ជាតិ
សង្គមជាតិ
សម្ដេច ស​ ខេង ស្នើឲ្យចិន ជួយស្រាវជ្រាវរកក្រុមមេក្លោងឧក្រិដ្ឋជនឆ្លងដែន
28, Sep 2022 , 1:59 pm        
រូបភាព
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា (ខាងឆ្វេង) និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្ដីទី(ខាងស្ដាំ)។ រូបពី ហ្វេសប៊ុក របស់សម្ដេច ស ខេង
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា (ខាងឆ្វេង) និងសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្ដីទី(ខាងស្ដាំ)។ រូបពី ហ្វេសប៊ុក របស់សម្ដេច ស ខេង
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្ដីទីកម្ពុជា បានស្នើទៅភាគីចិន ឲ្យជួយរកក្រុមមេក្លោងប្រព្រឹត្តបទល្មើសឆ្លងដែន ដើម្បីជួយដល់កម្ពុជាដែលជាប្រទេសរងគ្រោះ ដោយសារតែក្រុមឧក្រិដ្ឋជនទាំងនេះ។

 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបជាមួយ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារផ្ដោតសំខាន់លើ ការទប់ស្កាត់បទល្មើសឆ្លងដែន កាលពីថ្ងៃទី២៧ កញ្ញា នៅវិមានរដ្ឋសភា ។
 
ក្នុងកិច្ចពិភាក្សានេះ សម្ដេច ស ខេង បានប្រាប់ពីលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែន ទៅ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្ដេច បង្ហាញជំហរថា ភាគីកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការ ជាមួយបណ្ដាភាគីជាមិត្តក្នុងតំបន់ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន។ 
 
នាយករដ្ឋមន្ត្រីស្តីទីរូបនេះ បានបន្ថែមថា កម្ពុជារងគ្រោះ ដោយសារក្រុមទុច្ចរិតទាំងនោះ ខណៈកម្ពុជា នៅមានចំណុចខ្វះខាតមួយចំនួនក្នុងការទប់ស្កាត់។ 
 
សម្ដេច ស ខេង បានសរសេរលើទំព័រហ្វេសប៊ុកថា៖ «ស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ី
ដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ។ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជា»។ 
 
ពាក់ព័ន្ធនឹងករណីនេះ ឯកអគ្គរដ្ឋទូតចិន បានឆ្លើយតបវិញថា ស្ថានទូតចិនបានបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះ ទៅដល់បណ្ដាញផ្សព្វផ្សាយ និងសាធារណជន ឱ្យដឹងពីមធ្យោបាយក្នុងការចូលរួមទប់ស្កាត់ និងល្បិចកលក្រុមឧក្រិដ្ឋជនផងដែរ។
 
លោក វ៉ាង វិនធាន បានសង្កត់ធ្ងន់ថា៖ «ភាគីចិនត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ»។ 
 
ជាមួយគ្នាដែរ លោកក៏បានថ្លែងអំណរគុណដល់ភាគីកម្ពុជា លើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះ ដែលពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន នាពេលកន្លងមក។ 
 
ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមាន ការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់, ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។ 
 
សូមជម្រាបដែរថា ថ្មីៗនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្របខណ្ឌអាស៊ាន សម្ដេច ស ខេង ក៏បានលើកឡើងបញ្ហានេះ ដើម្បីរួមគ្នាទប់ស្កាត់ និងឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន រួមទាំងបង្ក្រាប ចាប់ខ្លួនជនល្មើស៕ 
 
 
 
 
 
 
 
 
 
 
 

Tag:
 ឧក្រិដ្ឋជនឆ្លងដែន
  កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com