ជាតិ
សង្គមជាតិ
ការងារស្ម័គ្រចិត្ត ជួយឱ្យយុវតី សុផល កាន់តែក្លាហាន និងមានឱកាសធ្វើការនៅក្នុងសង្កាត់
27, Sep 2022 , 3:19 pm        
រូបភាព
កញ្ញា ឃិន សុផល ជំនួយការចៅសង្កាត់ នៃសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កញ្ញា ឃិន សុផល ជំនួយការចៅសង្កាត់ នៃសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
 
ការងារស្ម័គ្រចិត្ត បានរួមចំណែកយ៉ាងធំនៅក្នុងការបណ្តុះភាពក្លាហាន និងភាពជាអ្នកដឹកនាំរបស់ យុវតី ឃិន សុផល។ បច្ចុប្បន្ន សុផល មានវ័យ ២៤ឆ្នាំ ហើយនាង​ គឺជាជំនួយការចៅសង្កាត់ នៃសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។  យុវតីសម្បុរស្រអែមរូបនេះ អះអាងថា ការបោះជំហានចូលប្រឡូកនៅក្នុងការងារស្ម័គ្រចិត្ត បានកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួនយ៉ាងច្រើន ជាពិសេសគឺភាពក្លាហាន។ មិនតែប៉ុណ្ណោះ តាមរយៈការងារស្ម័គ្រចិត្តនេះ សុផល ក៏មានឱកាសធ្វើការនៅក្នុងសង្កាត់ និងបានក្លាយជាយុវជនដែលកំពុងចូលរួមពន្លឿនការផ្តល់សេវាសាធារណៈ នៅសង្កាត់ស្រយ៉ូវដោយផ្ទាល់ផងដែរ។



សាលាសង្កាត់ស្រយ៉ូវ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ដែលមានចម្ងាយប្រមាណ ៧គី​ឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ​។ ​​អគារសាលាសង្កាត់ ត្រូវបានស្ថាបនាឡើងដូចនឹងរចនាបទអគារនានា នៅទូទាំងប្រទេសដែរ។ ពោលគឺជាសំណង់អគារផ្ទាល់ដី ​ ​ពណ៌ក្រហមក្រម៉ៅ​ ហើយដែលត្រូវបានខណ្ឌចែកជា៤បន្ទប់។ គេទុកលំហកណ្តាល ​ជាជួបជុំរវាងមន្ត្រីសង្កាត់ និងជាទីធ្លា​សម្រាប់ទទួលពលរដ្ឋ ដែល​មកស្វែងរកសេវា​សា​ធារណៈ​នៅសង្កាត់​ ដែរ។ ទីនេះហើយ ដែលកញ្ញា ឃិន សុផល បានបំពេញការងារជាជំនួយការចៅសង្កាត់ នៃសង្កាត់ស្រយ៉ូវនេះ។ ស្ថិតក្នុងវ័យ ២៤ឆ្នាំ សុផល​ គឺ​ស្ត្រីដែលវ័យក្មេងជាងគេ ខណៈនៅ​សា​លាសង្កាត់ស្រយ៉ូវ មានតែជំទប់ទី១ប៉ុណ្ណោះ​។

សុផល បានធ្វើការជាជំនួយការចៅសង្កាត់ជាង ២ឆ្នាំហើយ គឺតាំងពីអំឡុងខែកក្កដា ឆ្នាំ២០២០មកទល់សព្វថ្ងៃ។ មុនប្រឡងជាប់ចូលបម្រើការងារនៅសង្កាត់ស្រយ៉ូវ យុវតីសម្បុរស្រអែមរូប​នេះ បានចូលរួមជាយុវជនស្ម័គ្រចិត្ត​ ជាមួយអង្គការសង្គមស៊ីវិល ស្របពេលដែលនាងកំ​ពុង​សិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យមួយ នៅទីរួមខេត្តកំពង់ធំ។

