អន្តរជាតិ
នយោបាយអន្តរជាតិ
ជួបគ្នាផ្ទាល់លើកដំបូង លោក បៃឌិន នាំលោក Marcos Jr ជជែកពីបញ្ហាសមុទ្រចិនខាងត្បូង 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន។ រូបថត AFP
×![]()
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីហ្វីលីពីន Ferdinand Marcos Jr បានជួបសន្ទនាគ្នាផ្ទាល់នៅថ្ងៃទី២២ ខែកញ្ញាអំពីបញ្ហាផ្សេងៗ ពិសេសបញ្ហាអូសបន្លាយនៅសមុទ្រចិនខាងត្បូង ដែលនេះបញ្ជាក់ពីការបន្តការសន្យារបស់អាម៉េរិកក្នុងការជ្រោមជ្រែងការពារផលប្រយោជន៍សមភាគីនៅក្នុងតំបន់។
មេដឹកនាំអាម៉េរិកលោកបៃឌិន និងមេដឹកនាំហ្វីលីពីន បានជួបពិភាក្សាគ្នាផ្ទាល់នៅជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះគឺជាលើកទីមួយហើយដែល មេដឹកនាំទាំងពីរបានជួបមុខទល់មុខផ្ទាល់តាំងពីលោក Ferdinand Marcos Jr បានឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីន។
ក្នុងសន្និសីទកាសែតក្រោយជំនួប លោក បៃឌិន បានលើកឡើងថា ខណៈភាគីទាំងពីរបានចាប់ផ្ដើមកិច្ចសន្ទនា លោកចង់ជជែកពីបញ្ហាសមុទ្រចិនខាងត្បូងដែលចិនកំពុងតែជះឥទ្ធិពលលើផង និងបញ្ហាផ្សេងៗទៀតទាក់ទងនឹងការរីករាលជំងឺកូវីដ-១៩ និងថាមពលកើតឡើងវិញ ។
«តួនាទីរបស់អាម៉េរិកក្នុងការការពារសន្តិភាពនៅក្នុងតំបន់របស់ពួកយើង ជារឿងមួយដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយប្រទេសទាំងអស់នៅក្នុងតំបន់ និងជាពិសេសហ្វីលីពីន»។ លោក Marcos Jr លើកឡើងបែបនេះក្នុងសន្និសីទកាសែតដដែលនោះបែបនេះ។
ទន្ទឹមនេះ ចំពោះទំនាក់ទំនងប្រទេសទាំងពីរដែលហាក់ល្អក់កករអំឡុងពេលចុងក្រោយនៃការកាន់តំណែងរបស់អតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ លោក បៃឌិន បញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរនៅតែមានសារសំខាន់ទោះបីមានបញ្ហារកាំរកូសបន្តិចក៏ដោយ។
ទាក់ទិននឹងរឿងនៅអ៊ុយក្រែន លោក បៃឌិន ក៏បានថ្លែងអំណរគុណដល់ហ្វីលីពីនដែលបាន ប្រឆាំងនឹងការលុកលុយមួយនេះផងដែរ។ ប្រធានាធិបតី បៃឌិន បានសម្គាល់ថា ហ្វីលីពីនជា ប្រទេសមួយក្នុងចំណោមសម្ព័ន្ធមិត្តអាម៉េរិកដ៏ទៃៗទៀតដែលបានថ្កោលទោសរុស្ស៊ីយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ហ្វីលីពីន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាម៉េរិក និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងករណីដែលអាម៉េរិកត្រូវការការដាក់ពង្រាយកម្លាំងនៅតាមមូលដ្ឋានយោធាដើម្បីការពារតៃវ៉ាន់ក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់ចិនណាមួយដែលអាចកើតមាន។ អាម៉េរិកចង់បានការសម្រេចចិត្តលើមូលដ្ឋានទ័ពនៅហ្វីលីពីនឱ្យកាន់តែច្រើនដោយសារតម្រូវការក្នុងការរៀបចំសកម្មភាពឆ្លើយតបនឹងភាពអាសន្នបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com