រ្គាមលោកលើកទីពីរ បានបញ្ចប់នៅក្នុងឆ្នាំ១៩៤៥ អឺរ៉ុបត្រូវបានចែកចេញជាពីរ គឺអឺរ៉ុបខាងលិច ដែលជាប្លុកប្រទេសសេរីគាំទ្រដោយអាម៉េរិក និងអឺរ៉ុបខាងកើតជាប្លុកប្រទេសកុម្មុយនីស្តគាំទ្រដោយសហភាពសូវៀត។ អាម៉េរិក រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បានស្វែងរកវិធីសាស្រ្តមួយចំនួន ដើម្បីឆ្លើយតបនឹងការពង្រីកឥទ្ធិពលសហភាពសូវៀតនៅក្នុងតំបន់អឺរ៉ុបខាងលិច។ ក្នុងឆ្នាំ១៩៤៧ អាម៉េរិក បានដាក់ចេញផែនការសេដ្ឋកិច្ច Marshall Plan ដើម្បីកសាងឡើងវិញសម្ព័ន្ធមិត្តនៅអឺរ៉ុប ដែលខ្ទេចខ្ទាំដោយសារតែសង្រ្គាមលោកលើកទីពីរ។ 
 
ម្យ៉ាងបន្ទាប់ពីរដ្ឋប្រហារនៅឆេកូស្លូវ៉ាគី (Czechoslovakia) ដែលមានសហភាពសូវៀតនៅពីក្រោយក្នុងឆ្នាំ១៩៤៨ អាម៉េរិក រួមទាំងសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងលិចផ្សេងទៀត បានពិភាក្សាគ្នាជាច្រើនលើក ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាមួយ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេស១២ ដែលមកពីអាម៉េរិកខាងជើង និងអឺរ៉ុបខាងលិច បានជួបគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិចខាងជើង។ ស្ថាបនិកទាំង ១២នោះមានដូចជាបែលហ្ស៊ិក អង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវែស ព័រទុយហ្កាល់ និងអាម៉េរិក។ 
 
កាលនោះ ណាតូ មិនទាន់បានបង្កើតរចនាសម្ព័ន្ធយោធាឡើយ។ អ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលសហភាពសូវៀត បានបំផ្ទុះគ្រាប់បែកអាតូមិចនៅក្នុងឆ្នាំ១៩៤៩ និងសង្រ្គាមកូរ៉េនៅឆ្នាំ១៩៥០។ ព្រឹត្តិការណ៍ទាំងពីរនេះ បានធ្វើឱ្យណាតូរៀបចំរចនាសម្ព័ន្ធយោធា ដែលមានទីស្នាក់ការកណ្តាលយោធានៅជាយក្រុង Rocquencourt ដែលមាននាយឧត្តមសេនីយ៍អាម៉េរិក Dwight D. Eisenhower ជាមេបញ្ជាការសម្ព័ន្ធមិត្តអឺរ៉ុបជាន់ខ្ពស់ទីមួយ។ ចំណែកលេខាធិការដ្ឋានស៊ីវិល មានវត្តមាននៅក្នុងទីក្រុងប៉ារីស ដោយមានលោក Lord Ismay ដែលជាជនជាតិអង់គ្លេស គឺជាអគ្គលេខាធិការទីមួយ។ 
 
ចាប់តាំងពីឆ្នាំ១៩៤៩ មក បណ្តាប្រទេសជាច្រើន បានចូលជាសមាជិកអង្គការណាតូជាបន្តបន្ទាប់។ ក្រិក និងតួកគី បានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៥២ ខណៈអាល្លឺម៉ង់ខាងលិច បានចូលជាសមាជិក នៅក្នុងឆ្នាំ១៩៥៥។ ស្ថានភាពនៅអឺរ៉ុប កាន់តែស្មុគស្មាញថែមទៀត បន្ទាប់ពីជញ្ជាំងបែរឡាំង ត្រូវបានសាងសង់ឡើង ដើម្បីពុះអាល្លឺម៉ង់ជាពីរ។  
 

លោក Mikhail Gorbachev មេដឹកនាំសហភាពសូវៀត  និងប្រធានាធិបតីអាម៉េរិក Ronald Reagan  ចុះហត្ថលេខាលើសន្ធិសញ្ញា INF នៅទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ១៩៨៧ រូបភាព៖ NATO
 
នៅក្នុងឆ្នាំ១៩៦៦ បន្ទាប់ពីមិនពេញចិត្តនឹងតួនាទីខ្លួននៅក្នុងអង្គការណាតូ បារាំងបានដកខ្លួនចេញពីការចូលរួមយោធានៅបក្សសម្ព័ន្ធមួយនេះ និងស្នើឱ្យប្តូរស្នាក់ការកណ្តាលចេញពីប្រទេសបារាំង។ ទីស្នាក់ការកណ្តាលយោធាណាតូ ត្រូវបានប្តូរទៅតំបន់ Casteau ប្រទេសបែលហ្ស៊ិកវិញក្នុងឆ្នាំ១៩៧៧ ខណៈទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ត្រូវបានកសាងនៅព្រុចសែល។ រហូតដល់ឆ្នាំ១៩៩៥ ទើបបារាំងត្រលប់មកចូលរួមក្នុងរចនាសម្ព័ន្ធយោធារបស់ណាតូវិញ ពោលគឺបន្ទាប់ពីសង្រ្គាមត្រជាក់បានបញ្ចប់។ 
 
នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ សហភាពសូវៀត បានចាប់ផ្តើមពង្រាយមីស៊ីលបាលីស្ទីកចម្ងាយមធ្យមនៅតំបន់អឺរ៉ុបខាងកើត និងតម្រោងគោលដៅលើអឺរ៉ុបខាងលិចទាំងអស់។ ដើម្បីឆ្លើយតបនឹងសហភាពសូវៀត អាម៉េរិក និងសម្ព័ន្ធមិត្ត បានពង្រាយប្រព័ន្ធអាវុធ Pershing II និងមីស៊ីលស្វ័យនាំផ្លូវដែលបាញ់ចេញពីលើដី។ យ៉ាងណាមិញ ភាគីអាម៉េរិក និងសហភាពសូវៀត នៅតែបន្តចរចាការពង្រាយមីស៊ីលទាំងនោះ ដើម្បីបង្ការសង្រ្គាមកើតឡើង។ នៅក្នុងឆ្នាំ១៩៨៧ សន្ធិសញ្ញាលើការលុបចោលមីស៊ីលចម្ងាយខ្លី និងមធ្យម (INF) ត្រូវបានមេដឹកនាំសហភាពសូវៀត Mikhail Gorbachev និងប្រធានាធិបតីអាម៉េរិក លោក Ronald Reagan ចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន។ 
 
បន្ទាប់ពីសហភាពសូវៀតដួលរលំ បក្សសម្ព័ន្ធយោធាណាតូ នៅតែបន្តប្រតិបត្តិការការងាររបស់ខ្លួន ខណៈប្រទេសជាច្រើន បានចូលរួមជាសមាជិកជាបន្តបន្ទាប់។ មកទល់ពេលនេះ បក្សសម្ព័ន្ធណាតូ មានសមាជិកចំនួន ៣០ប្រទេស ដែលមកទ្វីបអាម៉េរិកខាងជើង និងអឺរ៉ុប។ 
 
សន្តិសុខសមូហភាព (Collective Security)
 
អង្គការមួយនេះ មានលក្ខណៈពិសេសមួយ ដែលបាននិយាយពីសន្តិសុខសមូហភាព (Collective Security) និងមានចែងនៅក្នុងមាត្រា៥ របស់អង្គការ។ មាត្រានោះ បានចែងថា ការវាយប្រហារលើរដ្ឋសមាជិកណាមួយរបស់បក្សសម្ព័ន្ធ គឺជាការវាយប្រហារលើសមាជិកទាំងអស់។ បានន័យថា​ រដ្ឋសមាជិកទាំងអស់នោះ នឹងរួមគ្នាវាយប្រហារលើសត្រូវរបស់ខ្លួនវិញ។ 
 
ណាតូ បានប្រើប្រាស់មាត្រា៥ ឬសន្តិសុខសមូហភាពជាលើកដំបូង និងម្តងគត់នៅក្នុងឆ្នាំ២០០១ បន្ទាប់ពីក្រុមភេរវករអាល់កៃដា បានវាយប្រហារលើអាគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណអាម៉េរិក។ កាលនោះ សមាជិកណាតូ បានគាំទ្រអាម៉េរិក និងបញ្ជូនទ័ពទៅអាហ្វហ្កានីស្ថាន ដើម្បីតាមប្រមាញ់ក្រុមអាល់កៃដា។ ក្រៅពីបញ្ជូនទ័ពទៅអាហ្វហ្កានីស្ថាន សមាជិកណាតូ ក៏បានជួយអាម៉េរិក ដើម្បីល្បាតលើដែនអាកាសអាម៉េរិក ក្នុងរយៈពេល ៧ខែផងដែរ។ 
 
បើទោះសន្តិសុខសមូហភាពត្រូវបានប្រើប្រាស់តែម្តងក៏ដោយ ប៉ុន្តែបក្សសម្ព័ន្ធយោធាមួយនេះ បានប្រើប្រាស់វិធានការការពារសមូហភាព​(Collective Defense) នៅក្នុងកាលៈទេសៈផ្សេងទៀតផងដែរ។ នៅក្នុងឆ្នាំ២០១២ ណាតូ បានពង្រាយមីស៊ីលនៅតាមព្រំដែនតួកគី និងស៊ីរី ក្នុងឆ្នាំ២០១២។ លើសពីនេះ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរុស្ស៊ី ដាក់បញ្ជូលដែនដីគ្រីមៀក្នុងឧបសម្ព័ន្ធរបស់ខ្លួន និងការកើនឡើងនៃក្រុមរដ្ឋឥស្លាម ISIS បានធ្វើឱ្យណាតូបង្កើនការពាររហូតដល់ទៅ ៣ដង៕ 
 

Tag:
 ណាតូ
  អាម៉េរិក
  សូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com