ជាតិ
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
បន្តពីម្ដាយ អ្នកស្រី ណក់ ចំរើន តែងទៅជួយស្មូត«បរាភវសូត្រ» នៅវត្ត រាល់ពេលភ្ជុំបិណ្ឌ
24, Sep 2022 , 10:29 pm        
រូបភាព
អ្នកស្រី ណក់ ចំរើន ជាអ្នកស្មូតមួយរូប នៅក្នុងភូមិរោងគោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពេលរដូវភ្ជុំបិណ្ឌម្ដងៗ អ្នកស្រី តែងក្រោកពីព្រឹកទៅជួយស្មូត និងសូត្របទ«បរាភវសូត្រ» នៅវត្ត ដែលនៅជិតផ្ទះជារៀងរាល់ឆ្នាំ។ ស្រ្តីរូបនេះ បន្តការងារស្មូត ពីម្ដាយ ជាង១០ឆ្នាំហើយ។


 
 
អ្នកស្រី ណក់ ចំរើន បានរៀនសូត្រស្មូត កំណាព្យ ជាមួយម្ដាយតាំងពីអាយុ៨ឆ្នាំ។ ដោយសារមានទេពកោសល្យ និងការស្រលាញ់ជំនាញសូត្រស្មូតនេះ អ្នកស្រី ចំរើន បានចាប់អាជីពស្មូតបន្តពីម្ដាយ ហើយតែងដើរស្មូតតាមបុណ្យផ្សេងៗ ដូចជាបុណ្យសព បុណ្យបច្ច័យបួន បុណ្យកឋិនជាដើម ជាង១០ឆ្នាំមកហើយ។
 
ដល់ពេលរដូវភ្ជុំបិណ្ឌម្ដងៗ អ្នកស្រី ចំរើន បានទៅជួយស្មូត និងសូត្របទ«បរាភវសូត្រ» នៅវត្តរតនៈគុណារាមរោងគោ ហៅវត្តរោងគោ ស្ថិតនៅភូមិរោងគោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជារៀងរាល់ថ្ងៃ។ អ្នកស្រី លើកឡើងដូច្នេះ៖«ឱ្យតែពេលភ្ជុំខ្ញុំទៅជួយសូត្រ បរាភវសូត្រ រាល់ព្រឹក។ ព្រោះកាលពីក្មេងម៉ែនាំទៅជួយសូត្រនៅវត្ត ដូចបង្រៀនអ៊ីចឹង ហើយក៏ទម្លាប់ទៅសូត្ររហូតដល់ឥឡូវ ឱ្យតែភ្ជុំ»។ 
 
ទន្ទឹមនឹងនេះ អ្នកស្រី ចំរើន ក៏ឆ្លៀតបង្រៀនក្មេងៗក្នុងភូមិពីការសូត្រស្មូត កំណាព្យនេះផងដែរ។ ដោយសារស្រឡាញ់សិល្បៈសូត្រស្មូត កំណាព្យបុរាណ អ្នកស្រី ចំរើន ចង់បន្តធ្វើការងារនេះរហូត ដោយគ្មានគំនិតចង់បោះបង់ឡើយ។ ស្រ្តីវ័យ២៨ឆ្នាំរូបនេះ ក៏ចង់ចូលរួមថែរក្សាប្រពៃណី វប្បធម៌បុរាណ ពិសេសស្មូត និងកំណាព្យ ដ្បិតក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកចាប់អារម្មណ៍ច្រើនឡើយ៕
 
 

Tag:
 ជុំបិណ្ឌ
 បរាភវសូត្រ
© រក្សាសិទ្ធិដោយ thmeythmey.com