កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ចង់មានគូប្រជែងកំពូលៗអមដំណើរចូលនិវត្តន៍ ដូច Roger Federer ដែរ
29, Sep 2022 , 8:29 am        
រូបភាព
កីឡាករវាយកូនបាល់ ​Novak Djokovic នៅថ្ងៃទី២៧ ខែកញ្ញាថា ចង់ឱ្យមានវត្តមានដៃគូប្រកួតប្រជែងដ៏ខ្លាំងៗរាប់ឆ្នាំចូលរួមអមដំណើរផ្តល់កម្លាំងចិត្តនៅថ្ងៃរូបគេចូលនិវត្តន៍ពីអាជីពកីឡាករ ឱ្យដូចថ្ងៃចូលនិវត្តន៍​របស់ Roger Federer អ៊ីចឹងដែរ។



នាការប្រកួតសប្តាហ៍មុននៃពានរង្វាន់ Laver Cup រូបភាពមួយរបស់ Roger Federer និង Rafa Nadal ដែលជាដៃគូប្រកួតប្រជែងគ្នាជាយូឆ្នាំមកហើយ បានអង្គុយជិតគ្នាហើយបានបង្ហូរទឹកភ្នែកដូចគ្នា ក្នុងថ្ងៃដែល Federer បង្ហាញខ្លួនចុងក្រោយក្នុងអាជីពជាកីឡាករវាយកូនបាល់។ 
 
រូបភាពនោះបានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ។ កីឡាករទាំងពីបានចាប់ដៃគ្នាប្រកួតវាយកូនបាល់ផ្នែកវាយកូនបាល់ជាក្រុម ពីរទល់ពីរ ដោយពេលនោះពួកគេបានចាញ់ក្នុងកីឡដ្ឋាន London’s O2 Arena។ Federer បញ្ចប់អាជីពរបស់ខ្លួនក្នុងវ័យ ៤១ឆ្នាំ និងកាន់កំណត់ត្រាជាម្ចាស់ជើងឯក Grand Slam ២០សម័យ។ 
 
នាថ្ងៃប្រកួតចុងក្រោយដែលកីឡាករសញ្ជាតិស្វ៊ីស Federer ត្រូវបញ្ចប់អាជីពនោះ ក៏មានការចូលរួមពីដៃគូប្រកួតប្រជែងលំដាប់កំពូលពិភពលោក២រូបផ្សេងទៀតផងដែរ រួមមាន Novak Djokovic និង Andy Murray។
 
Djokovic បាននិយាយក្នុងសន្និសីទកាសែតកម្មវិធីប្រកួត ​ATP 250 ថា៖ «វាពិតជារឿងដ៏រំជួលចិត្តខ្លាំងបំផុតមួយ នៅពេលឃើញកូនរបស់គាត់ [Federer ] និងគ្រួសាររបស់គាត់ចូលរួមការប្រកួតចុងក្រោយ។ ខ្ញុំកំពុងគិតថាតើរូបភាពពេលត្រូវបញ្ចប់អាជីពរបស់ខ្ញុំដូចនេះដែររឬទេ?។ ពិតណាស់ក្រុមគ្រួសារខ្ញុំនិងមនុស្សជិតស្និទ្ធខ្ញុំក៏មានដូចគ្នា ប៉ុន្តែខ្ញុំក៏ចង់ឱ្យដៃគូប្រកួតប្រជែងដ៏ធំរបស់ខ្ញុំមានវត្តមាននៅថ្ងៃបញ្ចប់អាជីពរបស់ខ្ញុំដូច Federer ដែរ»។ 
 
Djokovic កីឡាករសញ្ជាតិស៊ែប៊ី វ័យ៣៥ឆ្នាំ បច្ចុប្បន្នមិនទាន់មានដំណឹងណាមួយពីការចូលនិវត្តន៍ពីអាជីពជាកីឡាករវាយកូនបាល់នេះឡើយទេ។ នៅឆ្នាំ ២០២២ នេះ Djokovic បានខកខានការប្រកួតប្រជែងស្វែងរកពានរង្វាន់ Grand Slam លើកទី២២ របស់គេដោយសារបញ្ហាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ផងដែរ។ 
 
Rafa Nadal ដែលជាដៃគូប្រកួតប្រជែងរបស់ Federer និង Djokovic ជាកីឡាករតែម្នាក់ដែលកំពុងតែរក្សាកំណត់ត្រាជាកីឡាករវាយកូនបាល់ឈ្នះពានរង្វាន់ Grand Slam ២២លើកច្រើនជាងគេ ដោយនាំមុខ Djokovic ដែលគ្រងជើងឯក២១លើក៕
 
 

Tag:
 Novak Djokovic
© រក្សាសិទ្ធិដោយ thmeythmey.com