ជាតិ
សង្គមជាតិ
៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ខេត្តកែបទទួលទេសចរបានជាង ១១ម៉ឺននាក់ ខណៈព្រះសីហនុ ជាង៨ម៉ឺននាក់
27, Sep 2022 , 2:40 pm        
រូបភាព
 ភ្ញៀវទេសចរអង្គុយលេងលើឆ្នេរខ្សាច់ មើលផ្ទៃសមុទ្រនៅខេត្តព្រះសីហនុ។ រូបភាព៖ លោក ឡុង ឌីម
ភ្ញៀវទេសចរអង្គុយលេងលើឆ្នេរខ្សាច់ មើលផ្ទៃសមុទ្រនៅខេត្តព្រះសីហនុ។ រូបភាព៖ លោក ឡុង ឌីម
 ឈប់សម្រាក់៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ  មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាង១១ម៉ឺននាក់ បានទៅដើរកម្សាន្តខេត្តកែប និង ជាង៨ម៉ឺននាក់ទៀត ទៅលេងខេត្តព្រះសីហនុ។ ចំនួនអ្នកទេសចរដែលមកលេងកម្សាន្តនេះ គឺមានកំណើនល្អប្រសើរ បើធៀបនឹងបុណ្យភ្ជុំបិណ្ឌ កាលឆ្នាំ២០២១។



ចាប់ពីថ្ងៃទី២៤ដល់២៦ ខែកញ្ញា នាពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរ សរុប ៨៤ ៥៥៧នាក់។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងនោះ ភ្ញៀវជាតិមាន ៨២ ០០១នាក់ ដែលកើនឡើង ៥,០៣ភាគរយ ធៀបនឹងបុណ្យភ្ជុំបិណ្ឌ កាលឆ្នាំ២០២១។



ទិន្នន័យដែលលោក​ ឡុង ឌីម៉ង់ បង្ហោះលើហ្វេសប៊ុក បានបង្ហាញថា ក្នុងចំណោមអ្នកទេសចរទាំងនោះ គឺមានជាង៩០០នាក់ បានទៅកម្សាន្តនៅតាមបណ្តាកោះ និងភ្ញៀវ៨៣ ៤៤៨នាក់ទៀត ​ដើរលេង្កម្សាន្តនៅតាមឆ្នេរសមុទ្រ និងរមណីយដ្ឋាននានា នៃខេត្តព្រះសីហនុ។

ក្នុងពេលជាមួយគ្នានេះ ខេត្តកែប​ ក៏ទទួលបានភ្ញៀវទេសចរចំនួន ១១៦ ៧៧៦នាក់ ផងដែរ។  បើតាមរដ្ឋបាលខេត្តកែប ចំនួននេះ គឺបានកើនឡើង២១,៤៩ភាគរយ បើធៀ​បនឹងឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរនេះ គឺមានទេសចរជាតិ ជាង១១,៥ម៉ឺននាក់ និងអន្តរជាតិមានជាង ១ពាន់នាក់៕


Tag:
 ទេសចរណ៍
  ខេត្តកែប
  ទេសចរ
  បុណ្យភ្ជុំ
© រក្សាសិទ្ធិដោយ thmeythmey.com