ជាតិ
សង្គមជាតិ
៥ថ្ងៃ សមត្ថកិច្ច ដកហូតម៉ូតូជាង១ពាន់គ្រឿងពីឃ្លាំងនិងហាងបញ្ចាំ ហើយប្រគល់ឱ្យម្ចាស់វិញ ១១គ្រឿង
23, Sep 2022 , 6:29 pm        
រូបភាព
សមត្ថកិច្ចចុះដកហូតម៉ូតូដែលគ្មានឯកសារច្បាស់លាស់។ រូបពី រដ្ឋបាលខណ្ឌទួលគោក
សមត្ថកិច្ចចុះដកហូតម៉ូតូដែលគ្មានឯកសារច្បាស់លាស់។ រូបពី រដ្ឋបាលខណ្ឌទួលគោក
ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ អះអាងថា នឹងបន្តចុះឆែកគ្រប់ឃ្លាំងម៉ូតូនិងបញ្ចាំ ទូទាំងរាជធានីភ្នំពេញទៀត ខណៈ៥ថ្ងៃនេះ ដកហូតម៉ូតូ១១១៣គ្រឿង ដែលគ្មានឯកសារច្បាស់លាស់។

 
គិតត្រឹមថ្ងៃទី២៣ កញ្ញានេះ អាជ្ញាធរបានបើកយុទ្ធនាការ ចុះត្រួតពិនិត្យឃ្លាំងម៉ូតូ និងហាងបញ្ចាំចំនួន១៣ទីតាំង ហើយដកហូតម៉ូតូ ដែលពុំមានឯកសារច្បាស់លាស់១១១៣គ្រឿង។ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ថា ក្រុមជំនាញកំពុងដោះស្រាយផ្ទៀងផ្ទាត់ម៉ូតូ ជាមួយខាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់បន្ថែមឲ្យដឹងថាម៉ូតូរបស់បុគ្គលណា ហើយម៉ូតូណាខ្លះគេចពន្ធ។ អ្វីដែល លោកកត់សម្គាល់ឃើញ មានម្ចាស់ឃ្លាំងម៉ូតូ និងហាងបញ្ចាំខ្លះ បានរត់គេចខ្លួន។ 
 
«ភ្ជុំបិណ្ឌខាងមុខនេះ យើងសម្រាកសិន រួចនឹងបន្តចុះឆែកគ្រប់ទីតាំងរបស់ឃ្លាំងម៉ូតូ និងហាងបញ្ចាំនៅទូទាំងភ្នំពេញ ដើម្បីពិនិត្យមើលឯកសារម្ដងមួយៗ។ បើរកឃើញភាពមិនប្រក្រតីលើម៉ូតូណា នឹងដកហូត»។ នេះជាការលើកឡើងរបស់ លោក ឃ្លាំង ហួត ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នាថ្ងៃទី២៣ កញ្ញា ដោយអំពាវនាវឲ្យពលរដ្ឋ ដែលបាត់ម៉ូតូ អាចទៅរកមើលនៅ OCIC នៅខណ្ឌជ្រោយចង្វារ។ 
 
បើតាមអភិបាលរងដដែលនេះ សមត្ថកិច្ច បានប្រគល់ម៉ូតូ១១គ្រឿង ឱ្យម្ចាស់ដើមវិញហើយ ។ ជាមួយគ្នាដែរ អភិបាលរងរាជធានីភ្នំពេញ ប្រាប់ឲ្យពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមក្នុងយុទ្ធនាការបង្ក្រាបការជួញដូរម៉ូតូ ការលួចឆ្លក់ប្លន់ និងល្បែងស៊ីសងទាំងអស់គ្នា ដោយរាយការណ៍ទៅអាជ្ញាធររាល់ករណីសង្ស័យ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com