កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាម៉េរិក ថាអង់គ្លេសអាចឈ្នះ World Cup នៅកាតា
29, Sep 2022 , 9:29 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសមានទាំងសមត្ថភាព និងគុណភាពក្នុងការឈ្នះ FIFA World Cup ឆ្នាំ២០២២។ នេះបើតាមសម្តីលោក ​Gregg Berhatler គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិក។ 



សម្រាប់ការប្រកួត UEFA Nations League ដែលទើបកន្លងផុតទៅ អង់គ្លេសធ្វើមិនបានល្អឡើយ ដោយពួកគេរកបានត្រឹម៣ ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៦ លើក។ អង់គ្លេសត្រូវបានកាត់ចេញពីលីគគំរិត A ធ្លាក់ទៅលេងក្នុងលីគគំរិត B ​វិញនៃ UEFA Nations League ឆ្នាំក្រោយ។ តែទោះជាយ៉ាងនេះក្តី អង់គ្លេសនៅតែធ្វើឱ្យដៃគូប្រជែងមានភាពខ្លាចរអាចំពោះការប្រកួត World Cup ក្នុងពេលខាងមុខ ក្នុងនោះលោក Berhalter គ្រូក្រុមជម្រើសជាតិអាម៉េរិកក៏បានលើកឡើងពីគុណភាពរបស់អង់គ្លេសជាក្រុមអាចឈ្នះ World Cup ឆ្នាំនេះដែរ។
 
«វាជារឿងគួរឱ្យភ័យខ្លាចដែលយើងនឹងត្រូវប្រកួតប្រជែងជាមួយអង់គ្លេស។​ ទោះដឹងថាលំបាកខ្លាំងយ៉ាងណា យើងក៏នឹងស្វែងរកវិធីសាស្ត្របំបាក់ពួកគេ។ ខ្ញុំមិនដឹងឡើយថាតាមការគិតរបស់ខ្ញុំស្របដូចទៅអ្វីដែលជាភាពជាក់ស្តែង នៃកីឡាករឬអត់នោះទេ ផ្អែកតាមគុណភាពកីឡាកររបស់អង់គ្លេសពេលនេះពួគគេជាបេក្ខភាពមួយដែលអាចឈ្នះ ​World Cup នៅកាតា»។ លោក Berhalter បាននិយាយបែបនេះ។
 
រយៈកាលចុងក្រោយសម្រាប់ក្រុមតោកំណាចគិតចាប់តាំងពីឆ្នាំ ២០១៨ មក អាចរាប់បានថាជាក្រុមដ៏ខ្លាំងមួយមិនអាចមើលស្រាលបានឡើយ។ ឆ្នាំ ២០១៨ ដែលជាព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី ក្រុមអង់គ្លេសឆ្លងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកព្រឹត្តិការណ៍ UEFA Euro 2020 អង់គ្លេសក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយកាលនោះចាញ់ក្រោមថ្វីជើងអ៊ីតាលី។
 
ក្រុមអាម៉េរិកនឹងបង្ហាញវត្តមានខ្លួនជាថ្មីសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ ហើយអាម៉េរិកក៏ត្រូវបានចាប់ពូលស្ថិតក្នុងពូល B ដែលមានវត្តមានក្រុមខ្លាំងដូចអង់គ្លេស វែលស៍ និងអ៊ីរ៉ង់៕
 
 

Tag:
 England
  World Cup 2022
  Gregg Berhalter
© រក្សាសិទ្ធិដោយ thmeythmey.com