ជាតិ
សង្គមជាតិ
អ្នកស្រី ភឿង សកុណា ចាត់ទុកសិល្បករ «មានឥទ្ធិពលជាងបណ្តារដ្ឋមន្រ្តី» ក្នុងការផ្ញើសារឲ្យប្រជាជនថែសម្បត្តិវប្បធម៌
28, Sep 2022 , 1:07 pm        
រូបភាព
អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ ធ្វើជាអធិបតីក្នុងពិធីសម្ពោធភាពយន្តចម្រៀងបទជីវិតក្មេងវត្ត (រូបពីក្រសួងព័ត៌មាន)។
អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីវប្បធម៌ ធ្វើជាអធិបតីក្នុងពិធីសម្ពោធភាពយន្តចម្រៀងបទជីវិតក្មេងវត្ត (រូបពីក្រសួងព័ត៌មាន)។
អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលឃើញថា សារអ្វីមួយ ដែលចេញពីអ្នកសិល្បៈ តែងជះឥទ្ធិពលយ៉ាងខ្លាំងដល់មហាជន។ ដូច្នេះហើយ អ្នកស្រី បានស្នើឲ្យអ្នកសិល្ប ជួយផ្ញើសារទៅកាន់ប្រជាជន ដើម្បីរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ទាំងសម្បត្តិវប្បធម៌រូបី និងសម្បត្តិវប្បធម៌អរូបី។



ក្នុងពិធីសម្ពោធភាពយន្តចម្រៀងបទជីវិតក្មេងវត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលសម្បូរដោយសិល្បករ-សិល្បការិនី អ្នកស្រីរដ្ឋមន្រ្តីវប្បធម៌ ថ្លែងបែបនេះថា៖«សិល្បករយើង ដែលជាអ្នកនាំសារ កន្លែងខ្លះ អ្នកសិល្បៈ តែងតែមានឥទ្ធិពលច្រើនជាងពួករដ្ឋមន្រ្តីទៅទៀត មានឥទ្ធិពលទៅលើបណ្តាញសង្គម សូមជួយបំផុស ធ្វើម៉េចដើម្បីថែរក្សា [សម្បត្តិវប្បធម៌] បានយូរអង្វែងតរៀងទៅ»។

អ្នកស្រី ភឿង សកុណា លើកឡើងថា បើប្រជាជនកម្ពុជា ធ្វេសប្រហែសក្នុងការថែរក្សា សម្បត្តិវប្បធម៌ នឹងត្រូវបាត់បង់ក្នុងពេលណាមួយ។ អ្នកស្រី បន្តថា ពេលបាត់បង់អស់រយៈពេលយូរ សម្បត្តិវប្បធម៌ខ្មែរ ក៏នឹងត្រូវបាត់បង់អត្តសញ្ញាណដែរ ហើយពេលបាត់បង់អត្តសញ្ញាណ សម្បត្តិវប្បធម៌នោះ នឹងក្លាយទៅជារបស់ប្រទេសដទៃ។

អ្នកស្រី រំលេចឡើងទៀតថា សម្បត្តិវប្បធម៌អរូបី លំបាកថែរក្សាជាងសម្បត្តិវប្បធម៌រូបី ហើយចំពោះវប្បធម៌អរូបីនេះ បាត់បង់ត្រឹមតែមួយជំនាន់ទៅពីរជំនាន់ប៉ុណ្ណោះ នឹងមិនត្រឡប់មកវិញឡើយ។ ជាមួយគ្នានេះ អ្នកស្រី ថ្លែងថា កម្ពុជា ត្រូវបានចាត់ទុកជាព្រះរាជាណាចក្រវប្បធម៌ ដ្បិតកម្ពុជា មានសម្បត្តិវប្បធម៌ជាច្រើន ដែលដូនតាបានបន្សល់ទុកមក។

«ទ្រព្យច្រើនពិបាកថែ អ្នកខ្លះ មិនថែទៅទៀត ទៅជួយថែរបស់គេទៅវិញ»។ នេះជាប្រសាសន៍របស់អ្នកស្រីរដ្ឋមន្រ្តី៕

Tag:
 ភឿង សកុណា
  សិល្បករ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com