ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ចូលរួមបុណ្យសព​ លោក ស៊ិនហ្សូ អាបេ​ នៅតូក្យូ
27, Sep 2022 , 4:48 pm        
រូបភាព
 សម្តេចហ៊ុន សែន និងគណៈប្រតិភូ ចូលរួមរំលែកទុក្ខនៃ ការស្លាប់របស់ ស៊ីនហ្សូ អាបេ នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) នារសៀលថ្ងៃទី២៧កញ្ញា ឆ្នាំ២០២២។​
សម្តេចហ៊ុន សែន និងគណៈប្រតិភូ ចូលរួមរំលែកទុក្ខនៃ ការស្លាប់របស់ ស៊ីនហ្សូ អាបេ នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) នារសៀលថ្ងៃទី២៧កញ្ញា ឆ្នាំ២០២២។​
 រសៀលថ្ងៃទី២៧កញ្ញានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ចូលរួមពិធីបុណ្យសព​ លោក​ ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។


 
សម្តេច ហ៊ុន សែន ចាត់ទុក មរណភាពរបស់លោក ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់បង់នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុនដែលបានដឹកនាំឲ្យមានការរីកចម្រើន និង លើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ។  ប៉ុន្តែការស្លាប់នេះ គឺជាការបាត់បង់នូវមិត្តភក្តិដ៏ល្អពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជា ផងដែរ។
 
ពិធីបុណ្យសពរបស់លោក ស៊ិនហ្សូ អាបេ'នៅសាលនីពុន ប៊ូដូកាន (Nippon Budokan)។ រូបថត៖ ហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន

បើតាមសម្តេច ហ៊ុន សែន កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់លោក ស៊ិនហ្សូ  អាបេ នឹងត្រូវបានចងចាំជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។  សម្តេច បន្តសរសេររៀបរាប់នៅលើទំព័រហ្វេសហ៊ុក​យ៉ាងដូច្នេះ៖ « ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ»។
 
សូមបញ្ជាក់ថា លោក ស៊ិនហ្សូ អាបេ បានទទួលមរណភាព កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានបាញ់ប្រហារមករូបលោក ក្នុងឱកាសលោកកំពុងថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២៕
 
 
 




Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com