ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មណ្ឌលសុខភាពកំពង់ស្វាយ នៅខ្វះបង្គន់អនាម័យសម្រាប់ជនមានពិការភាព
24, Sep 2022 , 8:59 pm        
រូបភាព
ដោយ៖ ឡាន់ យាកលិញ និងម៉េង លីនដា (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ,កំពង់ស្វាយ៖ មណ្ឌលសុខភាព កំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសាងសង់ជម្រាសសម្រាប់ជនមានពិការភាព ដើម្បីផ្តល់ភាពស្រួលក្នុងការទទួលសេវាសុខភាព។ ប៉ុន្តែ នៅមានកង្វះខាត បង្គន់អនាម័យ សម្រាប់ជនពិការ។ នេះបើតាមលោក ស៊ុន សុភី ប្រធានមណ្ឌលសុខភាព កំពង់ស្វាយ។

 
 
បើតាមប្រធានមណ្ឌលសុខភាពរូបនេះ លោក កម្របានឃើញជនពិការភាព ដែលជិះរទេះ មកទទួលសុខភាព នៅមណ្ឌលសុខភាពណាស់ ខណៈដែលក្នុងមួយឆ្នាំ មានអ្នកពិការភាព មករកសេវាព្យាបាលពីមណ្ឌលសុខភាព តែ ២ឬ៣នាក់ប៉ុណ្ណោះ។ «ការប្រើប្រាស់សេវានៅមណ្ឌលសុខភាព ជនពិការយើងមានតិចណាស់។ វាកម្រឃើញមាន។ ហើយពិការហ្នឹង ច្រើនតែពិការដែល ដល់ទៅពិការជិះរទេះ ដូចអត់ឃើញមានទេ។ មានពីការដែលអាចដើរបាន។ ជួនកាលពិការភ្នែកតិចតួចចឹងទៅ។ ជួនកាលអ្នកពិការជើង ប៉ុន្តែគាត់អាចដើរបាន។ ដល់ទៅពិការជិះរទេះ ក្រមឃើញណាស់។ មួយឆ្នាំមិនទាន់មានមួយ(នាក់)ផងទេ»។ លោក ស៊ុន សុភី ពន្យល់ដូច្នេះ។ 
 
ទោះយ៉ាងមិនសូវពលរដ្ឋមានពិការភាព ប្រើប្រាស់សេវាសុខភាពក៏ដោយ លោក ស៊ុន សុភី ក៏បង្ហើបពីបំណងសង់ បង្គន់អនាម័យដែលមានជម្រាលសម្រាប់ជនមានពិការភាព ដើម្បីផ្តល់ភាពងាយស្រួលនៅពេលពួកគាត់មកមណ្ឌលសុខភាព។ លើសពីនេះ ស្ត្រីមានផ្ទៃពោះ ក៏អាចប្រើប្រាស់បង្គន់អនាម័យរបស់អ្នកមានពិការភាព ដែរ។  លោក ស៊ុន សុភី អះអាងដូច្នេះ រួមបន្តថា៖ «ខ្ញុំមានខ្វះខាត គឺបន្ទប់ទឹក និងបន្ទប់(ថែទាំ)ជនពិការ គឺខ្ញុំអត់មានទេ ...បន្ទប់ជនពិការហ្នឹង មិនមែនតែសម្រាប់ជនពិការទេ។ ចំពោះស្ត្រីមានផ្ទៃពោះ ក៏ប្រើបន្ទប់ហ្នឹងដែរ។ បន្ទប់ទឹករបស់ជនពិការ និងស្ត្រីមានផ្ទៃពោះ ដូចគ្នា គ្រាន់តែខុសនឹងជម្រាលទេ។  ដល់បន្ទប់ទឹកស្ត្រីមានផ្ទៃពោះ ប្រើជាមួយជនពិការ ព្រោះព្រោះបន្ទប់ហ្នឹងមានកន្លែងគេតោងឈរ»។
 
សូមជម្រាបថា ក្នុងមួយខែៗ មានពលរដ្ឋជាមធ្យម ៧០០នាក់ បានមកទទួលការពិនិត្យ និងព្យាបាលជំងឺ នៅមណ្ឌលសុខភាព ក្នុងនោះស្ត្រីមានផ្ទៃពោះចន្លោះពី៦០-៧០នាក់ បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមណ្ឌលសុខភាព។  លោក ស៊ុន សុភី ក៏លើកទឹកចិត្តដល់ពលរដ្ឋទូទៅ ពិសេសពលរដ្ឋដែលមានពិការភាព បន្តមកទទួលសេវាសុខភាព នៅមណ្ឌលសុខភាព ដែលក៏នឹងចូលរួមកាត់បន្ថយចំណាយរបស់ពួកគាត់ ខណៈមណ្ឌលសុខភាព មានគោលការណ៍ លើកលែងការបង់ថ្លៃសេវាសម្រាប់ពលរដ្ឋដែលមានពិការភាព៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 មណ្ឌលសុខភាព
 ជនមានពិការភាព
 ស៊ុន សុភី
© រក្សាសិទ្ធិដោយ thmeythmey.com