កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូប្រេស៊ីល ថាកីឡាករទុយនីស៊ីព្យាយាមធ្វើឱ្យ Neymar បាត់មុខពី World Cup
28, Sep 2022 , 8:29 pm        
រូបភាព
លោក Tite គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល និយាយចំៗទៅកាន់កីឡាករ Dylan Bronn របស់ទុយនីស៊ីថាបានព្យាយាមធ្វើឱ្យ Neymar JR មានរបួសអំឡុងការប្រកួតដែលប្រេស៊ីលលត់ទុយនីស៊ី ៥-១ ថ្ងៃទី២៧ ខែកញ្ញា។ ក្រោយប៉ះគ្នា ​Neymar ពិតជារងរបួសបន្តិចបន្តួច ខណៈ Tite ចោទខ្សែការពារទុយនីស៊ីរូបនេះមានបំណងធ្វើឱ្យ​ ​Neymar បាត់មុខពី World Cup 2022។



ប្រេស៊ីលស៊ុតប្រាំគ្រាប់លើទុយនីស៊ីដោយកីឡាករ ​Raphinha រកបាន២គ្រាប់ម្នាក់ឯង Neymar រកបាន១គ្រាប់ Richarlison ១គ្រាប់និង Pedro ស៊ុតបន្ថែម១គ្រាប់ គ្រាប់ទីប្រាំ។ ទុយនីស៊ីស៊ុតបាន ១គ្រាប់មកវិញតាំងពីនាទី១៨ ដោយកីឡាករ Montassar Talbi។ 
 
Neymar រកបាន១គ្រាប់បន្ថែមទៀតទល់ទុយនីស៊ីដែលជាគ្រាប់បាល់ទី៧៥ របស់គេក្នុងការបង្ហាញខ្លួនលើកទី១២០ ហើយរូបគេកំពុងខិតជិតតាមស្មើកំណត់ត្រារបស់លោក Pele ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីល។
 
ប៉ុន្តែខ្សែប្រយុទ្ធក្រុម Paris Saint Germain ត្រូវបានរងការប្រជែងបាល់ដ៏ខ្លាំងក្លាមួយក្នុងនាទី៤២ ពីសំណាក់ខ្សែការពារទុយនីស៊ី Dylan Bronn ដោយរូបគេបានលូកជើងទៅជែងបាល់ពេញមួយទំហឹង។ ក្រោយការប្រជែងបាល់នោះខ្សែការពារ Dylan Bronn ត្រូវបានអាជ្ញាកណ្តាលលោក ​Ruddy Buquet សញ្ជាតិបារាំងផ្តល់កាតក្រហមបណ្តេញចេញភ្លាមៗ។
ចំពោះកាយវិការទាំងនោះលោក Tite បាននិយាយចំៗសំដៅកីឡាករទុយនីស៊ីថា ជាការប៉ុនប៉ងដើម្បីធ្វើឱ្យកីឡាករណាម្នាក់ទៀតជាគូប្រជែងរងរបួស។ 
 
«ការប្រកួតនៅលើទីលាន យើងដឹងរួចហើយថាវានឹងក្លាយជាការប្រកួតប្រជែង ប៉ុន្តែខ្ញុំនឹកស្រមៃមិនដល់ថា ការប្រជែងបាល់ដែលបានកើតឡើងលើ Neymar នោះ ​​​​ជាកាយវិការដែលអាចធ្វើឱ្យកីឡារករម្នាក់ចាកចេញពីការប្រកួត ​World Cup។ យើងបានព្យយាមឱ្យក្រុមទាំងសងខាងលេងមានលក្ខណៈមិត្តភាពជាមួយក្រុមដែលមានវត្តមានក្នុង World Cup ព្រោះជាការប្រកួតដែលមានគំរិតខ្ពស់ និងបច្ចេកទេសព្រោះទុយនីស៊ី ៧ប្រកួតចុងក្រោយមិនទាន់ស្គាល់ចាញ់»។ លោក Tite បាននិយាយបែបនេះក្នុងសន្និសីទកាសែត។
 
សម្រាប់ប្រេស៊ីលដំណើរឆ្ពោះទៅ World Cup នាចុងឆ្នាំ ២០២២ នេះពួកគេមិនទាន់ស្គាល់បរាជ័យម្តងឡើងសម្រាប់ ១៥ប្រកួតចុងក្រោយមកនេះ មុនត្រូវទៅប៉ះក្រុមស៊ែប៊ី ស្វីស និងកាម៉េរូន ក្នុងពូល G៕
 
 
 

Tag:
 Brazil
  Neymar
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com