ការងារជាយុវជនស្ម័គ្រចិត្ត​​ បានផ្តល់ឱកាសឱ្យ សុផល បានអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់ខ្លួន ពីមនុស្សដែលសូវហ៊ាននិយាយស្តី ទៅជាក្លាហាន។ ​នាងអាចបញ្ចេញថ្វីមាត់បានយ៉ាងជឿជាក់ នៅក្នុងចំណោមមនុស្ស និងជាយុវជនដែលមានគំនិតផ្តួចផ្តើម​ ផងដែរ។ សុផល រំឭកពីស្ថានភាពរបស់ខ្លួន នៅពេលចាប់ផ្តើមឈានជើងចូលក្នុងការងារជាយុវជនស្ម័គ្រចិត្តយ៉ាងដូច្នេះ៖ «​ពីមុនខ្ញុំអត់ហ៊ាននិយាយស្តីទេ។ យើងឈរនិយាយភ័យ សូម្បីតែចូលក្រុមយុវជនដំបូង គេឱ្យណែនាំឈ្មោះ ខ្ញុំភ័យញ័រជើង និយាយឡើងញ័រមាត់។ តែដល់ពេលដែលខ្ញុំចូលហើយ ក្នុងសង្កាត់ ក៏យើងធ្វើការជាមួយប្រជាពលរដ្ឋដែរ ហើយយើងចូលរៀនជាមួយយុវជន ក៏​យូរៗទៅ ការនិយាយរបស់ខ្ញុំ អត់ដូចមុនទេ។ ខ្ញុំអត់ភ័យ អត់ញ័រដៃ ញ័រជើង»។


វត្តមានរបស់ សុផល បានបញ្ជាក់ពីតម្លៃរបស់យុវជនក្នុងការពន្លឿនការងារនៅ​​សង្កាត់

ជាជំនួយការចៅសង្កាត់ស្រយ៉ូវ ក្នុងក្រុងស្ទឹងសែន ​សុផល មើលឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ខ្លួន ​ អំពីរបៀបទៅទទួលសេវាសាធារណៈ នៅមានកម្រិតនៅឡើយ។ ខ្វះខាតឯកសារ និងមិនយល់ពីសារៈសំខាន់នៃការធ្វើឯកសារមួយចំនួន គឺជាបញ្ហាដែល​ កើតឡើងញឹកញាប់ជាងគេ។  បញ្ហាទាំងនេះ ដែលជំរុញទឹកចិត្តឱ្យ កញ្ញា ឃិន សុផល ចង់ក្លាយជាអ្នកនាំពាក្យ ដែលផ្តល់ដំណោះស្រាយបញ្ហា រវាងពលរដ្ឋ និងអាជ្ញាធរ។

​​យុវតី សុផល យល់ស្របដោយឥតរារែក ដែលថាវត្តមានរបស់យុវជន ពិតជាមានសារៈសំខាន់ នៅក្នុងការងារនៅថ្នាក់ឃុំ-សង្កាត់។ ភាពសំខាន់មួយក្នុងចំណោមនោះ គឺការបញ្ជ្រាបចំ​ណេះ​ដឹងបច្ចេកវិទ្យានៅក្នុងសង្កាត់ ដែលបានចូលរួមជំរុញប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

សុផល បានចាប់ផ្តើម និងផ្លាស់ប្តូរការកត់ត្រាឯកសារ និងបែបបទរដ្ឋបាលនានានៅ​សង្កាត់​ ដោយប្រើប្រាស់កុំព្យូទ័រទាំងអស់ ពោល គឺរាប់ចាប់ពីការសរសររបាយការណ៍ កំ​ណត់ហេតុ ការធ្វើអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗទៀត។ ​ «ល្អមែនទែន ព្រោះដោយ​សារយុវជន សម័យឥឡូវ គាត់ផ្សព្វផ្សាយបានរហ័ស។ តាមហ្វេសប៊ុក ប្រព័ន្ធឌីជីថល គាត់ផ្សព្វផ្សាយបានរហ័ស អ៊ីចឹងទៅធ្វើឱ្យយុវជនផ្សេងទៀតដែលអត់ដែលចូលរួម​ គាត់ចង់ចូលរួម​ដែរ។ ពីមុនរាល់ឯកសារ យើងតែងតែសរសេរដៃ។ កំណត់ហេតុ របាយការណ៍នៅក្នុងសង្កាត់ គឺសរសេរដៃ ដោយសារតែអត់មានអ្នកចេះកុំព្យូទ័រ។ មុនខ្ញុំចូលហ្នឹង! ក៏មានអ្នកចេះដែរ ប៉ុន្តែគ្រាន់ថា គាត់ ម្នាក់ឯង អត់អាចធ្វើទាន់បានទេ  រាល់ការវាយឯកសារ។ អ៊ីចឹងនៅពេលដែលខ្ញុំចូលទៅ រាល់ឯកសារ គឺអត់ដែលសរសេរដៃទេ»។ នេះជាការរៀបរាប់របស់កញ្ញា ឃិន សុផល។

