ជាតិ
សេដ្ឋកិច្ច
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចចូលជាធរមាននៅចុងខែវិច្ឆិកា
28, Sep 2022 , 10:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដេអូ កាលពិថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ រូបពី MOC ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តាមរយៈប្រព័ន្ធវីដេអូ កាលពិថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ រូបពី MOC ។
បើតាមសារព័ត៌មាន The Korea Times កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea Free Trade Agreement - CKFTA) ត្រូវបានរដ្ឋសភាកូរ៉េផ្តល់សច្ចាប័នរួចរាល់ហើយ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ អាចចូលជាធរមាននៅ៦០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលកូរ៉ ជូនដំណឹងផ្លូវការមកកម្ពុជា។



កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសទាំងពីរ ដែលបានទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ 
 
លោក​ ប៉ែន សុវិជាតិ ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមនាថ្ងៃទី២៨ កញ្ញា ថា កូរ៉េក៏ជាហត្ថលេខីរបស់កិច្ចព្រមព្រៀង RCEP ដែរ ប៉ុន្តែបន្ទាត់ពន្ធ, អត្រាពន្ធ, និងលក្ខខណ្ឌមួយចំនួនរបស់កូរ៉េ ដែលផ្តល់ឱ្យកម្ពុជានៅក្រោមកិច្ចព្រមព្រៀង RCEP នៅមានកម្រិតមិនទាន់ទូលាយ មិនដូចនៅក្រោមកិច្ចព្រមព្រៀងព្រម CKFTA ទេ។
 «ដូច្នេះ CKFTA នឹងបំពេញបន្ថែមនូវអ្វីដែលយើងមិនទាន់ទទួលបានក្រោម RCEP ហើយនាំអោយទីផ្សារកូរ៉េ ដែលយើងទទួលបានកាន់តែទូលាយថែមទៀត។ ដូច្នេះយើងរំពឹងទុកថាទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងខ្ពស់ជាងមុន»។ នេះជាការបញ្ជាក់របស់លោក សុវិជាតិ។
 
បើតាមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង ៩៥ភាគរយ ដែលក្នុងនោះកូរ៉េត្រូវលុបបំបាត់ពន្ធគយឱ្យនៅ ០ភាគរយ សម្រាប់មុខទំនិញជាង ៩២ភាគរយ នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។
 
បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ រួមមានផលិតផលកសិផលដូចជា ម្រេច, ចេក, គ្រាប់ស្វាយចន្ទី, ដំឡង, ម្នាស់, ដូង, កាហ្វេ, ផ្លែឈើ, ពោត, ,មៀន, ថ្នាំជក់, សាច់, ទំនិញវារីវប្បកម្ម កសិផលកែច្នៃដូចជា ស្ករស, ស្ករអំពៅ, សំបុកត្រចៀកកាំ, អាហារកែច្នៃពីអង្ករ កៅស៊ូធម្មជាតិ, សម្លៀកបំពាក់, វាយនភ័ណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ,  គ្រឿងបង្គុំ, គ្រឿងបន្លាស់, និងទំនិញឧស្សាហកម្មមួយចំនួនទៀត។ 
 
ចំណែកទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញរួមមាន សម្ភារៈអេឡិចត្រូនិក, រថយន្ត,  គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សាសម្ផស្ស (Cosmetics), អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់...។ 
 
លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ ចូលជាធរមាន វិនិយោគិនកូរ៉េជាច្រើន នឹងមកបណ្តាក់ទុននៅកម្ពុជា ដោយនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ជំរុញឱ្យមានការរីកចម្រើនលើវិស័យឧស្សាហកម្ម ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងប្រទេសកូរ៉េ។ 
 
បើតាមលោក គី សិរីវឌ្ឍន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ អាចជួយឱ្យកម្ពុជាជំរុញឧស្សាហកម្មបានលឿនជាងកិច្ចព្រៀមព្រម RCEP ព្រោះកម្ពុជាមិនមានទំនិញដូចបណ្តាប្រទេសផ្សេងៗ ដែលជាសក្តានុពលក្នុងការនាំចេញទៅកូរ៉េ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ៖« កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ គឺជាការធ្វើពិពិធកម្មទីផ្សារសម្រាប់កម្ពុជា ដែលកូរ៉េមិនត្រឹមតែផ្តល់ឱ្យកម្ពុជាដូចចិន​ ទៅលើវិស័យកសិកម្មប៉ុណ្ណោះទេ គឺកម្ពុជាមាននាំចេញ អង្ករ សម្លៀកបំពាក់ និងផលិតផលប្រើប្រាស់ផ្សេងៗទៅកាន់ប្រទេសកូរ៉េផងដែរ »។ 
 
បន្ថែមពីនេះ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា កម្ពុជាមានធនធានមនុស្សច្រើន ដែលបានទៅធ្វើការនៅប្រទេសកូរ៉េ ទាំងកម្មករជំនាញ និងអត់ជំនាញ​ ដូច្នេះពួកគេទាំងនោះ ក៏អាចវិលត្រឡប់មករកការងារនៅកម្ពុជាវិញ បានដោយងាយស្រួល នៅពេលចប់អាណត្តិការងារនៅទីនោះ។ វាក៏ជាការរួមចំណែកបង្កើតឱកាសការងារបន្ថែម ដើម្បីបំពេញតម្រូវការក្រុមហ៊ុនកូរ៉េ ដែលមកវិនិយោគនៅស្រុកខ្មែរដែរ។ 
 
បើតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងនេះមានចំនួន ១០ជំពូក មាន ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន ៩ ដែលគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ។ ក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យ និងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសានប្បញ្ញត្តិ។
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)នេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីរ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) បានចូលជាធរមាន កាលខែមករា ឆ្នាំ២០២២ ស្របពេលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានការចូលរួមប្រទេសចំនួន១៥ ។ ក្នុងនោះប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥គឺ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៥៥០លានដុល្លារ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំ ២០២២នេះ។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ មានតម្លៃជាង ១៥៦លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ៣៩៣លានដុល្លារ។ នេះបើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាយគយ និងរដ្ឋាករកម្ពុជា៕
 
 

Tag:
 សាធារណរដ្ឋកូរ៉េ ពាណិជ្ជកម្មសេរី
© រក្សាសិទ្ធិដោយ thmeythmey.com