សុផល ពេញចិត្តនឹងការងាររបស់ខ្លួនណាស់ ព្រោះម្យ៉ាងជាការងារដែលនាងស្រឡាញ់ និងម្យ៉ាងទៀត សុផល ដែលជាកូនស្រីពៅនៅក្នុងគ្រួសារ ក៏អាចមានពេលវេលាមើលថែឪពុកម្តាយរបស់ខ្លនផង។ «ខ្ញុំនៅនេះល្អ ព្រោះដោយសារថាជាការងារមួយដែលខ្ញុំស្រឡាញ់ផង។ ស្រឡាញ់ ចូលចិត្ត ត្រង់ថាយើងជួយបានទាំងខ្លួនឯង បានទាំងអ្នកដទៃ ហើយនឹងអ្នកជុំវិញខ្លួនយើង។ ជួយគាត់ ព្យាយាមប្រាប់គាត់ថា ធ្វើម៉េចឱ្យគាត់មកធ្វើឯកសារហ្នឹង កុំឱ្យខាតពេលវេលា។ ហើយខ្ញុំក៏បាន​បង្កើតជាក្រុមសង្កាត់ស្រយ៉ូវមួយដែរ។ តែមិនមែនមានតែប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្រយ៉ូវហ្នឹងទេ ដែលមាននៅក្នុងក្រុមតេឡេក្រាមហ្នឹង។ គឺមានឆ្លងឃុំ-សង្កាត់។ បើពលរដ្ឋនៅក្នុងក្រុមហ្នឹង ចង់ដឹងអី អាចសួរនៅក្នុងក្រុមហ្នឹងបាន»។
 
ក្រៅពីនេះ សុផល ក៏លើកទឹកចិត្តឱ្យយុវជនចូលរួមនៅក្នុងការងារនៅថ្នាក់ឃុំ-សង្កាត់ កាន់​តែច្រើន ។ យុវតីរូបនេះ ក៏សង្ឃឹមថា នាងនឹងក្លាយតួអង្គមួយ នៅក្នុងការពន្លឿនការផ្តល់សេវារដ្ឋបាលសាធារណៈពីសង្កាត់ស្រយ៉ូវ ទៅដល់ពលរដ្ឋនៅក្នុងសង្កាត់ទាំងមូល ដែលមានជាង ១ម៉ឺននាក់ និងជំរុញឱ្យការផ្តល់សេវាទាំងនោះ កាន់តែល្អប្រសើរឡើង។ «យុវជនជាកម្លាំងសំខាន់ ព្រោះយុវជន នៅធ្វើការយូរទៅមុខទៀត។ អ៊ីចឹង បើគាត់ចាប់ផ្តើម​ធ្វើ(ការងារនៅថ្នាក់ឃុំ-សង្កាត់) ពីឥឡូវទៅ​ គាត់ស្ទាត់ចំពោះជំនាញហ្នឹង។ ឧទាហរណ៍ថាថ្ងៃមុខ គាត់​ឡើងជាក្រុមប្រឹក្សាទៅ ក៏គាត់ដឹងច្រើនអំពីសេវា(រដ្ឋបាលសាធារណៈ)ដែរ។»៕







Tag:
 យុវជន
  ការងារ
  ឃិន សុផល
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com